ភ្នំពេញ —រដ្ឋាភិបាល​កម្ពុជា​និង​ដៃ​គូអភិវឌ្ឍន៍​ពីរ​ផ្សេង​ទៀត​គឺ​ក្រុម​ហ៊ុន​ផ្តល់​សេវា​ដឹក​ជញ្ជូន​ Taxi Grab ​និង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ ​(UNDP)​ ​ក្នុង​សប្តាហ៍​នេះ​ បាន​ដាក់​ឲ្យ​ដំណើរ​ការ​ គម្រោង​ថ្មីមួយ​ឈ្មោះ​ថា «សម័យ»​ ឬ​គម្រោង​និរន្តភាព​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​សម្រាប់​គ្រប់​គ្នា​ ​មាន​រយៈ​ពេល​បី​ឆ្នាំ។​

Loading...

គោល​បំណង​រប​ស់​គម្រោង​«សម័យ‍»​នេះគឺ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ទាំង​គុណភាព និង​ការ​ចង​ក្រងទិន្ន​ន័យ​ចរាចរណ៍​ដែល​ចាំបាច់​សម្រាប់​ការ​បង្កើត​នូវ​គោល​នយោបាយ​ ​និង​ការ​វិនិយោគ​នានា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ក្នុង​ទីក្រុង​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ​ និង​និរន្តរភាព។​

លោក​ ​ស៊ុន ចាន់ថុល​ ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ ​និង​ដឹក​ជញ្ជូន ​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ ក្រោយ​ពិធី​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​គម្រោង​«សម័យ»​នេះ​ថា​ គម្រោង​នេះ​នឹង​ប្រើប្រាស់​ថវិកា​ចំនួន​៥០០.០០០​ដុល្លារ​ ​ដែល​ជា​ការ​ឧបត្ថម្ភ​របស់​ក្រុមហ៊ុន​ Taxi ​Grab​ ​តាម​រយៈ​កម្ម​វិធី​អភិវឌ្ឍន៍​អង្គការសហ​ប្រជាជាតិ ​(UNDP)។​ ​លោក​មាន​ប្រសាសន៍​ថា​ ​UNDP​ ​ផ្ទាល់​ក៏បាន​ផ្តល់​ថវិកា​អនុវត្ត​គម្រោង​«សម័យ»​ ដែល​នឹង​បើក​ផ្លូវ​ឲ្យ​រក​ឃើញ​ដំណោះ​ស្រាយ​ផ្សេងៗ​ ដើម្បី​ សម្រួល​ចរាចរណ៍​ ​កាត់​បន្ថយ​ការ​កក​ស្ទះ​ ក៏​ដូច​ជា​ពង្រឹង​ការ​យល់​ដឹង​អំពី​ការ​បើក​បរ​ប្រកប​ដោយ​សុវត្ថិភាព។​

«ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ចូលរួមជាមួយ​នឹង ​UNDP ​ជាមួយ​ Grab ​ដើម្បី​មើល​កិច្ចការ​ហ្នឹង ​នែ៎។​ ការ​កកស្ទះ​ចរាចរណ៍ ព័ត៌មាន​គាត់​មាន​ច្រើន​ណាស់ ខាង​ Grab។ ​អីចឹង​គាត់​ដឹង​ គាត់​ផ្តល់​មក​យើង​ ដើម្បី​យើង​យក​កិច្ចការ​ហ្នឹង​ យក​ទៅ​អនុវត្ត​ យក​ទៅ​សិក្សា​ ហើយ​រក​នីតិវីធី​ ដោះ​ស្រាយ​ការ​កក​ស្ទះ​ចរាចរណ៍​របស់​យើង​ផង​ដែរ»។​

លោក​ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រីក្រសួង​សាធារណៈ​ការ​ និងដឹក​ជញ្ជូន​ ថ្លែង​ជាមួយ​អ្នកកាសែត​កាល​ពីថ្ងៃ​ទី​ ៥ ខែ​មិថុនា​ ឆ្នាំ​ ២០១៨​ នៅក្រសួងក្រសួង​សាធារណៈ​ការ​ និងដឹក​ជញ្ជូន​ ក្នុងរាជធានី​ភ្នំពេញ​។ (ហ៊ុល រស្មី/VOA)

