ភ្នំពេញ —សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ​ និង​ជា​មន្ត្រី​កំពូល​ទទួល​បន្ទុក​កិច្ចការ​ការពារ​ប្រទេស​ចិន​ ​នឹង​មក​បំពេញ​ទស្សន​កិច្ច​រយៈពេល​៥ថ្ងៃ​ ​នៅ​កម្ពុជា​ នៅ​ពាក់​កណ្តាល​ខែ​មិថុនា​នេះ​ ​ដើម្បី​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំង​ពីរ។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​ដែល​បាន​ចេញផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ព្រហស្បតិ៍។​

Loading...

ការ​មកបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​នាយឧត្តម​សេនីយ៍​ វៃ ហ្វេនហេ​ (Wei Fenghe)​ ​សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ​ ​និង​ជារដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន ​ធ្វើឡើង​តប​តាម​ការ​អញ្ជើញ​របស់​លោក​ ទៀ បាញ់​ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា។​ ​លោក​ Wei Fenghe​ ដែល​នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់​ពីថ្ងៃទី​១៦​ដល់​ថ្ងៃ​ទី​២០​ ខែ​មិថុនា​ ក៏​គ្រោង​នឹង​ជួប​សម្តែង​ការ​គួរ​សម​ចំពោះ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​នៅ​រាជធានី​ភ្នំពេញផង​ដែរ។​

លិខិត​របស់​អគ្គនាយកដ្ឋាន​យោធសេវា​របស់​ក្រសួង​ការពារ​ជាតិ​ ​ចុះ​ថ្ងៃ​ទី​១៤​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ ​បាន​សរសេរ​ក្នុង​ដើម​ថា៖​

«គណៈ​ប្រតិភូ​ក្រសួង​ការពារ​ប្រទេស​ចិន​ដឹកនាំ​ដោយ​ឯកឧត្តម​នាយឧត្តម​សេនីយ៍​ Wei Fenghe​ នឹង​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​ពិជ័យ​សេនា​ ឧប​នាយករដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ។ ​នៅ​ក្នុង​ជំនួប​ពិភាក្សា​នេះ​ក៏​មាន​រៀបចំ​ពិធី​ចុះ​ហត្ថលេខា​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ក្រសួង​ការពារ​ប្រទេស​ទាំង​ពីរ​ កម្ពុជា-ចិន​ ក្រោម​អធិបតី​ភាព​សមេ្តច​ពិជ័យ​សេនា​ ទៀ បាញ់​ និង​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ Wei Fenghe​ នៅ​អគារ​មិត្ត​ភាព​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី»។​

រូបឯកសារ៖ លោក​ Wei Fenghe​ រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​ចិន ស្បថចូលកាន់តំណែងនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨។

នាយ​ឧត្តម​សេនីយ៍​ ឈុំ​ សុជាតិ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​មាន​ប្រសាសន៍​ប្រាប់ VOA​ ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ដំណើរ​ទស្សនកិច្ច​របស់​លោក​ ​Wei Fenghe​ ​នឹង​ផ្តោត​ជា​សំខាន់​លើការ​ពង្រឹង​បន្ថែម​ទៀត​នៃ​កិច្ច​សហ​ប្រតិបត្តិការ​យោធា​ចិន​និង​កម្ពុជា។ ​លោកមិន​ផ្តល់​ការ​អធិប្បាយ​ទេ​ នៅ​ពេល​ត្រូវបាន​សួរ​ថា​ តើ​ភាគី​ចិន​អាច​នឹង​ពាំនាំ​ជំនួយ​យោធា​មក​ជូន​កម្ពុជា ​ឬយ៉ាងណា។​

«ទស្សន​កិច្ច​មិត្តភាព​រវាងក្រសួង​ការពារ​ជាតិ​ទាំងពីរ​នឹង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​កង​ទ័ព​កម្ពុជា​ និង​ចិន​ហ្នឹង​ អា​ហ្នឹង​ជា​បញ្ហា​សំខាន់​ហើយ​បាទ»។​

នាយ​ឧត្តម​សេនីយ៍​ ​ឈុំ សុជាតិ​ ​បានបញ្ជាក់​បន្ថែម​ថា​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ទាំងពីរ ​នឹង​ជួប​ពិភាក្សា​គ្នា​នៅទីស្តីការ​ក្រសួង​ការពារ​ជាតិ​កម្ពុជានា​ថ្ងៃ​ទី១៨​ ខែ​មិថុនា​ ហើយ​នឹង​មាន​ការ​ចុះ​ពិធី​សារ​ស្តីពី​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​យោធា​កម្ពុជា-ចិន។​

