ភ្នំពេញ — លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​នៅ​ថ្ងៃ​ពុធ​នេះ​ ​លើក​ឡើង​ថា​ ​ការ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ កុំ​ទៅ​បោះ​ឆ្នោត​ ​គឺ​ជា​ការ​ប្រឆាំង​នឹង​ព្រះ​មហា​ក្សត្រ​ ​ដែល​ទើបបាន​ចេញ​ព្រះ​រាជសារ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋទៅ​បោះ​ឆ្នោត។​

ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ-កម្មការិនី ​ក្នុង​ខេត្ត​កំពង់ចាម ​នៅ​ថ្ងៃ​ទី៦ ​ខែ​មិថុនា​ នេះ ​លោក​នាយក​រដ្ឋ​មន្រ្តីថ្លែង​ថា ​ការ​អំពាវនាវ​ដោយ​ប្រើ​ពាក្យ​ថា​«ដេក​ផ្ទះ​ឈ្នះ​ឯង» ​ដែល​ជន​មួយ​ចំនួន​បាន​និង​កំពុង​តែ​ធ្វើ​គឺ​ជា​ការ​ប្រឆាំង​នឹង​ព្រះ​រាជសារ​របស់​ព្រះ​មហា​ក្សត្រ​ និង​ថា ​ជា​បទ​ល្មើស​ពាន​វាំង។​

លោក​នាយក​រដ្ឋ​មន្រ្តីបញ្ជាក់​ថា៖​

«តើ​គេ​ហ៊ាន​ចេញ​មុខ​ប្រឆាំង​ជា​មួយ​ព្រះ​រាជសារ​ព្រះ​មហា​ក្សត្រ​ ឬ​ទេ? ​បើគេ​ចេញ​មុខ​ប្រឆាំង​ សូម​កុំ​ភ្លេច​ថា ​នេះ​ជា​ទោស​ពានវាំង​តែ​ម្តង​ ព្រោះ​ទង្វើ​បែប​នេះ​ច្បាស់​ណាស់​ថា ​ថ្ងៃ​ណា​មួយ​គេ​នឹង​បំផ្លាញ​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ​ និង​ប្រឆាំង​ព្រះ​មហា​ក្សត្រ​ ផ្តួល​រំលំ​រាជ​បល្ល័ង្ក​តែ​ម្តង»។​

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ​ដែល​បាន​ប្រើ​ពាក្យ​ព្រមាន​ជា​ច្រើន​ករណី​លើ​អ្នក​ដែល​មាន​បំណង​មិន​ទៅ​បោះ​ឆ្នោត ​ក៏​បានរិះគន់ពាក្យ«ដេក​ផ្ទះ​ឈ្នះ​ឯង»​ថា​ ជា​ការ​លើក​ឡើង​ដែល​មិន​សម​ហេតុ​ផល។​

លោក​និយាយ​ថា៖​

«ឥឡូវ​ខ្ញុំ​កំពុង​រង់ចាំ​មើល​របស់​ដែល​ហៅ​ថា​ «ដេក​ផ្ទះ​ឈ្នះ​ឯង»។​ វា​មិន​ដែល​ម៉ែ​អាណា​«ដេក​ផ្ទះ​ឈ្នះ​ឯង»​ទេវើយ!​ សូម្បីតែ​រក​អង្ករ​ច្រកឆ្នាំ​ង​ក៏​រក​មិន​បាន​ផង។​ វា​ទាល់តែ​ទៅ​ធ្វើ​ការ​ទើប​បាន​អង្ករ​ច្រកឆ្នាំង។​ វា​មិន​ដែល​បង្កើត​ទ្រឹស្តី​ម៉ែ​អាណា​«ដេក​ផ្ទះ​ឈ្នះ​ឯង»។​ គេ​សំដៅ​ទៅ​លើ​សិទ្ធិ​ពលរដ្ឋ​ដែល​អំពាវនាវ​កុំ​ឲ្យ​ប្រជា​ពលរដ្ឋចេញ​ទៅ​បោះ​ឆ្នោត។ ​ប៉ុន្តែ​ខ្ញុំ​រង់​ចាំ​មើល ​តើ​គេ​ប្រឆាំង​ចំពោះ​ព្រះ​មហា​ក្សត្រ ​វា​យ៉ាង​ម៉េច»?

ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ធ្វើ​ឡើង​ ​បន្ទាប់ពី​ព្រះ​មហា​ក្សត្រ​ព្រះ​បាទ​ នរោត្តម សីហ​មុនី ​បាន​ចេញ​ព្រះ​រាជសារ​មួយ​កាលពី​ថ្ងៃ​ទី១៨ ​ខែ​ឧសភា ​ឆ្នាំ​២០១៨ ​និង​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ ​នៅ​ថ្ងៃ​ទី៥​ ខែ​មិថុនា ​ឆ្នាំ​២០១៨ ​ដោយ​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា ​ឆ្នាំ​២០១៨ ​ខាង​មុខ ​គឺ​ជា​ការ​បោះ​ឆ្នោត​ជាទូ​ទៅ ​ជា​សកល ​ដោយ​សេរី ​ត្រឹម​ត្រូវ យុត្តិធម៌​ ស្មើ​ភាព ​និង​ដោយ​ភាព​សម្ងាត់។​ ព្រះ​អង្គ​បាន​បន្ថែម​ដោយ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋទាំង​អស់​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​អ្នក​ដឹក​នាំ​ប្រទេស​ ដើម្បី​ការ​អភិវឌ្ឍ ​និង​ការ​រីក​ចម្រើន​រុង​រឿង​គ្រប់វិស័យ ​ឲ្យ​បាន​គ្រប់ៗ​គ្នា។​

ព្រះ​មហា​ក្សត្រ​មាន​ព្រះ​រាជបន្ទូល​ក្នុង​ព្រះ​រាជសារ​តាមន័យ​ដើម​ថា៖​

«សូម​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​គាប​សង្កត់ ​ការ​គំរាម​កំហែង​ ឬ​សម្លុត​ពី​ជន​ណា​ម្នាក់ ​ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឲ្យ​សោះ។ ​ខ្ញុំ ​សូម​ជនរួម​ជាតិ​ទាំង​អស់ ​ប្រើ​សិទ្ធិ​សេរីភាព ​បោះ​ឆ្នោត​ទៅ​តាម​សតិសម្បជញ្ញៈ​របស់​ខ្លួន​ម្នាក់ៗ​ ដែល​មាន​ទំនុក​ចិត្ត​លើ​បេក្ខជន​ណា​ម្នាក់ ​គណ​បក្សនយោបាយ​ណា​មួយ​ ដោយ​សេរី»។​

ថ្មីៗ​នេះ​គេ​ឃើញ​អ្នក​នយោបាយ​ ទាំង​គណ​បក្សកាន់​អំណាច ​និង​គណ​បក្សប្រឆាំង​ បាន​បញ្ចេញ​វោហារ​សាស្រ្ត​រៀងៗ​ខ្លួន​ពាក់​ព័ន្ធនឹង​ការ​ទៅ ​ឬ​មិន​ទៅ​ចូល​រួម​បោះ​ឆ្នោត។​ បញ្ហានេះ បាន​និង​កំពុង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋមួយ​ចំនួន​មាន​ភាព​ស្ទាក់​ស្ទើរ​ក្នុង​ការ​សម្រេច​ចិត្ត​ថា ​ទៅ​បោះ​ឆ្នោត​ ឬ​អត់។​

លោក ​សម រង្ស៊ី ​អតីត​ប្រធាន​គណ​បក្សប្រឆាំង ​ដែល​កំពុង​ស្ថិត​នៅ​បរទេស ​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​កុំ​ទៅ​បោះ​ឆ្នោត ​ប្រសិន​បើ​មិន​មាន​ការ​ចូល​រួម​ពី​គណ​បក្សសង្គ្រោះជាតិ ​ដោយ​លោក​ថា ​ការ​បោះ​ឆ្នោត​ខាង​មុខ​ជាការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​សម្រាប់​បង្គ្រប់កិច្ច​ឲ្យ​គណ​បក្សកាន់​អំណាច​ដឹក​នាំ​ប្រទេស​តាម​របៀប​ផ្តាច់​ការ។ ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​បាន​ថត​រូប​ភ្ជាប់​នឹង​បដារ​ដែល​សរសេរ​ថា​«ដេក​ផ្ទះ ​ឈ្នះ​ឯង»​ និង ​«ខ្ញុំ​មិន​ទៅ​បោះ​ឆ្នោត​ទេ ​ព្រោះ​គ្មានគណ​បក្សដែល​ខ្ញុំ​ពេញ​ចិត្ត»​ ដោយ​បង្ហោះ​លើ​គណនី​របស់​ពួក​គេ​ជា​ដើម។​

ទាំង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​និង​រដ្ឋាភិបាល​កម្ពុជា ​បាន​ប្រកាស​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​ការ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋធ្វើ​ពហិកា​មិន​ទៅ​បោះ​ឆ្នោត​នេះ។​