​យោង​តាម​សេចក្តី​ប្រកាស​រួមគ្នា​មួយ​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ក្រុមហ៊ុន​ ​Taxi Grab ​និង​ ​UNDP​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ស្ថានភាព​នៃ​នគរូបនីយ​កម្មនៅ​កម្ពុជា​ បាន​ជំរុញ​ឲ្យ​មាន​កំណើន​ប្រជាជន​ខ្ពស់​នៅ​ក្នុង​ទីក្រុង​ ហើយ​វាក៏​ជា​មូលហេតុនាំ​ឲ្យមាន​តម្រូវការ​កាន់​តែ​ខ្ពស់​នៃ​ការ​ធ្វើ​ដំណើរ ​និង​មធ្យោបាយ​ដឹក​ជញ្ជូន​ដែរ។​ ​តួយ៉ាង​ ​ក្នុង​រាជធានី​ភ្នំពេញ​ ចំនួន​រថយន្ត​ និង​ទោចក្រ​យានយន្ត​ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​ ជា​មធ្យម​មាន​កំណើន​ប្រមាណ​ជាង​ ​២០​ភាគរយ ​រៀងរាល់​ឆ្នាំ​ ហើយ​បច្ចុប្បន្ន​ មាន​ចំនួន​រហូត​ដល់​៤​លាន​៥​សែន​គ្រឿង​ បាន​ចុះ​បញ្ជី។

សេចក្តី​ប្រកាស​បានបញ្ជាក់​ទៀត​ថា​ ​ដំណើរការ​នគរូបនីយ​កម្ម​ និង​ការ​ប្រែប្រួល​អាកាស​ធាតុ​ជា​បញ្ហា​ពីរ​ដែល​មិន​អាច​ផ្តាច់​ចេញ​ពី​គ្នា​បាន​ ពីព្រោះ​៨០​ភាគ​រយ​នៃ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​បណ្តាល​ឲ្យមាន​កំណើន​កំដៅ​នៃ​ភព​ផែនដី ​គឺចេញ​មក​ពីក្រុង។​ បរិមាណ​ប្រមាណ​ជា​ពាក់​កណ្តាល​នៃការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នេះកើត​ចេញ​ពីការ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ​ផ្សេងៗ​ ក្នុង​ការ​ដឹក​ជញ្ជូន​ និង​ការ​ធ្វើ​ដំណើរ​ក្នុង​ទីក្រុង។​

លោក​ ​Nick Beresford​ ​នាយក​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ ​UNDP​ ​ត្រូវ​បាន​ស្រង់​ប្រសាសន៍​តាម​ន័យ​ដើម​ថា៖​

«”សម័យ”​ ឬ​គម្រោង​និរន្តភាពចរាចរណ៍​ក្នុង​ទីក្រុង​សម្រាប់​គ្រប់​គ្នា​នេះ​មាន​តួនាទី​លើស​ពី​អ្វី​ដែល​យើង​ហៅ​ថា ​ជា​ការ​ទទួល​ខុសត្រូវ​សង្គម​ (Corporate Social Responsibility) ​ទៅ​ទៀត​ ហើយ​វាផ្តល់​នូវ​ម៉ូដែល​ថ្មី​មួយ​សម្រាប់​ភាព​ជាដៃ​គួ​នៃ​វិស័យ​ឯកជន​ និង​សាធារណៈ​ ក្នុង​ការ​ងារ​អភិវឌ្ឍន៍​សង្គម។​ គម្រោង​នេះ​ក៏​ជា​វេទិកា​មួយ​ជួយ​គាំទ្រ​ដល់​ការ​បង្កើត​គោល​នយោបាយ​នានា​ ដែល​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​កាន់តែ​ច្រើន​លើ​ការ​អភិវឌ្ឍ​ទីក្រុង​ប្រកប​ដោយ​ចីរភាព»។​

លោក​ ​Russel Cohen​ ​នាយក​ប្រចាំ​តំបន់​ផ្នែក​ប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​ ​Grab​ ​ថ្លែង​ថា​ ​Grab​ ​មានឆន្ទៈ​រួមក្នុង​ការ​កាត់​បន្ថយការ​បំពុល​ខ្យល់​អាកាស​ ក៏ដូច​ជា​ការ​បង្កើន​សុវត្ថិភាព​ និង​ប្រសិទ្ធ​ភាព​នៃ​ចរាចរណ៍​តាម​ដង​ផ្លូវ។​

«ក្រៅពី​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ ​ Grab ​ក៏បាន​ប្តេជ្ញាផ្តល់​នូវ​ការ​គាំទ្រ​ផ្សេងៗ​ទៀត​ ដូច​ជា​ការ​ផ្តល់​អ្នក​ជំនាញ ​ការ​អភិវឌ្ឍ​ ​Software​ ​ការ​គ្រប់​គ្រង​ចរាចរ​ និង​ បុគ្គលិក​ធ្វើការ​តាម​ម៉ោង​ តាម​រយៈ​គម្រោង”សម័យ”»។

