វ៉ាស៊ីនតោន —អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​កំពុង​តែ​បង្កើន​សកម្មភាព​ទាមទារ​ឱ្យ​ប្រទេស​ជប៉ុន​ដក​ការគាំទ្រ​ចេញពីគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដើម្បី​កុំ​ផ្តល់​ភាព​ស្របច្បាប់​ដល់​ការបោះឆ្នោត​សាកល​ក្នុង​ពេល​ខាងមុខ។

អ្នកគាំទ្រ​នៅ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កាណាដា​គ្រោងធ្វើ​បាតុកម្ម​ថ្មី​មួយ​ទៀត​នៅ​ថ្ងៃទី​១៦​ខែ​មិថុនា​នេះ​បន្ទាប់​ពី​បាន​ធ្វើ​បាតុកម្ម​លើក​ទីមួយ​កាលពី​ដើម​ខែ​នេះ។ រីឯ​អ្នកគាំទ្រ​នៅ​ប្រទេស​ជប៉ុន ​កូរ៉េ​ខាងត្បូង​និង​សហគមន៍​អឺរ៉ុប​ក៏​គ្រោង​នឹង​រៀបចំ​បាតុកម្ម​បន្តបន្ទាប់​ដែរ​នៅ​ក្នុង​ខែ​មិថុនា​នេះ។ ​

លោក​ អេង ឆៃអ៊ាង​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បានបញ្ជាក់​ប្រាប់​វីអូអេ​ថា​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​ថ្មី​ក្នុង​ការដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ទាំង​នៅក្នុង​ប្រទេស​និង​លើ​ឆាក​អន្តរជាតិ​ខណៈដែល​វិបត្តិ​នយោបាយ​នៅ​បន្ត​អូស​បន្លាយ។

លោក​បាន​បន្ថែម​ថា៖​

«យើង​បាន​ដឹង​ទាំងអស់​គ្នា​ហើយ​ថា​ជប៉ុន​បាន​ប្រឹងប្រែង​ខិតខំ​ដើម្បី​ជួយ​រក​ដំណោះស្រាយ​នយោបាយ​ហើយ​មក​ដល់​ពេល​នេះ​អ្វី​ដែល​ជា​ការប្រឹងប្រែង​របស់​ជប៉ុន​អត់​ទាន់​បាន​ជោគជ័យ​ទោះ​បី​ថា​របបលោក​ហ៊ុន​សែន​មិន​យកចិត្ត​ទុកដាក់​អ្វី​ដែលជា​សំណើ​របស់​រដ្ឋាភិបាល​ជប៉ុន។ អីចឹង​ហើយ​បាន​បងប្អូន​សហគមន៍​ខ្មែរ​យើង​ដែល​មិន​អាច​ទទួល​យក​បាន​ការបោះឆ្នោត​ក្លែង​ក្លាយ​ហ្នឹង​ដែល​សហគមន៍​ខ្មែរ​ជាពិសេស​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​ហ្នឹង​គឺ​បាន​រួមគ្នា​តស៊ូ​មតិ​តាម​រយៈ​ការធ្វើ​បាតុកម្ម‍»។

រូបឯកសារ៖ អនុប្រធានគណបក្ស​សង្រ្គោះជាតិ​ លោក​អេង ឆៃអ៊ាង ថ្លែង​ទៅ​កាន់​បាតុករនៅ​ពី​មុខ​ស្ថានទូតកម្ពុជា ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​អាទិត្យ ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការបោះឆ្នោត​ជាតិ​នៅថ្ងៃទី​២៩ខែ​កក្កដា​ដោយ​មិន​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុន្តែ​មាន​គណបក្ស​នយោបាយ​ចំនួន​២០​បាន​ចុះ​ឈ្មោះ​ប្រកួត។ ក្នុង​ចំណោម​នេះ​ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​កាន់អំណាច​ជិត​៤០ឆ្នាំ​គឺ​គណបក្ស​ដទៃ​ទៀត​មិន​បាន​ឈ្នះអាសនៈ​នៅក្នុង​រដ្ឋ​សភា​ជាតិ​កាលពី​ការបោះឆ្នោត​ឆ្នាំ​២០១៣​ទេ​រីឯ​គណបក្ស​មួយ​ចំនួន​ទៀត​ទើបតែ​បង្កើត​ថ្មី។

