ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Poutine ​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ បាន​ទទួល​មេដាយ​មិត្តភាព​ជា​លើក​ទីមួយ ​ពី​សំណាក់​ប្រទេស​ចិន​ដែល​ប្រគល់​ជូន​ដោយ​លោក​ប្រធានាធិបតី​ Xi Jinping ។ ការ​ប្រគល់​មេដាយ​មិត្តភាព​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ខណៈ​ដែល​ប្រទេស​ទាំង​២ ចិន​និង​រុស្ស៊ី​ បាន​ខិត​ខំ ​រិត​ចំណង​មិត្តភាព​នឹង​គ្នា នៅ​ក្នុង​​ការ​ប្រឈម​នឹង​បញ្ហា​នានា ​នៅចំពោះមុខ​ ​អាមេរិកមួយ​​របស់​​លោក​Donald Trump។

ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន បាន​ទទួល​កិត្តិយស​គ្រប់​សព្វ​​ពី​សំណាក់​ទីក្រុង​ប៉េកាំង​នៅ​នា​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការណ៍​មួយ​របស់​លោក​​នៅ​ក្នុង​ប្រទេស​ចិន។ ជា​ដំណើរ​ទស្សនកិច្ច​​ដែល​លោក ពូទីន​​​ត្រូវ​បន្ត​រហូត​ដល់​ថ្ងៃ​សៅរ៍​នេះ​និង​ថ្ងៃ​អាទិត្យ​ស្អែក​ទៀត​នៅ តំបន់ Qingdao ភាគ​ខាង​កើត​ប្រទេស​ចិន។ នៅទីនោះ លោកពូទីន ត្រូវ​ចូល​រូម​នៅ​ក្នុង​ជំនួប​កំពូល​នៃ​អង្គការ​សហប្រតិបត្តិការ​សៀងហៃ (OCS) ​របស់​បណ្តា​ប្រទេស​អាស៊ី​។ ម្យ៉ាងទៀត ជំនួប​កំពូល​នេះ ត្រូវ​​ប្រព្រឹត្ត​ទៅ​នៅ​ដំណាល​គ្នា​នឹង​ជំនួប​កំពូល​​G 7 ​របស់​បណ្តា​ប្រទេស​លោក​ខាង​លិច​ដែល​រួម​ប្រជុំ​គ្នា​នៅ​ប្រទេស​កាណាដា(Canada)។

សូមបញ្ជាក់ថា មេដាយ​លើក​កិត្តិយស​ជនបរទេស​នេះ ជា​មេដាយ​ដែល​ចិន ត្រូវ​ជូន​ដល់​ជនបរទេស​ណា​មួយ​ដែល​បាន​ចូល​រួម​ចំណែក​ដ៏​ពិសេស​នៅ​ក្នុង​ដំណើរការ​ធ្វើ​ទំនើបកម្ម​សង្គម​និយម​របស់​ប្រទេស​ចិន​និង​ក៏​នៅ​ក្នុង​ប្រទេស​ដ៏ទៃ​ផ្សេងទៀតដែរ​នៅ​ក្នុង​ពិភពលោក រួមទាំង​កិច្ច​ការពារ​រក្សាសន្តិភាព​ពិភពលោកផងដែរ​-នេះបើយោង​តាម​ការ​លើក​បញ្ជាក់​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ថ្មី។

នៅ​នា​ឱកាស​សន្ទនា​ជា​ទ្វេរភាគី​ជាមួយ​លោក ពូទីន​នោះ ប្រធានាធិបតី​ចិន បាន​សម្តែង​ការ​អបអរ​សាទរ​ដោយបានធានា​អះអាង​ថា បើ​ទោះបី​ជា​ស្ថានការណ៍​អន្តរជាតិ មាន​ការ​​ប្រែប្រួល​យ៉ាង​ណា​ក្តី ក៏​ប្រទេស​ទាំង​ពីរ ចិន​និង​រុស្សី នៅតែ​ចាត់​ទុក​ជានិច្ច​ថា ការ​ពង្រីក​ទំនាក់​ទំនង​រវាង​​ចិន​និង​រុស្ស៊ី គឺ​​ជា​​បញ្ហា​អាទិភាព​មួយ​របស់ប្រទេសខ្លួន។​

គួរកត់សម្គាល់ថា ប្រមុខ​ដឹកនាំ​មហា​អំណាច​ទាំង​ពីរ​ប្រទេស​រុស្ស៊ី​និង​ចិន ​នា​អំឡុង​ប៉ុន្មាន​​ខែ​ចុង​ក្រោយ​នេះ បាន​ខិត​ជិត​ចូល​គ្នា​ដើម្បី​ពួតកម្លាំងគ្នា ក្នុងការ​ប្រឈម​មុខ​ទល់​នឹង​ការ​ទិតៀន​របស់​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ត្រំ។ លោក​ដូណាល់ត្រំ​ដែល​មើល​ឃើញ​ទីក្រុង​ប៉េកាំង​និង​មូស្គូ​ ថា​ជាប្រទេស​​គូ​ប្រជែង​ដ៏​ខ្លាំងក្លាបំផុត​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក៏ព្រមទាំង ​គំរាម​ដល់​ផលប្រយោជន៍​និង​តម្លៃ​របស់​អាមេរិកផងទៀត៕​​ ប្រភព៖ RFI