ក្នុង​រយៈពេល​៣​ទសវត្សរ៍​ចុងក្រោយ​នេះ ប្រធានាធិបតី អាមេរិកមុនៗ ហើយ​និង​មេដឹកនាំ​ប្រទេស​ផ្សេងទៀត បរាជ័យ មិនអាច​ដាក់សំពាធ ឬ​លើកទឹកចិត្ត​ឲ្យ​កូរ៉េខាងជើង​លះបង់​ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ។ ប៉ុន្តែ នៅក្រោយ​ជំនួប​ជាមួយ​មេដឹកនាំ​វ័យក្មេង កូរ៉េខាងជើង លោកគីម ជុងអ៊ុន លោកដូណាល់ ត្រាំ បាន​និយាយ​ដោយ​មាន​ទំនុកចិត្ត​ថា ជំនួប​នៅថ្ងៃ​នេះ ជាដំណាក់កាល​មួយ​ដែល​ឈាន​ទៅ​លុបបំបាត់​ចោល​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួមវិញ លោកគីម ជុងអ៊ុន បាន​សន្យា​យល់ព្រម​ថា នឹង​លុបបំបាត់ចោល​ទាំងស្រុង អាវុធបរិមាណូ នៅ​ឧបទ្វីបកូរ៉េ។

ការសន្យា​លុប​បំបាត់​ចោល​ទាំងស្រុង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង មិនមែន​ជា​រឿងថ្មី ហើយ​គេ​ក៏មិនអាច​រំពឹងថា នឹង​អាច​កើតមាន​នោះដែរ។ នៅក្នុង​អតីតកាល កូរ៉េខាងជើង​ធ្លាប់​ទាំង​បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយ​អាមេរិក ដើម្បី​លុបបំបាត់​ចោល​អាវុធ​នុយក្លេអ៊ែរ​ទៀត​ផង ប៉ុន្តែ កិច្ចព្រមព្រៀង​កន្លងមក​ត្រូវ​បាន​រលាយ​ទៅវិញ ដោយសារ​តែ​ការមិនជឿទុកចិត្ត​គ្នា​រវាង​អាមេរិក ហើយ​និង​កូរ៉េខាងជើង។

សំណុំរឿង​នុយក្លេអ៊ែរ​របស់កូរ៉េខាងជើង​បាន​ចាប់ផ្តើម​តាំង​ពី​កូរ៉េខាងជើង មាន​លោកគីម អ៊ីលស៊ុង ជា​ប្រធានាធិបតី​ម្ល៉េះ (មរណភាព​ឆ្នាំ ១៩៩៤)។ នៅ​ឆ្នាំ ១៩៨៥ របបកុម្មុយនិស្ត​កូរ៉េខាងជើង​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មិនរីកសាយភាយ​អាវុធនុយក្លេអ៊ែរ​របស់​អង្គការ​សហប្រជាជាតិ។ ប៉ុន្តែ ក្តីសង្ស័យ​ទៅលើ​ការលាក់លួច​បន្លំ​របស់​កូរ៉េខាងជើង នៅតែ​កើតមាន។ នៅ​ឆ្នាំ ១៩៨៩ រូបភាព​ផ្កាយរណប​របស់អាមេរិក​បាន​បង្ហាញ​ពី​វត្តមាន​រោងចក្រ​នុយក្លេអ៊ែរ នៅ​Yongbyon។ នៅ​ឆ្នាំ ១៩៩៣ កូរ៉េខាងជើង របស់​លោក​គីម អ៊ីលស៊ុង​បាន​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​មិនរីកសាយភាយ​នុយក្លេអ៊ែរ រហូត​ធ្វើ​ឲ្យ​អាមេរិក​សម្រេច​បើកការពិភាក្សា​បន្ទាន់​មួយ​ជាមួយ ក្រុង​ព្យុងយ៉ាង។

នៅឆ្នាំ ១៩៩៤ អាមេរិក​ក្នុង​អាណតិ្តដឹកនាំ​របស់លោក​ប៊ីល គ្លីនតុន​បាន​ចុះ​កិច្ចព្រមព្រៀង​ជាគោល​មួយ​ជាមួយ កូរ៉េខាងជើង ដែលនៅក្នុង​នោះ កូរ៉េខាងជើង​យល់ព្រម​ផ្អាក និង​ដោះរំលើង​រោងចក្រ​ដែល​គេ​សង្ស័យថា ដើរតួ​សំខាន់​ដើម្បី​ផលិត​សារធាតុ​ភ្លុយតូនីញ៉ូម។ ជាថ្នូរមកវិញ អាមេរិក​សន្យា​ផ្តល់​ប្រភព​ថាមពល ដូចជា​ម៉ាហ្សូត ប្រមាណ ៥សែន​តោន ក្នុង​មួយ​ឆ្នាំៗ ដល់​កូរ៉េខាងជើង ហើយ​និង​ព្រម​សាងសង់​រោងចក្រ​នុយក្លេអ៊ែរ​ពីរ។

នៅ​សម័យ​នោះ ដោយសារ​តែ​អរិភាព​របស់​គណបក្ស​ប្រឆាំង បក្ស​សាធារណរដ្ឋ ដែល​គ្រប់គ្រង​សភា​អាមេរិក អាមេរិក​ខកខាន​មិន​បាន ផ្គត់ផ្គង់ ទាន់​ពេលវេលា​ប្រេង​ម៉ាហ្សូត ចំណែក​គម្រោងការ​របស់​អាមេរិក​ដើម្បី សាងសង់​រោងចក្រ​នុយក្លេអ៊ែរ​សម្រាប់​ថាមពល​អគ្គសិនី​នៅកូរ៉េខាងជើង ត្រូវការ​ចំណាយពេល​វេលា​យូររាប់ឆ្នាំ។ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​រវាង​អាមេរិក ហើយ​និង​កូរ៉េខាងជើង ឆ្នាំ ១៩៩៤ បាន​រលាយបាត់ នៅ​ទីបំផុត នៅ​ឆ្នាំ ២០០២ នៅពេល​អាមេរិក​ចោទប្រកាន់​កូរ៉េខាងជើង ថា បាន​លួចលាក់​ចម្រើនធាតុ​អ៊ុយរ៉ានីញ៉ូម។