លោក ​អ៊ុង រិទ្ធី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​អាមេរិក​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​បាតុកម្ម​របស់​សហគមន៍​ខ្មែរ-អាមេរិកាំង​និង​កាណាដា​លើក​ទីពីរ​នឹង​រៀបចំ​នៅ​ទីក្រុង​ញ៉ីវយ៉ក​នៅក្បែរ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​ជប៉ុន។

លោក​ រិទ្ធី​បាន​បញ្ជាក់​បន្ថែម​ថា៖

«ពោល​គឺ​យើង​ដឹង​ហើយ​ថា​ការបោះឆ្នោត​មិន​ត្រឹមត្រូវ​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ទី​២៩​ខែ​កក្កដា​ដោយ​សារ​តែ​ជំហរ​របស់​ជប៉ុន​គាំទ្រ​ការបោះឆ្នោត​របស់​រដ្ឋាភិបាល​លោក​ហ៊ុនសែន។ ម្ល៉ោះ​ហើយ​យើង​ធ្វើ​បាតុកម្ម​នៅ​ស្ថាន​បេសកកម្ម​ជប៉ុន​នៅ​អង្គការ​សហប្រជាជាតិ​គឺ​សម្តែង​ឱ្យ​ដឹង​ថា​យើង​មិន​គាំទ្រ​ការសម្រេច​ចិត្ត​របស់​ជប៉ុន​ហើយ​ចង់​រុញ​ច្រាន​ជប៉ុន​ឱ្យ​ដក​សេចក្តី​គាំទ្រ​ចេញ​ដើម្បី​រុញ​ច្រាន​រដ្ឋាភិបាល​លោក​ហ៊ុន​សែន​គោរព​តាម​លទ្ធិ​ប្រជាធិបតេយ្យ​ឱ្យ​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ការបោះឆ្នោត‍»។

រូបឯកសារ៖លោក អ៊ុង រិទ្ធី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក​ កំពុង​បំពេញ​ទស្សនកិច្ច​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន ដើម្បី​ជួប​ជាមួយ​មន្ត្រី​អាមេរិកាំង និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ កាលពី​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។ (សាយ មុន្នី/VOA)

នៅ​ប្រទេស​ជប៉ុន​បាតុកម្ម​នឹង​ត្រូវ​រៀបចំ​ឡើង​នៅថ្ងៃ​អាទិត្យ​ទី​១៧ខែមិថុនា។

លោក ​ហៃ វណ្ណា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​ជប៉ុន​បាន​បញ្ជាក់​ពីគោល​បំណង​នៃ​ការ​ទាមទារ​នេះ​ថា៖

«ទីមួយ​គឺ​យើង​តែងតែ​ថ្លែង​អំណរ​គុណ​ដល់​រដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន​ដែល​ជួយ​ឧបត្ថម្ភ​ប្រជាជន​កម្ពុជា​យើង​ហើយ​នឹង​ប្រទេស​កម្ពុជា​យើង​ជារៀង​រហូត​មក។ ទីពីរ​គឺ​យើង​ស្នើ​សុំ​ឱ្យជប៉ុន​បញ្ឈប់​ជា​បន្ទាន់​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ពីព្រោះ​យើង​គិត​ថា​ការបោះឆ្នោត​នេះ​មិន​មាន​ភាព​សេរី​និង​យុត្តិធម៌​ទេហើយ​ទីបី​យើង​ស្នើ​សុំ​ឱ្យ​ជប៉ុន​ប្រកាស​ជាផ្លូវ​ការ​ថា​មិន​ទទួល​ស្គាល់​ការបោះ​ឆ្នោត​ហ្នឹង​ទេ​ហើយ​បួន​យើង​ចង់​ឱ្យ​ជប៉ុន​ត្រៀម​ខ្លួន​ក្នុង​ការ​បដិសេធ​លទ្ធផល​នៃ​ការបោះឆ្នោត​ក្លែង​ក្លាយ​ហើយ​ទីប្រាំ​យើង​ចង់​ឱ្យ​ជប៉ុន​រៀបចំ​រឹតបន្តឹង​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល​ទាំងឡាយ​ណា​ដែល​ធ្វើ​ឱ្យ​ខូច​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជាហើយ​នឹង​មន្ត្រី​ជាន់​ខ្ពស់​ណា​ដែល​កំពុង​តែ​គាប​សង្កត់​លើ​សិទ្ធិមនុស្ស​នៅ​កម្ពុជា»។

