ក្រសួង​ការបរទេស​ស.រ.អា.​បាន​និយាយ​ថា​ស.រ.អា.​«នឹង​ចាត់​វិធានការ​ម៉ឺង​ម៉ាត់​និង​សមរម្យ»​ជា​ការ​ឆ្លើយ​តប​នឹង​ការ​រំលោភ​ណា​មួយ​ដោយ​រដ្ឋាភិបាល​ស៊ីរី​នៅ​ក្នុង​តំបន់​និរតី​នៃ​ប្រទេស​ស៊ីរី​នៅ​ខាង​ក្នុង​ព្រំដែន​នៃ​តំបន់​បន្ថយ​សង្គ្រាម។

កិច្ច​ព្រម​ព្រៀង​សម្រាប់​ឱ្យ​មាន​ការ​យល់​ព្រម​គ្នា​អំពី​ការ​បន្ថយ​សង្គ្រាម​បាន​ត្រូវ​ធ្វើ​ការ​ចរចា​កាល​ពី​ឆ្នាំ​ទៅ​មិញ​ដោយ​ស.រ.អា., ប្រទេស​ហ្សកដានី​ និង​ប្រទេស​រុស្ស៊ី។​

លោក​ស្រី Heather Nauert ​អ្នកនាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​ស.រ.អា.​បាន​មាន ប្រសាសន៍នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា​ កិច្ច​ព្រម​ព្រៀង​បន្ថយ​សង្គ្រាម​និង​ការ​រៀប​ចំ​ឱ្យ​មាន​ការ​ឈប់​បាញ់​គ្នា​ជា​«ការ​ផ្តើម​គំនិត»​ដោយ​លោកប្រធានាធិបតី​ស.រ.អា. ​ដូណាល់ ត្រាំ​ និង​ប្រធានាធិបតី​រុស្ស៊ី​ Vladimir Putin «ដើម្បី​កាត់​បន្ថយ​ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ីរី​ ជួយ​ជីវិត​មនុស្ស​និង​បង្កើត​ស្ថានភាព​សម្រាប់​ឱ្យ​ពួក​ជន​ខ្ចាត់​ព្រាត់​ពី​លំនៅ​ដ្ឋាន​វិល​ត្រឡប់​ដោយ​សុវត្ថិភាព​និង​ដោយ​ស្ម័គ្រ​ចិត្ត​ទៅ​កាន់​ផ្ទះ​សម្បែង​ពួក​គេ​វិញ»។

លោកស្រី ​Nauert ​បាន​និយាយ​ថា៖ «ការ​វាយ​លុក​យោធា​ណា​មួយ​ដោយ​របប​គ្រប់​គ្រង​ស៊ីរី​ទៅ​ក្នុង​តំបន់​មាន​ការ​ឈប់​បាញ់​គ្នា​ជា​ការ​រំលោភ​លើ​ការ​ផ្តើម​គំនិត​ទាំង​នេះ»។

លោកស្រី Nauert ​បាន​ថ្លែង​ថា​ ស.រ.អា.​«នៅ​តែ​ប្តេជ្ញា​ដល់​ស្ថិរភាព​នៃ​តំបន់​កាត់​បន្ថយ​សង្គ្រាមក្នុង​ប៉ែក​និរតី​នៃ​ប្រទេស​ស៊ីរី​និង​ដល់​ការ​ឈប់​បាញ់​គ្នា​នៅ​ក្នុង​តំបន់​នោះ​ផងដែរ»៕ ប្រភព៖ VOA