ក្រុមហ៊ុន​ ​Grab​ ​គឺជា​ក្រុម​ហ៊ុន​ផ្តល់​សេវា​ដឹក​ជញ្ជូន​ដោយ​ការ​ជួយ​ចេញ​ថ្លៃ​ចំណាយ​រវាង​អ្នក​បើក​បរ​ និង​អ្នក​ធ្វើ​ដំណើរ​ដ៏​ពេញ​និយម​មួយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ និង​បាន​ធ្វើ​ប្រតិបត្តិ​ការ​ក្នុង​ប្រទេស​ចំនួន​៨​នៅ​ក្នុង​តំបន់។​ ​នេះ​បើ​យោង​តាម​គេហ​ទំព័រ​ក្រុមហ៊ុន​ ​Grab។​

ក្រុមហ៊ុន​ ​Grab​ ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សឹង្ហបុរី​ បាន​ពង្រីក​សេវា​កម្ម​របស់​ខ្លួន​ពីការ​ជួយ​ចេញ​ថ្លៃ​ចំណាយ​រវាង​អ្នក​បើក​បរ​ និង​អ្នក​ធ្វើ​ដំណើរ​ផង​ដែរ​ ទៅ​ជា​ការ​បង់​ប្រាក់​ និង​ដឹក​ជញ្ជូន​អាហារ​តាម​ការ​បញ្ជា​ទិញ។ ​ក្រុមហ៊ុន​ Grab​ ដដែល​នេះ​បាន​ទិញ​យក​ជំនួញ​របស់​ក្រុម​ហ៊ុន​ ​Uber​ ​ដែល​បាន​ធ្វើ​ប្រតិបតិ្តការ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។​ ​Uber​ ​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ដឹក​ជញ្ជូន​តាម​ការ​ជួយ​ចេញ​ថ្លៃ​ចំណាយ​រវាង​អ្នក​បើក​បរ និង​អ្នក​ធ្វើដំណើរ​ផង​ដែរ។ ​នេះ​បើ​យោង​តាមក្រុមហ៊ុន​ផ្សព្វ​ផ្សាយ​របស់​សហ​រដ្ឋ​អាមេរិក​ ​CNBC។​

លោក​ ​ស៊ុន ចាន់ថុល​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ដឹក​ជញ្ជូន​ ​បាន​បញ្ជាក់​ ​VOA ​ថា​ គម្រោង​«សម័យ‍»​នេះ​ក៏​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្តនៅ​ខេត្ត​សៀមរាប​ និង​បន្ត​ពង្រីក​ដល់​ទីក្រុង​ផ្សេង​ទៀត​ផង​ដែរ។​

«Grab​ ​គាត់​បាន​ធ្វើ​ការ​នៅ​ភ្នំពេញ​ហើយ​ ហើយ​គាត់​ក៏​បាន​ធ្វើ​នៅ​សៀមរាប​ដែរ។​ នៅ​សៀមរាប គាត់ដំណើរការ​ ហើយ​គាត់​បាន​សហការ​គ្នា​ជាមួយ​រ៉ឺម៉ក​យើង Tuk-Tuk ​យើង​ហ្នឹង​ចំនួន​២០០​ហើយ​ នៅសៀម​រាប​ ហើយគាត់​នឹង​បន្ត​ទៅធ្វើ​នៅ​ក្រុង​ផ្សេងៗ​ទៀត»។​

លោក​ ​ទឹម ម៉ាឡៃ​ ​ប្រធាន​បណ្តាញ​យុវជន​កម្ពុជា​ ​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​រដ្ឋាភិបាល​ត្រូវ​មាន​ការ​បេ្តជ្ញាចិត្ត​ខ្ពស់​បំផុតដើម្បី​អនុវត្ត​គម្រោង​ថ្មី​នេះ​ជាមួយ​ដៃ​គូ​អភិវឌ្ឍន៍​ឲ្យ​បាន​ជោគ​ជ័យ។​