រីឯនៅ​បាតុកម្ម​នៅសហគមន៍​អឺរ៉ុប​នឹង​មាន​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ជាមួយ​នឹងអ្នកគាំទ្រ​ផង​ដែរ។

លោក​ ថៃ​ មករា ​អ្នកសម្រប​សម្រួល​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​សហគមន៍​អឺរ៉ុប​បាន​បញ្ជាក់​ថា៖​«យើង​ទៅ​ហ្នឹង​មិន​មែន​យើង​ទៅប្រឆាំង​នឹង​ជប៉ុន​ទេ​គឺ​យើង​ទៅ​សុំ​អង្វរ។ យើង​ទៅ​សុំ​ឱ្យ​ជប៉ុន​ជួយ​ដូច​ពាក្យ​ស្លោក​របស់​យើង​គឺថា​«ជប៉ុន​ជួយ​ប្រជាជន​ខ្មែរ‍»​ «ជប៉ុន​ជួយ​លទ្ធិ​ប្រជាធិបតេយ្យ​ស្រុក​ខ្មែរ‍»។ ដូច្នេះ​យើង​មិន​មែន​សុំ​ឱ្យ​គាត់​ផ្តាច់​ជំនួយ​វិនិយោគ​ទុន​ផ្សេងៗ​ទេ​គឺ​សុំ​ឱ្យ​គាត់​ដក​ជំនួយ​ហិរញ្ញ​វត្ថុ​ការបោះឆ្នោត»។

លោក​ មករា​បាន​បន្ថែម​ថា​ជំនួយ​របស់​ជប៉ុន​ជាការ​ផ្តល់​ភាព​ស្របច្បាប់​ដល់​ការ​បោះឆ្នោត​នេះ​ប៉ុន្តែ​ផ្ទុយ​នឹង​ឆន្ទៈ​របស់​ពលរដ្ឋ​ជាង​៤០ភាគរយ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ៖

«បើសិនជា​ជប៉ុន​នៅ​បន្ត​សង្កេតការណ៍​ឬ​ជួយ​ក្នុង​គ.ជ.ប​ផ្នែក​ការបោះឆ្នោត​ហ្នឹង​វាហាក់​ដូច​ជា​ជួយ​ដល់​រដ្ឋាភិបាល​ដែល​កើត​ក្រោយ​ហ្នឹង​ស្របច្បាប់​ពីព្រោះ​ជប៉ុន​ជា​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិប​តេយ្យ។ អីចឹង​យើង​ចង់​ឱ្យ​ជប៉ុន​បញ្ឈប់​ដូច​ខាង​អឺរ៉ុប​អីចឹង​ទៅ​ដើម្បី​ឱ្យ​ពិភពលោក​យល់​ថា​ការបោះ​ឆ្នោត​ហ្នឹង​គឺ​ជា​ការបោះឆ្នោត​មិន​មាន​ប្រជាធិបតេយ្យ​ មិន​មាន​ការគោរព​សិទ្ធិ​មនុស្ស​ហើយ​ជា​ការបោះ​ឆ្នោត​លេង​សើច​ ជា​ការបោះឆ្នោត​បន្លំ​ភ្នែក​ដើម្បី​ក្តោបក្តាប់​អំណាច​តទៅ​ទៀត‍»។

រូបឯកសារ៖ លោក​ ថៃ មករា អ្នករៀបចំ​ធ្វើ​បាតុកម្មនៅ​ទីក្រុង​ហ្ស៊ឺណែវ ប្រទេស​ស្វីស​កាលពី​ថ្ងៃ​ច័ន្ទ ទី១៩ ខែមិនា ឆ្នាំ២០១៨ ​ទាមទារ​ឱ្យ​អង្គការ​សហ​ប្រជាជាតិ​ដោះស្រាយ​វិបត្តិ​នយោបាយ​ក្នុ​ង​ប្រទេស​កម្ពុជា​។ (រូបថត​ផ្តល់​ឲ្យ​ដោយ​លោក ថៃ មករា)

