លោកប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trumpថ្លែង​ថា​លោក​បាន​ណែនាំ​ក្រុម​តំណាង​របស់​លោក​មិន​ឲ្យ​ចុះ​ហត្ថលេខា​លើ​សេចក្តីថ្លែងការ​មួយ​ដោយ​មេដឹកនាំ​របស់​ប្រទេសទាំង៧​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូលG7ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើងក្នុង​ប្រទេសកាណាដា​កាល​ពី​សុក្រ​ដល់​ថ្ងៃសៅរ៍​មិ្សលមិញ។ ​

ឆ្លើយតប​ទៅ​សេចក្តី​ថ្លែងការ​របស់​លោក Trudeau​ ដែល​ថា​ការ​ដាក់​ពន្ធគយ​ថ្មី​របស់​សហរដ្ឋអាមេរិក​លើ​ដែកថែប​និង​អាលុយ​មីញ៉ូម​គឺ​ជា​ការ​ប្រមាថ​នោះ​ លោក Trump បាន​បង្ហោះសារ​ទៅ​វិញ​ថា«គ្មាន​ភាព​ស្មោះត្រង់​ និង​គ្មាន​ប្រសិទ្ធភាព»។

លោក Trump បាន​សរសេរ​បន្ថែម​ទៀត​ថា «យោង​តាម​សេចក្តីថ្លែងការ​ក្លែងក្លាយ​របស់​លោក Justin Trudeau​ នៅ​ឯ​សិន្នសីទ​សារព័ត៌មាន​របស់​លោក​ ហើយ​ផ្អែក​លើ​ការពិត​ដែល​កាណាដា​គឺ​ជា​អ្នក​យក​ពន្ធគយ​យ៉ាង​ខ្លាំង​លើ​កសិករ​ កម្មករ​ និង​ក្រុមហ៊ុន​របស់​សហរដ្ឋអាមេរិក​នោះ​ ខ្ញុំ​បាន​ណែនាំ​ក្រុម​អ្នកតំណាង​របស់​យើង​មិន​ឲ្យ​ចុះ​ហត្ថលេខា​លើ​សេចក្តីថ្លែងការ​ជាមួយ​មេដឹកនាំ​ទាំងអស់​ ខណៈ​ដែល​យើង​កំពុង​ត្រួតពនិត្យ​មើល​ពន្ធគយ​លើ​ការនាំ​យានយន្ត​ចូល​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក​ដ៏​សន្ធឹកសន្ធាប់​នេះ»។

លោក Trudeau បាន​ថ្លែង​បិទ​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ G-7 កាល​ពី​ថ្ងៃសៅរ៍​ក្នុង​ប្រទេស​កាណាដា​ ដោយ​លោក​បាន​ថ្លែង​ថា​លោក​នឹង​មិន​ផ្លាស់ប្តូរ​គោលជំហរ​របស់​លោក​ក្នុង​ការ​ប្រឈម​តតាំង​ជាមួយ​នឹង​លោកប្រធានាធិបតី Donald Trumpជាពិសេស​គឺ​បញ្ហា​យក​ពន្ធគយថ្មី​របស់​សហរដ្ឋអាមេរិក​លើ​ដែកថែប​និង​អាលុយមីញ៉ូម​របស់​កាណាដា​និង​សហភាពអ៊ឺរ៉ុប។

លោក Trudeauបាន​ថ្លែង​នៅ​ឯ​ពិធីបិទ​កិច្ចប្រជុំ​កំពូល​នេះ​ថា​ប្រទេសកាណាដា​នឹង​ចាត់វិធានការណ៍​សងសឹក​លើ​ទំនិញ​របស់​សហរដ្ឋអាមេរិក​វិញ​ចាប់​ពី​ថ្ងៃទី១​ខែកក្កដានេះ​ទៅ៕ ប្រភព៖ VOA