បើ​តាម​ទិន្នន័យ​មន្ទីរ​គយ​នៃ​ប្រទេស​ចិន​ដែល​បាន​ត្រូវ​បោះ​ពុម្ព​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះបាន​ឲ្យ​ដឹង​ថា ផល​លើស​ផ្នែក​ពាណិជ្ជកម្ម​របស់ប្រទេស​ចិន​ជាមួយ​ស.រ.អា.​បាន​កើន​ឡើង​ដល់​២៤,៥៨​ពាន់​លាន​ដុល្លារ​ក្នុង​ខែ​ឧសភា​ ដោយ​កើនពី​ចំនួន​២២,១៥​ពាន់​លាន​ដុល្លារ​ក្នុង​ខែ​មេសា។

ការ​ដឹក​ជញ្ជូន​ទំនិញ​ចិន​ទៅ​លក់​ឯ​ប្រទេស​ក្រៅ​ក្នុង​ខែ​ឧសភា​មាន​១២,៦​ភាគរយ​ដោយចុះ​បន្តិច​ពី​១២,៩​ភាគ​រយ​ក្នុង​ខែ​មេសា ក៏ប៉ុន្តែ​លើស​ពី​ចំនួន​១០​ភាគ​រយ​ដែល​ពួក​អ្នក​សេដ្ឋសាស្ត្រ​ស្ទង់​មតិ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters​ បាន​ទស្សន៍​ទាយ។

ការ​ដឹកជញ្ជូន​ទំនិញ​ចូល​ក្នុង​ប្រទេស​ចិន​ក៏​បាន​កើន​ឡើង​ដែរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កាល​ពី​ខែ​ឧសភា​ ដោយ​កើន​ឡើង​២៦​ភាគរយ។

នៅ​ក្នុង​រយៈ​ពេល​៥ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ ផល​លើស​ពាណិជ្ជកម្ម​នៃ​ប្រទេស​ចិន​ជាមួយ​ស.រ.អា.​មាន​ចំនួន​១០៤,៨៥​ពាន់​លាន​ដុល្លារ។

ប្រទេស​ទាំង​ពីរ​នេះ​បាន​គំរាមកំហែង​ថា​នឹង​បង្កើន​ពន្ធដារ​ចំនួន​១៥០​លាន​ដុល្លារ​លើ​ទំនិញ​នៃ​ប្រទេស​នីមួយៗ ​នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំងបើក​ចំហ​សេដ្ឋកិច្ច​ខ្លួន​ថែម​ទៀត​និង​ដោះ​ស្រាយ​បញ្ហា​ឱន​ភាព​ពាណិជ្ជកម្ម​យ៉ាង​ច្រើន​របស់​ស.រ.អា.​ជាមួយ​ប្រទេស​ចិន។

កាល​ពី​ពេល​មុន​នេះ​ក្នុង​សប្តាហ៍​នេះ​ ប្រទេស​ចិន​បាន​ព្រមាន​ស.រ.អា.​ថា​កិច្ច​ព្រម​ព្រៀង​ខាង​ពាណិជ្ជកម្ម​និង​ខាង​ជំនូញ​រវាង​ប្រទេស​ទាំង​ពីរ​«នឹង​មិន​ចូល​ជា​ធរមាន​ទេ»​ប្រសិន​បើ​ការ​គំរាម​កំហែង​របស់​លោក ត្រាំ ​ថា​នឹង​បង្កើន​ពន្ធដារ​និង​ចាត់​វិធានការ​ឯទៀតៗ​លើ​ទំនិញ​ចិន​នោះ​ នឹង​ត្រូវ​អនុវត្ត​ពិត​មែន៕ ប្រភព៖ VOA