ស្ថានបេសកកម្ម​អចិន្ត្រៃយ៍​របស់​ជប៉ុន​នៅ​ទីក្រុង​ញ៉ីវយ៉ក​និង​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​មិន​បាន​ឆ្លើយ​តប​ជាផ្លូវការ​នឹង​សំណួរ​របស់​វីអូអេ​ពី​ជំហរ​របស់​ជប៉ុន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​បុគ្គលិក​ម្នាក់​បាន​ថ្លែង​ប្រាប់​វីអូអេ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយសារតែ​ខ្លួន​មិន​មាន​សិទ្ធិ​និយាយ​ជាមួយ​នឹង​អ្នកសារព័ត៌មាន​ថា​ជប៉ុន​នឹង​មិនមាន​អ្វី​ត្រូវ​ថ្លែង​ទៀត​ក្រៅ​ពី​បាន​បញ្ជាក់​ក្នុង​ពេល​កន្លង​មក​ទេ។ ក្នុង​ពេល​កន្លង​មក​ប្រទេស​ជប៉ុន​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​រៀបចំ​ការបោះឆ្នោត​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​កម្ពុជា។

ប្រទេស​ជប៉ុន​ក៏​ជា​អ្នកវិនិយោគ​ទុន​ដ៏ធំ​មួយ​របស់​កម្ពុជា​ផងដែរ។ ក្នុង​រយៈពេល​២៥ឆ្នាំ​ចុងក្រោយ​នេះ​ក្រុមហ៊ុន​ជប៉ុន​បាន​វិនិយោគទុន​ចំនួន​១,៥​ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា។ ការណ៍​នេះ​នាំ​ឱ្យ​អ្នកវិភាគ​នានា​បាន​លើកឡើង​ថា​ជប៉ុន​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ទីផ្សារ​របស់ខ្លួន​ជាពិសេស​នៅ​ពេល​ដែល​ប្រទេស​ចិន​កាន់តែ​បង្កើន​ឥទ្ធិពល​នៅ​កម្ពុជា។

លោក ​អេង ឆៃ​អ៊ាង ​ប្រកាន់​ជំហរ​យ៉ាងម៉ឺងម៉ាត់​ដោយ​ចាត់ទុក​ថា​ការ​គាំទ្រ​របស់​ជប៉ុន​ដល់​ការបោះ​ឆ្នោត​លើក​នេះ​ទេ​គឺ​ជា​ការរួមចំណែក​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ៖

«បើ​ជប៉ុន​នៅ​បន្ត​ជួយ​ការបោះឆ្នោត​ក្លែង​ក្លាយ​ហ្នឹង​បាន​ន័យ​ថា​ជប៉ុន​ចូលរួម​ក្នុ​ងការអនុវត្ត​នយោបាយ​ផ្តាច់ការ​នៅ​កម្ពុជា​ ចូលរួម​ក្នុង​ការ​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា‍»។​

សហគមន៍​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​បាន​ផ្អាក​ការគាំទ្រ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បន្ទាប់ពី​តុលាការ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ​បច្ចុប្បន្ន​នេះ​ នៅសល់​តែ​ប្រទេស​ជប៉ុន​មួយ​ប៉ុណ្ណោះ​ដែល​ជា​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​បន្ត​គាំទ្រ​លើ​ផ្នែក​បច្ចេកទេសហើយ​កាលពី​ខែ​កុម្ភៈ​បាន​ផ្តល់​ហិបឆ្នោត​ជាង​១០.០០០​ដែល​មាន​តម្លៃ​៧,៥​លានដុល្លារ​ដល់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។

លោក ហង្ស ពុទ្ធា ​សមាជិក​នៃគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​និង​ជា​អ្នក​នាំពាក្យ​បាន​បញ្ជាក់​ថា​ការបោះឆ្នោត​ខាងមុខ​បើ​ទោះ​បី​ជាមិន​មាន​ការគាំទ្រ​ពី​ប្រទេស​ជប៉ុន​ក៏​មិន​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការ​រៀបចំ​ការបោះឆ្នោត​ទេ​ដោយសារ​គ.ជ.ប​មាន​ថវិកា​គ្រប់គ្រាន់​ហើយ។