«ក្នុង​កំណែ​ទម្រង់ប្រទេស​កម្ពុជា​ ខ្ញុំ​មើល​ឃើញ​ថា​ ត្រូវការ​ពេល​វេលា​យូរ​ រយៈ​ពេល​វែង​ ដោយ​សារ​ការ​យល់​ដឹង​របស់​ពលរដ្ឋ​ ឬ​ក៏​គម្រោង​នេះ​អាច​មាន​ប្រសិទ្ធ​ភាព​ទៅ​បាន​ ​លុះត្រា​តែ​ មាន​ការ​ប្តេជ្ញា​ចិត្ត​ពី​រដ្ឋាភិបាល​ខ្ពស់​ណាស់​ ពី​ប្រមុខ​រដ្ឋាភិបាល​ ធានា​ថា​ ត្រូវ​អនុវត្ត​ឲ្យ​តឹង​រ៉ឹង​មែន​ទែន​ក្នុង​ដំណើរការ​នៃ​កំណែ​ទម្រង់​តាម​រយៈ​គម្រោង​នេះ​ ព្រោះ​យើង​មើល​ឃើញ​គម្រោង​ផ្សេងៗ​ទៀត​ជា​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​ កើត​មាន​ឡើង​ជាហូរ​ហែ​ ប៉ុន្តែប្រើ​ប្រាស់​ អត់​ទាន់​បាន​ពេញលេញ​ ហើយ​ជាប្រយោជន៍​ដល់​ពលរដ្ឋ។​ ប៉ុន្តែ​សង្ឃឹម​ថា​ គម្រោង​មួយ​នេះ​បាន​ធានា​ ឬ​ក៏​បង្ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ការបាត់​បង់​អាយុ​ជីវិត​របស់​អ្នកប្រើប្រាស់​តាម​ដងផ្លូវ​ ឬ​ក៏​ធានា​អំពី​ការ​ធ្វើ​ឲ្យ​មាន​ គេ​ហៅ​ថា​ សុវតិ្ថភាព​ដង​ផ្លូវ​ ឬ​ក៏​ការ​ប្រើ​ប្រាស់​ដង​ផ្លូវ​នេះ​ មាន​គុណភាព​ល្អ​ប្រសើរ​សម្រាប់​ថ្ងៃ​អនាគត។​ ​បើ​ប្រៀប​ធៀប​ទៅប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ី​ ​គេ​អាច​ធ្វើ​បាន​ល្អ​ ហើយ​យើង​សង្ឃឹម​ថា​ ដំណើរ​ការ​គម្រោង​មួយ​នេះ​ជា​ប្រយោជន៍​សម្រាប់​ប្រជាជាតិ​របស់​យើង»។​

មេ​ដឹកនាំ​បណ្តាញ​យុវជន​កម្ពុជា​រូបនេះ​យល់​ថា​ ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ក៏​ជា​កត្តា​ចាំ​បាច់​ដើម្បី​ធានា​នូវ​ការ​បើកបរ​ដោយ​សុវត្ថិភាព បន្ថែម​លើ​គម្រោង​ដែល​រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​នេះ។​

«សម្រាប់​ខ្ញុំ​ ជាអ្នកប្រើ​ប្រាស់​ដង​ផ្លូវ​មួយ​រូប​ដែរ ខ្ញុំ​មើល​ឃើញ​ថា​ ការ​អនុវត្ត​ច្បាប់​នេះ​ពុំ​ទាន់​ពេញ​លេញ​នៅឡើយ​ទេ​ ទាំង​មន្ត្រី​សាធារណៈ​ ឬក៏​មន្ត្រី​អនុវត្ត​ច្បាប់ ​ទាំង​ពលរដ្ឋ​ដែល​កំពុង​តែ​ រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង»។​

យោង​តាម​សេចក្តី​ប្រកាស​រួមគ្នា​មួយ​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ក្រុមហ៊ុន​ Grab ​និង ​UNDP ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ការ​អនុវត្ត​គម្រោង​‍«សម័យ‍»​ខាង​លើនេះ​ផ្តោត​ការ​គាំទ្រ​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធ​ភាព​នៃ​ចរាចរណ៍​ក្នុង​ទីក្រុង​សព្វ​ថ្ងៃ​ និង​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​រយៈ​ការ​ប្រមូលចងក្រង​ទិន្នន័យ​ចរាចរណ៍​ និង​គុណភាព​ខ្យល់​ក្នុង​ទីក្រុង​ភ្នំពេញ​ ការ​កាត់​បន្ថយ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ចរាចរណ៍​ក្នុង​ទីក្រុង​ តាម​រយៈ​វិធានការ​ពាក់​ព័ន្ធ​នឹង​ប្រេង​ឥន្ធនៈ​ និង​ការ​ប្រើ​ប្រាស់​យាន​យន្ត​បែប​បរិស្ថាន​ និង​ការ​លើក​កម្ពស់​ភាព​ច្នៃ​ប្រឌិត​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ចរាចរណ៍​ដោយ​ភាព​ឆ្លាត​វៃក្នុង​គោល​បំណងពន្លឿន​វឌ្ឍនភាព​ផ្នែក​សុវត្ថិ​ភាព​ និង​ចរាចរណ៍​សម្រាប់​គ្រប់​គ្នា៕ ប្រភព៖ VOA