ចំណែក​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន​ ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ ​និង​ទើប​ប្រកាស​ថា​ នឹង​បន្ត​កាន់​អំណាច​ត្រឹម​រយៈ​ពេល​១០ឆ្នាំ​ទៀត​នោះ ​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋទៅ​បោះ​ឆ្នោត​ ដោយ​ភ្ជាប់​នឹង​ការ​ព្រមានជា​បន្ត​បន្ទាប់​ថា ​ប្រសិន​បើ​អ្នក​មិន​ទៅ​បោះ​ឆ្នោត​ ហើយ​បែរ​ជា​យក​ទឹក​ខ្មៅ ​ឬ​ថ្នាំ​លាប​សក់​មក​លាប​លើ​ម្រាម​ដៃ​បន្លំ​ថា​ បាន​ទៅ​បោះ​ឆ្នោត ​នោះ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​មាន​ទោស។​

លោក​ សម រង្ស៊ី ​អតីត​ប្រធាន​គណ​បក្សប្រឆាំង ​ដែល​កំពុង​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋធ្វើ​ពហិកា​កុំ​ទៅ​បោះ​ឆ្នោត ​បាន​ប្រាប់ ​VOA ​តាម​រយៈសារ​អេឡិចត្រូនិច​ ឬ​អ៊ីមែល​ថា ​លិខិត​ដែល​ព្រះ​មហា​ក្សត្រ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋទៅ​បោះ​ឆ្នោត ​នៅ​ថ្ងៃ​ទី​២៩ ​ខែ​កក្កដា​ខាង​មុខ​អាច​ជា​លិខិត​ដែល​ធ្វើ​ឡើង​ក្រោម​ការ​គំរាម​កំហែង​ពី​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន។ ​លោក ​សម រង្ស៊ី ​បន្ថែម​ថា ​កាលពី​ឆ្នាំ​២០០៥ ​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន ​បាន​គំរាម​ព្រះ​មហា​ក្សត្រ​ថា​ ​នឹង​រំលាយ​រាជ​បល្ល័ង្ក​ ប្រសិន​បើ​ព្រះ​មហា​ក្សត្រ​មិន​យល់​ព្រម​ប្រថាប់​ត្រា​លើ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ក្នុង​រឿង​ព្រំដែន ​ដែល​អ្នក​រឹះគន់​អះអាង​ថា ​ ​បាន​កាត់​ទឹក​ដី​ឲ្យ​ទៅ​ប្រទេស​វៀត​ណាម ​ដែល​រួម​មាន​ទាំង​កោះ​ត្រល់​ផង។​

លោក​ សម រង្ស៊ី ​បញ្ជាក់ក្នុង​សម្រង់​ន័យ​ដើម​ថា៖​

«លិខិត​ព្រះ​មហា​ក្សត្រ​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋទៅ​បោះ​ឆ្នោត ​ថ្ងៃ​២៩ ​កក្កដា ​ខាង​មុខគឺ​ជា​លិខិត​ក្លែង​ក្លាយ​ទេ ​ឬ​ក៏​ជា​លិខិត​មួយ​ដែល​បាន​ធ្វើ​ឡើង​ក្រោម​ការ​គំរាម​កំហែង​ពីជន​ផ្តាច់​ការ ហ៊ុន សែន ​ដែល​ចេះ​តែ​ដើរ​គំរាម​កំហែង​អ្នក​ដទៃ ​មាន​ទាំង​ព្រះ​មហា​ក្សត្រ​ផង​ដែរ​ …។ ​សូម​បង​ប្អូន​ជន​រួម​ជាតិ​និង​ក្មួយៗ ​កុំ​ចាប់​អារម្មណ៍​ពី​លិខិត​ចុង​ក្រោយ​របស់​ព្រះ​មហា​ក្សត្រ​នេះ ​ពី​ព្រោះ​តាម​ផ្លូវ​ច្បាប់​ អ្វី​ដែល​ធ្វើ​ឡើង​ក្រោម​ការ​គំរាម​កំហែង​មិន​អាច​យក​ជា​ការ​បាន​ទេ»។​

ក្រុម​គណៈកម្មការ​ចំពោះ​កិច្ច​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ ​បាន​ចេញសេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃទី​៥ ​ខែ​មិថុនា ​ពី​រដ្ឋធានី​វ៉ាស៊ីងតោន ​សហ​រដ្ឋ​អាមេរិក​ ដោយ​ប្រកាស​ក្នុង​ន័យ​ដើម​ថា៖​

«អង្គប្រជុំ​បាន​សម្រេច ​រៀបចំ​ជំរុញ ​និង​លើក​ទឹក​ចិត្ត​ខ្មែរ​ ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស ​ធ្វើ​យុទ្ធនាការ​មិន​ទទួល​ស្គាល់​ការ​បោះឆ្នោត​ក្លែង​ក្លាយ។​