លោក​ក៏​បាន​ការពារ​ភាពស្របច្បាប់​របស់​ដំណើរការ​បោះឆ្នោត​នេះ​ផង​ដែរ៖

«ភាព​ស្របច្បាប់​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មាន​រួច​ទៅហើយ​អីចឹង​ជប៉ុន​ដែល​សម្រេច​ចិត្ត​បន្ត​ជួយ​និង​ជួយ​កន្លង​មក​នេះ​គឺ​បាន​សង្កេត​ឃើញ​ភាព​ស្របច្បាប់​រួច​ទៅ​ហើយ។​ទីពីរ​ប្រសិន​បើ​ជប៉ុន​លោក​ដកចេញ​ភាព​ស្របច្បាប់​នេះ​ទៅតែ​មាន​ព្រោះ​ការបោះឆ្នោត​នេះ​មិន​មែន​ការបោះឆ្នោត​បម្រើ​ឱ្យ​ភាគី​បរទេស​ណា​ទេ​គឺ​ការបោះឆ្នោត​បម្រើ​ឱ្យ​ឆន្ទៈ​ប្រជាពលរដ្ឋហើយ​យ៉ាង​ហោច​ណាស់​ក៏​មាន​ប្រជាពលរដ្ឋ​ច្រើន​លើសលប់​អាច​និយាយ​បាន​ថា​លើស​ពី​៥០​ភាគរយ​ដែល​រស់​នៅ​និង​មានការ​គាំទ្រ​សម្រាប់​ដំណើរការ​បោះឆ្នោត​នេះ»​។

តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ចុង​ឆ្នាំ​២០១៧​ក្រោយ​ពី​ចាប់​ឃុំ​ឃាំង​លោក​កឹម សុខា​ប្រធាន​គណបក្ស​ដោយ​ចោទ​ពី​បទ​ក្បត់​ជាតិ​និង​ហាមឃាត់​មន្ត្រី​គណបក្ស​ចំនួន​១១៨​នាក់​មិន​ឱ្យ​ធ្វើ​នយោបាយ​ចំនួន​៥ឆ្នាំ។ អាសនៈ​សភាជាតិ​ចំនួន​៥៥​និង​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ជាង​៥០០០​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​គណបក្ស​កាន់​អំណាច​យក​ទៅបែង​ចែក​ឱ្យ​គណបក្ស​មួយ​ចំនួន​ដែល​មិន​បាន​ជាប់​ឆ្នោត​ទេ។ អ្នកតំណាងរាស្ត្រ​និង​មន្ត្រី​បក្ស​មួយ​ចំនួន​បាន​រត់​ភៀស​ខ្លួន​មក​នៅ​ក្រៅ​ប្រទេស។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​យុទ្ធនាការ​អំពាវនាវ​ដល់​ពលរដ្ឋ​កម្ពុជា​មិន​ចេញ​ទៅបោះឆ្នោត​ដោយ​ពាក្យ​ថា​«នៅផ្ទះ​ឈ្នះឯង‍»​ប៉ុន្តែ​យុទ្ធនាការ​នេះ​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​សែន​រិះគន់​ថា​បាន​ដើរ​ផ្ទុយ​នឹង​ការអំពាវនាវ​របស់​ព្រះមហាក្សត្រ​នរោត្តម សីហមុនី​ដែល​បាន​ស្នើ​ឱ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​តាម​ឆន្ទៈ​របស់​ពួកគេ។

អ្នកវិភាគ​នានា​មើល​ឃើញ​ថា​ប្រទេស​កម្ពុជា​អាច​ប្រឈម​នឹង​ទណ្ឌកម្ម​អន្តរជាតិ​បើ​សិន​ជា​នៅ​តែ​មិន​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​ឱ្យ​បាន​មុន​ការបោះឆ្នោត​ខាងមុខ​ទេ។

កាលពីដើម​ខែ​ឧសភា​ អ្នកតំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​មួយ​រូប​គឺ​លោក​Ted Yoho ​ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​នៅ​រដ្ឋ​ផ្លរីដា​បាន​ស្នើ​សេចក្តី​ព្រាងច្បាប់​ថ្មី​មួយដែល​មាន​ឈ្មោះ​ថា​ច្បាប់​ស្តី​ពី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឆ្នាំ​២០១៨(Cambodia Democracy Act of 2018) ​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ខាង​ផ្នែក​ទិដ្ឋាការ​និង​ពាណិជ្ជកម្ម។ សេចក្តី​ព្រាងច្បាប់​នេះ​ត្រូវ​បាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​អនុម័ត​កាលពីថ្ងៃ​ទី​១៧ខែ​ឧសភា​ហើយ​កំពុង​រង់ចាំ​បញ្ជូន​ទៅ​សភា​ពេញ​អង្គ​អនុម័ត។ រហូត​មក​ដល់​ពេលនេះ​មាន​អ្នក​ចូលរួម​គាំទ្រ​សេចក្តី​ព្រាងច្បាប់​នេះ​ចំនួន​៨​នាក់​ថែមទៀត​ហើយ៕ ប្រភព៖ VOA