នៅក្រោម​ការដឹកនាំ​របស់​លោកគីម ជុងអ៊ីល ដែល​ជា​ឪពុក​របស់​លោកគីម ជុងអ៊ុន ប្រទេស​ចិន​បាន​ចូលខ្លួន រៀបចំ​ការចរចា ៦​ភាគី (ចិន កូរ៉េទាំងពីរ ជប៉ុន រុស្ស៊ី និង​សហរដ្ឋអាមេរិក) ចាប់តាំង​ពី​ឆ្នាំ ២០០៣។ នៅ​ខែ កញ្ញា ឆ្នាំ ២០០៥ នៅក្រោយ​ការចរចា​ជាច្រើនលើក កិច្ចព្រមព្រៀង ស្តីពី នុយក្លេអ៊ែរ​កូរ៉េខាងជើង បាន​ចេញជារូបរាងឡើង។ កូរ៉េខាងជើង យល់ព្រម​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ​សុខចិត្ត​ត្រលប់​ទៅ​ចូលរួម​ក្នុង​សន្ធិសញ្ញា​មិន​រីកសាយភាយ​នុយក្លេអ៊ែរ និងយល់ព្រម​ទទួល​អ្នកជំនាញ​អន្តរជាតិ​ឲ្យ​ទៅ​ចូល​ត្រួតពិនិត្យ កម្មវិធីនុយក្លេអ៊ែរ​របស់ខ្លួន ជាថ្នូរ​នឹង​ជំនួយ​ស្បៀងអាហារ ហើយ​និង​ថាមពល​ពី​អន្តរជាតិ។ កិច្ចព្រមព្រៀង​នៅ​ឆ្នាំ ២០០៥ មាន​គោលដៅ​ផងដែរ ថា នឹង​ទៅ​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ ទំនាក់ទំនង​អាមេរិក ហើយ​និង​កូរ៉េខាងជើង ហើយ​និង​បិទបញ្ចប់​សង្រ្គាម​នៅ​ឧបទ្វីបកូរ៉េ។ ប៉ុន្តែ នៅក្រោយ​អាមេរិក​ដាក់​កំហិត​លើ​ធនាគារ​នៅ​ម៉ាកាវ ដែល​គេ​សង្ស័យថា ជួយលាងលុយ​ឲ្យ​កូរ៉េខាងជើង ទីក្រុង​ព្យុងយ៉ាង នៅ​ឆ្នាំ ២០០៦ បាន​ធ្វើ​ការសាកល្បង​ជាលើកទី១ អាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន។

ការចរចា​ រវាង​កូរ៉េខាងជើង​ហើយ​និង​សហគមន៍​អន្តរជាតិ ជាបន្តបន្ទាប់ រហូត​សម្រេច​បាន​នៅឆ្នាំ ២០០៧ កិច្ចព្រមព្រៀង ថ្មី ដែល​នៅក្នុង​នោះ កូរ៉េខាងជើង​បាន​ផ្អឹប កម្មវិធី​ផលិត​អាវុធនុយក្លេអ៊ែរ ជាថ្នូរ​នឹង​ការឈប់​បិទខ្ទប់​របស់​អាមេរិក​ទៅលើ​គណនី​របស់​កូរ៉េខាងជើង​នៅ​ធនាគារ​នៅ​ម៉ាកាវ។ យ៉ាងណាក៏ដោយ ទាំង​កូរ៉េខាងជើង ហើយ​និង​អាមេរិក​នៅ​តែ​និយាយ​មិនត្រូវគ្នា លើ​ចំណុច ស្តីពីការត្រួតពិនិត្យ​លើ​ការលុបបំបាត់​អាវុធ នុយក្លេអ៊ែរ​របស់កូរ៉េខាងជើង។

ទៅតាម​កិច្ចព្រមព្រៀង​ឆ្នាំ ២០១២ រដ្ឋបាល​របស់លោកអូបាម៉ា​បាន​ផ្តល់​ជំនួយ​ស្បៀងអាហារ​ដល់ទីក្រុង​ព្យុងយ៉ាង ជាថ្នូរ​នឹង​ការសន្យា​ឈប់​ចម្រើនធាតុ​អ៊ុយរ៉ានីញ៉ូម ឈប់ បាញ់​សាកល្បង​មីស៊ីល​របស់​កូរ៉េខាងជើង ហើយការវិលត្រលប់​វិញ នៃ​អ្នកជំនាញ​ត្រួតពិនិត្យ​នុយក្លេអ៊ែរ​របស់​AIEA។ ប៉ុន្តែ ១៦​ថ្ងៃ​ក្រោយ កូរ៉េខាងជើង​បាន​ប្រកាស​គម្រោង​បាញ់​សាកល្បង​មីស៊ីល ដែល​ជា​ប្រភព​សម្លាប់​កិច្ចព្រមព្រៀង នុយក្លេអ៊ែរ​កូរ៉េខាងជើង នៅ​ខែ​មេសា​ឆ្នាំ ២០១២៕ ប្រភព៖ RFI