​វីដេអូ​មួយ​ត្រូវបាន​បញ្ចេញ​ដោយ​អង្គការ​ជួយសង្គ្រោះ​សត្វ​អន្តរជាតិ (IAR) ពី​ឆ្នាំ​២០១៣ បានបង្ហាញ​ពី​ខណៈពេល​ដ៏​គួរ​ឲ្យ​សោកស្តាយ នៅពេលដែល​សត្វ​ស្វា​ឪ​មួយ​ក្បាល បាន​ព្យាយាម «​ការពារ​» ទីជម្រក​របស់​វា ពី​អ្នក​កាប់​ឈើ​មួយក្រុម​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ។​

​នៅក្នុង​វីដេអូ​ដែល​ត្រូវបាន​កត់ត្រា និង​ចែករំលែក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​អង្គ​ការមិន​រកប្រាក់​ចំណេញ នៅក្នុង​តំបន់ Ketapang នៃ​កោះ Borneo សត្វ​ស្វា​ឪ​១​ក្បាល ត្រូវ​បានឃើញ​ដើរ​ឆ្លងកាត់​ពីលើ​ដើម​ត្រូវបាន​កាត់​រំលំ​១​ដើម និង​ធ្វើការ​ប្រយុទ្ធ​ប្រឆាំងនឹង​អេស្កាវ៉ាទ័រ​១​គ្រឿង ។​

​ស្វា​ឪ​នោះបាន​ព្យាយាម​យកដៃ​របស់​វា​រារាំង «​ដៃ​» អេស្កាវ៉ាទ័រ មុនពេល​វា​ត្រូវ​ធ្លាក់​ចុះដី ទីកន្លែង​ដែល​សមាជិក​ម្នាក់​នៃ​អង្គភាព​ការពារ​ប្រភេទ​សត្វ​ស្វា​ឪ សម្រាប់​ការជួយ​សង្គ្រោះ​សត្វ​អន្តរជាតិ​បាញ់កាំភ្លើង​សន្លប់​ដាក់​វា ។​

​សត្វ​ស្វា​តស៊ូ​ដ៏​ក្រាញននៀល​នេះ ត្រូវបាន​ចាប់​ដោយ​ជោគជ័យ និង​នាំយក​ទៅកាន់​ទីកន្លែង​សុវត្ថិភាព​ផងដែរ​, នេះ​បើ​យោងតាម Daily Mirror ។​

​អង្គការ​ការពារ​សត្វ​ព្រៃ​នេះ មាន​មជ្ឈមណ្ឌល​សង្គ្រោះ និង​ស្តារនីតិសម្បទា​អូ​រ៉ង់​ហ្គូ​តង់ នៅ Ketapang, West Borneo ដែលជា​ទីកន្លែង​សម្រាប់​ដាក់​សត្វ​ស្វា​ឪ​សង្គ្រោះ​ជាង ១០០ ក្បាល ។​

IAR បាន​ផុស​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ក្នុង​ក្តី​រន្ធត់ នៃ​ទិវា​បរិស្ថាន​ពិភពលោក​ថា​៖ «​ថ្វីបើ​ឧបសគ្គ​ទាំងអស់​នោះបាន​បាចសាច​ទៅលើ​ពួកគេ​យ៉ាងណាក្តី ក៏​ក្រុមការងារ​របស់​យើងខ្ញុំ អាច​សង្គ្រោះ​ស្វា​ឪ​នេះ និង​នាំ​វា​ទៅកាន់​កន្លែង​សុវត្ថិភាព​» ។​

​គួរ​ឲ្យ​សោកស្តាយ​ណាស់ ដែល​ហេតុការណ៍​បែបនេះ បាន​កំពុងតែ​កើត​ឡើងជា​ញឹកញាប់ នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ។ ការបាត់បង់​ព្រៃឈើ បានធ្វើ​ឲ្យ​ចំនួន​សត្វ​ស្វា​ឪ​ត្រូវ​ធ្លាក់ចុះ ព្រោះតែ​ទីជម្រក​របស់​ពួកវា ត្រូវបាន​គេ​បំផ្លាញ ហើយ​ពួកវា​ជាច្រើន​ក្បាល​ត្រូវ​រស់​យ៉ាង​វេទនា និង​ងាប់​គួរ​ឲ្យ​អាសូរ ៕