នៅក្នុង​សន្និសីទ​កាសែត នៅក្រោយ​ជំនួប​កំពូល​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាននិយាយ​ថ្លែងកោតសរសើរ លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង មេដឹកនាំ​ប្រទេស​មួយ ដែល​បាន​ជួយឲ្យ​អាចកើតមាន​ជំនួប​ប្រវត្តិសាស្រ្ត រវាង​លោក ហើយ​និង​មេដឹកនាំ​កូរ៉េខាងជើង នៅប្រទេស​សិង្ហបុរី នៅថ្ងៃអង្គារទី ១២​មិថុនានេះ។


នៅ​ប៉ុន្មានម៉ោង ក្រោយ​ជំនួប​កំពូល អាមេរិក និង​កូរ៉េខាងជើង ប្រទេស​ចិន តាមរយៈ ប្រមុខការបរទេស​ចិន លោក​វ៉ាង យី បាន​និយាយ​កោតសរសើរ ចាត់ទុក​ជំនួប​រវាង​ប្រធានាធិបតី អាមេរិក ហើយ​និង​មេដឹកនាំ​កូរ៉េខាងជើងថា ជាជំនួប​ប្រវត្តិសាស្រ្ត និង​បានអំពាវនាវ​ឲ្យ​លុបបំបាត់​ចោល​ទាំងស្រុង អាវុធនុយក្លេអ៊ែរ រួមទាំង​ដោះស្រាយ​ផង ភាពតានតឹង​នៅ​ឧបទ្វីបកូរ៉េ។

ចិន សម្ព័ន្ធមិត្ត គ្មានមុខ​នៅក្នុង​តុពិភាក្សា នៅថ្ងៃនេះ ប៉ុន្តែ មិនមែន​មាន​ន័យ​ថា ចិន មិន​បាន​ដើរ​តួនាទី​អ្វី​សោះ​នោះ​ទេ។ គ្មាន​សញ្ញា​ភ្លើងខៀវ​ពី​ទីក្រុង​ប៉េកាំង ដែល​ជា​អ្នកធានា​សន្តិសុខ និង​ការរស់រាន របស់​កូរ៉េខាងជើង មេដឹកនាំ​កូរ៉េខាងជើង ក៏មិន​អាច​បើកជំនួបកំពូល​ជាមួយ លោកដូណាល់ ត្រាំ នៅថ្ងៃ​នេះ​បាន​ដែរ។

សូមអាន៖ កូរ៉េខាងជើង-ចិន៖​លោក​គីម ជុងអ៊ុន​ពិត​ជា​បាន​ទៅ​ជួប​លោក​ស៊ី ជីនពីង​នៅ​​ក្រុង​ប៉េកាំង​មែន

គេ​នៅបានថា នៅក្រោយ​ ការប្រកាស​ព្រមព្រៀង​បើក​ជំនួបកំពូល ជាមួយ​លោកប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ​ មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន​បានធ្វើដំណើរ​ទៅ​ទីក្រុង​ប៉េកាំង ទៅជួប​លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង ដល់ទៅ​២ដង នៅចុង​ខែមីនា និង​ដើមខែ​ឧសភា។ ការពិតណាស់ថា ជំនួបកំពូល​ជាមួយ​លោក​ដូណាល់ ត្រាំ ចេញមក​ពី​ការផ្តួចផ្តើម​គំនិត និងឆន្ទៈផ្ទាល់ ​របស់​មេដឹកនាំ​កូរ៉េខាងជើង។ កន្លងមក ចិន ដែល​ជា​ប្រភព​សេដ្ឋកិច្ច​ចំបង​របស់​កូរ៉េខាងជើង (៩០ភាគរយ​នៃ​ការនាំចេញ​របស់​កូរ៉េខាងជើង ពឹងផ្អែក​ទៅលើ​ប្រទេស​ចិន) ប៉ុន្តែ ចិន​គ្មាន​ឥទ្ធិពល​ដាក់សម្ពាធ​ឲ្យ​មេដឹកនាំ​កូរ៉េខាងជើង ចូលចរចា ដើម្បី លះបង់​ចោល​កម្មវិធី​ផលិត​នុយក្លេអ៊ែរ​របស់ខ្លួន​នោះទេ។