កងទ័ព​កម្ពុជា​បាន​បង្កើន​សហ​ប្រតិបត្តិការ​យោធា​ជាមួយ​កងទ័ព​ចិន​ បន្ទាប់ពី​ប្រទេស​កម្ពុជា​បាន​លុបចោល​ការ​ធ្វើ​លំហាត់​យោធា​សំខាន់ៗ​មួយ​ចំនួនជា​បន្ត​បន្ទាប់​ជាមួយ​សហរដ្ឋ​អាមេរិក​ កាល​ពី​ឆ្នាំ​២០១៧។​

នាពេល​កន្លង​មក​ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​យល់​ឃើញ​ថា​ គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កំពុង​តែ​ព្យាយាម​ឃ្លាត​ឆ្ងាយ​ពី​មហា​អំណាច​សហរដ្ឋ​អាមេរិក​ និង​បង្កើន​ការ​ពឹង​ផ្អែក​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​លើ​ប្រទេស​ចិន។​ ការណ៍​នេះ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា​ «ជោគ​វាសនា​របស់​កម្ពុជា​គឺ​ស្ថិត​លើ​ប្រទេស​ចិន»។​

កាលពី​ខែ​មិនា​ ​កងទ័ព​កម្ពុជា​ និង​ចិន​បាន​ធ្វើ​លំហាត់​ហ្វឹក​ហ្វឺន​រួមមួយ​ឈ្មោះ​ថា​ «នាគមាស​២០១៨»​ជា​លើក​ពីរ​ ​ដែល​អម​ដោយ​ការ​ប្រើ​ប្រាស់​អាវុធ​យុទ្ធ​ភ័ណ្ឌ​ទំនើបៗ​ ​ក្នុង​គោល​ដៅ​វាយ​បង្ក្រាប​ភេរវកម្ម ​និង​ការ​អន្ត​រាគមន៍​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ក្នុង​គ្រា​មាន​អាសន្ន​គ្រោះ​ធម្មជាតិ​នានា។​ ​លំហាត់​ហ្វឹក​ហ្វឺន​នោះ​បាន​ធ្វើឡើង​ ដោយ​មាន​រាប់​បញ្ចូល​ការ​បាញ់​គ្រាប់​ពិត​ តូច ​ធំ​នានា​ ​សរុប​ប្រមាណ​១៨.០០០​គ្រាប់ ​រួម​មាន​ការ​បាញ់​គ្រាប់​រ៉ុក្កែត​ពី​ឧទ្ថម្ភាគ​ចក្រ​ ​និង​ការ​វាយ​ប្រហារ​ដោយ​រថ​ពាស​ដែក​ថែម​ទៀត​ផង។​

កាល​ពី​ចុង​ឆ្នាំ​២០១៦​ ​សម​យុទ្ធ​យោធា​រួមគ្នា​ធំមួយ​រវាង​កម្ពុជា​ ​និង​ចិន​ត្រូវ​បាន​ធ្វើ​ឡើង​ជា​លើក​ដំបូង​បង្អស់។​ ​ក្រោយការ​ធ្វើ​សម​យុទ្ធនា​ពេល​នោះ​ ​ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ជាង​១៥០​លាន​ដុល្លារ​ ​សម្រាប់​ការ​សាង​សង់​ពហុ​កីឡាដ្ឋាន​ថ្មី​មួយ​ស្ថិត​លើ​ផ្ទៃដី​ទំហំ​៨៥​ហិកតា។​

ការ​បង្កើត​ចំណង​មិត្ត​ភាព​រវាង​យោធា​កម្ពុជា-ចិន​ធ្វើ​ឡើង​មិន​ប៉ុន្មាន​ខែ​ក្រោយ​ពេល​រដ្ឋាភិបាល​កម្ពុជា​ផ្អាក​ការ​លំហាត់​យោធា​មួយ​ចំនួន​ជាមួយ​សហរដ្ឋ​អាមេរិក។​ ​អ្នក​វិភាគ​ធ្លាប់​និយាយ​ថា​ គោល​ជំហរ​អព្យាក្រឹត្យរបស់​កម្ពុជា​ក្នុង​ទំនាក់​ទំនង​ការ​បរទេស​នឹង​នាំ​ឲ្យ​មាន​ចម្ងល់​ ​ប្រសិន​បើ​ប្រទេស​នេះ​ពឹង​ផ្អែក​ជ្រុល​លើ​ប្រទេស​ចិន​តែ​មួយ​នោះ៕ ប្រភព៖ VOA