ការិយាល័យ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​បរទេស​នៃ​ក្រសួង​រតនាគារជាតិ​អាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​របស់​លោក​ហ៊ីង ប៊ុនហៀង ដែល​ជា​មេ​បញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ហ៊ុន សែន។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រតនាគារជាតិ​អាមេរិក​នៅ​ថ្ងៃ​ទី​១២ មិថុនា។ ការ​សម្រេច​ដាក់​ទណ្ឌកម្ម​នេះ ធ្វើ​ឡើង​ដោយ​អាមេរិក​ចោទ​លោក​ហ៊ីង ប៊ុនហៀង​ថា​ បាន​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

Loading...

តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១២ មិថុនា ក្រសួង​រតនាគារជាតិ​អាមេរិក​បាន​ចោទ​លោក​ហ៊ីង ប៊ុនហៀង​ថា បាន​ជាប់​ទាក់​ទង​សកម្មភាព​បំពាន​សិទ្ធិ​មនុស្ស​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​កម្ពុជា។ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ បញ្ជា​ការដ្ឋាន​អង្គរក្ស​របស់​លោក​ហ៊ីង ប៊ុនហៀង បាន​ជាប់​ជំពាក់​វ៉ាក​វិន​នៅ​ក្នុង​ការ​វាយ​ប្រហារ​ជា​ច្រើន​ទៅ​លើ​ពលរដ្ឋ​គ្មាន​អាវុធ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដូច​ជា​ករណី​នៅ​វត្ត​ភ្នំ​នៅ​ក្នុង​ឆ្នាំ​២០១៣ និង​ករណី​នៅ​មុខ​រដ្ឋសភា​នៅ​ក្នុង​ឆ្នាំ​២០១៥។ ករណី​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ ក្រសួង​រតនាគារ​ជាតិ​អាមេរិក​បាន​កត់​សម្គាល់​ថា មាន​តែ​សមាជិក​កង​អង្គរក្ស​៣​នាក់​ប៉ុណ្ណោះ​ដែល​ចាប់​ដាក់​ពន្ធនាគារ​បន្ទាប់​ពួក​គេ​សារភាព​ថា បាន​ចូល​រួម​វាយ​ប្រហារ​លើ​អ្នក​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង ហើយ​ក្រោយ​ដោះ​លែង​ពួក​គេ​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថែម​ទៀត។

បន្ថែម​លើ​នេះ លោក​ហ៊ីង ប៊ុនហៀង និង​កង​អង្គរក្ស​របស់​លោក​ក៏​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ឧប្បត្តិហេតុ​នានា​ផង​ដែរ​នៅ​ពេល​ដែល​កង​កម្លាំង​យោធា​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​គំរាម​កំហែង​ការ​ប្រមូល​ផ្តុំ​របស់​ក្រុម​អ្នក​តវ៉ា និង​គណបក្ស​ប្រឆាំង​កាល​ពី​ឆ្នាំ​១៩៩៧ ដែល​ក្នុង​នោះ​ក៏​បាន​បណ្តាល​ឲ្យ​ជន​ជាតិ​អាមេរិក​ម្នាក់​ផង​បាន​រង​របួស។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​រតនាគារជាតិ​អាមេរិក។ សកម្មភាព​ទាំង​អស់​នេះ ត្រូវ​បាន​ក្រសួង​រតនាគារ​ជាតិ​អាមេរិក​ចាត់​ទុក​ថា ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ ហើយ​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ទៅ​តាម​ច្បាប់​Global Magnitsky។ ច្បាប់​Global Magnitsky​នេះ គឺ​ចែង​កំណត់​ឲ្យ​បង្កក​ទ្រព្យ​សម្បតិ្ត​មនុស្ស​ណា​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ឬ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ធ្ងន់​ធ្ងរ។

សូម​បញ្ជាក់​ថា ក្រៅ​ពី​មន្រ្តី​ជាន់​ខ្ពស់​យោធា​កម្ពុជា​រូប​នេះ ក្រសួង​រតនាគារ​ជាតិ​អាមេរិក​ក៏​បាន​ដាក់​ទណ្ឌកម្ម​ដូច​គ្នា​នេះ​ទៅ​លើ​សមាជិក​សភា​សាធារណរដ្ឋ​ដូមីនីក​(Dominica)​លោក Bautista ផង​ដែរ។ ខុស​ពី​លោក​ហ៊ីង ប៊ុនហៀង លោក​Bautista ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ការ​សាង​សង់​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​ហៃទី។ ចំពោះ​សកម្មភាព​របស់​មនុស្ស​ទាំង​ពីរ​នេះ ក្រសួង​រតនាគារ​ជាតិ​អាមេរិក​បាន​អះអាង​ថា ទ្រព្យ​សម្បត្តិ​ឬ​ផល​ចំណេញ​ដែល​បាន​មក​ពី​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​បាន​បង្កក។ បន្ថែម​លើ​នេះ ពលរដ្ឋ​អាមេរិក​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ជាប់​ទាក់​ទង​ក្នុង​ជំនួញ​ជួញ​ដូរ​ជាមួយ​មនុស្ស​ទាំង​នេះ​ឡើយ៕ ប្រភព៖ RFI