ចិន​មិនអាច​បញ្ចុះបញ្ចូល​ឲ្យ​​មេដឹកនាំ​កូរ៉េខាងជើងលះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ ចិនក៏​មិន​បដិសេធ​ប្រឆាំង​ដែរ បើសិន​កូរ៉េខាងជើងបើក​ការចរចា​ជាមួយ​អាមេរិក ក្នុង​រឿង​លុបបំបាត់​ចោល​អាវុធ​នុយក្លេអ៊ែរ។ ​ចិនដែល​ប្រាថ្នា​មិន​ចង់​ឲ្យ​មាន​អាវុធ​ប្រល័យលោក នៅកូរ៉េខាងជើង ក្បែរ​មាត់ទ្វារផ្ទះ​របស់ខ្លួន បាន​គាំទ្រ រហូតមក ចំណាត់ការ​របស់​អង្គការ​សហប្រជាជាតិ ដែល ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច លើ​កូរ៉េខាងជើង ក៏​ដើម្បី​ឲ្យ​កូរ៉េខាងជើង សុខចិត្ត​លះបង់​ចោល កម្មវិធី​អាវុធ​នុយក្លេអ៊ែរនោះដែរ​។ សម្រាប់​ទីក្រុង​ប៉េកាំង ដែល​ផ្តោត​សំខាន់​ទៅលើ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាចំបង កម្មវិធី​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ គ្រោះថ្នាក់ និង​ជា​ប្រភព​ទាក់ទាញ​រឿង អពមង្គល ទាំង​សម្រាប់​​សេដ្ឋកិច្ច ហើយ​និង​សន្តិសុខ​​ចិន។ ក្នុង​ក្រសែភ្នែក​ចិន អាវុធ​នុយក្លេអ៊ែរ​របស់កូរ៉េខាងជើង ត្រូវ បាន​អាមេរិក​ប្រើ​ធ្វើ​លេស ដើម្បី​ពង្រឹង​កម្លាំង​ទ័ពនៅ​ឧបទ្វីបកូរ៉េ ដូចជា​ការតាំង​ប្រព័ន្ធ​ខែលមីស៊ីល នៅ​ទឹកដី​កូរ៉េខាងត្បូង ជាដើម។

នៅ​ក្នុង​ជំនួបកំពូល​លើក​នេះ ទោះជា​ចិន មិន​បាន​បញ្ចេញ​មុខមាត់​ខ្លាំងមែន ប៉ុន្តែ ចិនបាន​ត្រង​ចាំទទួល​ប្រយោជន៍​ពី ជំនួប​ពិភាក្សា រវាង​មេដឹកនាំ​កូរ៉េខាងជើង ហើយ​និង​លោក​ដូណាល់ ត្រាំ បាន​​ច្រើន​ណាស់។ ជំនួប​លើកនេះ នឹង​អាច​កាត់​បន្ថយ​ភាពតានតឹង ហើយនិង​សង្គ្រាមពាក្យ​សំដី​រវាង​លោកដូណាល់ ត្រាំ ហើយ​និង​លោកគីម ជុងអ៊ុន ដែល​ពេល​ខ្លះ ធ្វើ​ឲ្យ​ចិន​ខ្លាច​បារម្ភ​ថា នឹង​អាច​ផ្ទុះសង្រ្គាម​ដាក់គ្នា។ មួយវិញទៀត នៅពេល​ដែល​កូរ៉េខាងជើង លះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ និង​បែរ​ទៅលើ​ផ្លូវ អភិវឌ្ឍ​សេដ្ឋកិច្ច នោះ ចិន​ដែល​ជា​ដៃគូ​សេដ្ឋកិច្ច​ដ៏សំខាន់​របស់​កូរ៉េខាជើង ក៏​អាច​ទាញ​ប្រយោជន៍ច្រើន​ពី​កូរ៉េខាងជើងដែល​បើកទ្វារ​សេដ្ឋកិច្ច​ គឺ​ជាជាង​ពី​កូរ៉េខាងជើង​ដ៏ក្រីក្រ ដែល​រងការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​៕ ប្រភព៖ RFI