មេដឹកនាំ​អភិរក្ស​និយម​នៃ​គណបក្ស​ប្រឆាំង​ចម្បង​បំផុត​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​និយាយ​ប្រឆាំង​នឹង​កិច្ច​ប្រជុំ​ដែល​នឹង​ចូល​មក​ដល់​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កូរ៉េ​ខាង​ជើង។

Loading...

មេដឹកនាំ​រូប​នេះ​ក៏​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ថា ការ​ពិចារណា​បែប​នយោបាយ​កំពុង​ធ្វើ​ឲ្យ​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In ធ្វើ​ការ​សម្របសម្រួល​បញ្ហា​សន្តិសុខ​រួម​ជាមួយ​នឹង​ការ​សន្យា​បោក​ប្រាស់​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un រឿង​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ។

លោក Hong Joon Pyo ប្រធាន​គណបក្ស​សេរីភាព​កូរ៉េ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​មាន​ទុទ្ទិដ្ឋិនិយម​អំពី​ការ​ពិភាក្សា​រវាង​លោក Trump និង​លោក Kim Jong Un។ មធ្យោបាយ​តែ​មួយ​គត់​សម្រាប់​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ការ​រក្សា​របប​ដឹកនាំ​របស់​ខ្លួន​ឲ្យ​បន្ត​ទៅ​មុខ គឺ​មានតែ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​តែ​មួយ​មុខ​គត់។ នៅ​ពេល​ណា​ដែល​កូរ៉េ​ខាង​ជើង​លះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ហើយ​នៅ​ពេល​ណា​ដែល​កូរ៉េ​ខាង​ជើង​បើក​ចំហ​ឲ្យ​មាន​ការ​កែ​ទម្រង់ នៅ​ពេល​នោះ​របប​ដឹកនាំ​របស់​លោក Kim Jong Un នឹង​ដួល​រលំ​ជាក់​ជា​មិន​ខាន»។

នៅ​ថ្ងៃ​ទី ១២ ខែ​មិថុនា​ខាង​មុខ​នេះ លោក Trump និង​លោក Kim Jong Un នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ដើម្បី​ព្យាយាម​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​មួយ​ដើម្បី​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​នូវ​ការ​លើក​ទឹក​ចិត្ត​ផ្នែក​សេដ្ឋកិច្ច និង​ការ​ធានា​សន្តិសុខ​សម្រាប់​ប្រទេស​នេះ។

លោក Hong Joon Pyo ព្រួយ​បារម្ភ​ថា លោក Trump អាច​ពិចារណា​ចំពោះ​កិច្ច​ព្រមព្រៀង​មួយ​ដែល​គ្រាន់តែ​បញ្ចប់​កម្មវិធី​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប​របស់​កូរ៉េ​ខាង​ជើង​ឲ្យ​បាន​ឆាប់ ប៉ុន្តែ​ទុក​បញ្ហា​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ដោះស្រាយ​នៅ​ពេល​ក្រោយ៕ ប្រភព៖ VOA