តាំងពីបុរាណកាលមក គេតែងប្រើដើមព្រះខ្លប ដើម្បីព្យាបាលជំងឺគេងមិនលក់ ប៉ុន្តែថ្មីៗនេះ គេបានរកឃើញនូវប្រសិទ្ធភាពរបស់វា ក្នុងការព្យាបាលជំងឺសន្លាក់រ៉ាំរ៉ៃ ។

លក្ខណៈឱសថ តាមឱសថសាស្ត្របុរាណព្រះខ្លប មានរសជាតិរាងផ្អែម មានប្រសិទ្ធភាពធ្វើឲ្យស្ងប់អារម្មណ៍ ប្រឆាំងការរលាក បន្ថយ​ការឈឺចាប់ បន្ថយសម្ពាធឈាម និងធ្វើធ្វើឲ្យនោមច្រើន ។

ការស្រាវជ្រាវក្នុងសម័យទំនើបនេះ បញ្ជាក់ថា ដើមព្រះខ្លបមានប្រសិទ្ធភាពក្នុងការធ្វើឲ្យស្ងប់ប្រព័ន្ធសរសៃប្រសាទកណ្តាល ហើយ​ក៏អះអាងតាមបែបវិទ្យាសាស្ត្រថា មនុស្សបុរាណ​ប្រើប្រាស់វាសម្រាប់ព្យាបាលជំងឺគេងមិនលក់ ។

រូបមន្តក្នុងការព្យាបាលជំងឺដេកពុំលក់គឺ ៖ មែករបស់វាហាន់ជាចំណិតស្តើងៗ ហាលឲ្យស្ងួត រួចយកទៅដាំទឹកផឹក ចំណែក​ស្លឹកវា​គេ​ច្រើនយកទៅស្ងោជាមួយសាច់ រួចពិសារវានឹងជួយឲ្យអារម្មណ៍​ស្ងប់កម្ចាត់ជាតិពុល ជួយ​ព្យាបាល​ជំងឺរលាកពោះវៀន ក្រពះ ។ មែក និង ស្លឹក ក៏អាចយកមកបុកឲ្យម៉ត់បំពោកលើរបួស ព្យាបាលខ្ទុះ ។ ប្រើបរិមាណដើមពី ១០-១៥ ក្រាម/១ថ្ងៃ ដាំជាមួយទឹក រួចផឹក ។

ទន្ទឹមនោះការស្រាវជ្រាវក៏បង្ហាញពីប្រសិទ្ធភាពក្នុងការព្យាបាលជំងឺឈឺសន្លាក់រ៉ាំរ៉ៃ ។

របៀបធ្វើ ៖ យកដើមព្រះខ្លបមកហាន់ជាចំណិតស្តើងៗរួចហាលឲ្យស្ងួត ក្នុង១ថ្ងៃយកវា ១២០ ក្រាម មកលីង ក្រោយ​មក​ព្រួស​ស្រា​ពីលើ​ឲ្យសើម រួចលីងសារឡើងវិញ បន្ទាប់មកយកទឹក ៦០០មីលីលីត្រ ដាំឲ្យពុះ រួចយក​ដើម​ព្រះខ្លប​ដែល​លីង​ហើយ​មក​ដាក់​ដាំនៅ​សល់ទឹក​ពី ២០០-៣០០ មីលីលីត្រ រួចរំលែកជា ៣ ចំណែក ផឹក ៣ដង ក្នុង១ថ្ងៃ ។

ធ្វើបែបនេះក្នុងរយៈពេល ៤-៥ ថ្ងៃ នឹងឃើញប្រសិទ្ធភាព ៕