កាលពី​ខែ​កុម្ភៈ​កន្លង​ទៅ ​មាត្រា​មួយ​ចំនួន​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ ដែល​ពាក់​ព័ន្ធនឹង​ការ​ការពារ​ព្រះ​មហា​ក្សត្រ​ ត្រូវ​បាន​ធ្វើ​វិសោធន​កម្ម ​ដោយ​មាន​ចែង​ដាក់​ទោស​អ្នក​ប្រមាថ​ព្រះ​មហា​ក្សត្រ​ឲ្យ​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំ​ដល់​៥​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀន​ដល់​១០​លាន​រៀល។​

លោក​ សុក សំអឿន ​មេធាវី​ជើង​ចាស់​មួយ​រូប​ដែល​តែង​ការពារក្តី​ពាក់​ព័ន្ធនឹង​សិទ្ធិ​មនុស្ស​ ប្រាប់ ​VOA​ ថា ​ការ​អំពាវនាវ​របស់​ព្រះ​មហា​ក្សត្រ​មិន​មែន​ជាការ​បញ្ជា ​ឬ​ការ​ចាប់​បង្ខំ​ឲ្យ​ប្រជា​ពលរដ្ឋ​ត្រូវ​តែ​ធ្វើ​តាម​នោះ​ទេ។ ​លោក​បន្ថែម​ថា ​ការ​អំពាវនាវ​ណា​មួយ​ដែល​ផ្ទុយ​ពី​ការ​អំពាវនាវ​របស់​ព្រះ​មហា​ក្សត្រ​ក្នុង​ករណី​នេះ​ក៏​មិន​មែន​ជាការ​ប្រឆាំង​នឹង​ព្រះ​មហា​ក្សត្រ​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ការ​អំពាវនាវ​របស់​ព្រះ​មហា​ក្សត្រ​ មិន​មែន​ជា​សេចក្តី​សម្រេច​ឯ​ណា​ ​ព្រោះ​អំពាវនាវ​មាន​ន័យ​ថា​ ​គ្រាន់​តែ​ស្នើ​សុំ​ឲ្យ​អ្នក​បោះ​ឆ្នោត​ទៅ​បោះ​ទេតើ។​ ពាក្យ​ប្រឆាំង​ដែល​ជា​បទ​ល្មើស​លុះត្រា​តែ​ចង់​រំលាយ ​ឬ​រំលំរបប​រាជា​និយម ​ឬ​ក៏​បើ​សិន​ជា​ព្រះ​មហា​ក្សត្រ ជាសេចក្តី​សម្រេច​របស់​ព្រះ​អង្គ​ ហើយ​យើង​ទៅ​ប្រឆាំង​នឹង​សេចក្តី​សម្រេច​ អា​ហ្នឹង​បាន​ជា​ការ​ប្រឆាំង»។​

កម្ពុជា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៦​ នៅ​ថ្ងៃ​ទី​២៩ ​ខែ​កក្កដា ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ​ដោយ​មិន​មាន​គណ​បក្សសង្គ្រោះជាតិ ​បន្ទាប់ពី​គណបក្សនេះ​ត្រូវ​បានតុលាការ​កំពូល​រំលាយ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ​ដោយ​ចោទ​ថា​ បាន​ឃុបឃិត​ជា​មួយ​បរទេស ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន។​

ក្រោយ​ការ​រំលាយ​គណ​បក្សប្រឆាំង​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំងប្រទេស​នេះ​ គេ​ឃើញ​អង្គការ ​និង​ស្ថាប័ន​ជាតិ ​អន្តរជាតិ​មួយ​ចំនួន ​បង្ហាញ​ការ​បារម្ភ​ថា ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​មិន​មាន​តម្លាភាព​ និង​មិន​យុត្តិធម៌។​

យ៉ាង​ណា​ក៏​ដោយ ​ទាំង​គ.ជ.ប. ​និង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ សុទ្ធ​តែ​បាន​លើក​ឡើង​ថា ​ការ​បោះ​ឆ្នោត​នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក ​បើ​ទោះ​ជា​មិន​មាន​វត្តមាន​របស់​គណ​បក្សសង្គ្រោះជាតិ ​មិន​មាន​ការ​ចូល​រួម​សង្កេត​ការណ៍​របស់​ក្រុម​សង្គម​ស៊ីវិល​ និង​មិន​មាន​ការ​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​ពី​បណ្តា​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​មួយ​ចំនួន​ក៏​ដោយ៕ ប្រភព៖ VOA