ភ្នំពេញ —ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជា​ជាតិ ​(អ.ស.ប)​ បារម្ភ​ពី​ការ​បង្រ្កាប​សារ​ព័ត៌មាន​នៅ​កម្ពុជា​នា​មុន​ការ​បោះ​ឆ្នោត​និង​ថា​ ក្រម​សីលធម៌​អ្នក​សារ​ព័ត៌មាន​ ដែល​បង្កើត​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប)​ អាច​នាំ​ឲ្យ​មាន​ការ​រឹតត្បិត​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កាន់​តែ​ខ្លាំង ​និង​ផ្ទុយ​ទៅ​នឹង​បទដ្ឋាន​អន្តរជាតិ។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជា​ជាតិ​ ​ចេញ​នៅ​ថ្ងៃ​ទី១៤​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ ពី​ទី​ក្រុង​ហ្ស៊ឺណែវ ប្រទេស​ស្វ៊ីស​ ដែល​ VOA​ទើប​ទទួល​បាន​នៅ​ថ្ងៃ​សុក្រ​នេះ​ បញ្ជាក់​ថា​ កាលពី​ខែ​មុន​ គ.ជ.ប.​ បាន​ចេញ​ក្រម​សីលធម៌​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការ​បោះឆ្នោត ដោយ​ហាម​មិន​ឲ្យ​ចុះ​ផ្សាយ​ព័ត៌មាន​ដែល​អាច​នាំ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​ ឬ​បាត់​បង់​ទំនុក​ចិត្ត​ក្នុង​ការ​បោះ​ឆ្នោត។​

ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជា​ជាតិ​បន្ថែម​ថា ​ការ​ហាម​ឃាត់​ក្នុង​ក្រម​សីលធម៌​នោះ​ បាន​ប្រើ​ពាក្យ​ពេចន៍​ក្នុង​ន័យ​ទូលាយ​ និង​មិន​ច្បាស់​លាស់​ដែល​អាច​នាំ​ឲ្យ​មាន​ការ​រឹតត្បិត​លក្ខណៈ​ទូលំ​ទូលាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​អាច​មិន​ស្រប​នឹង​បទដ្ឋាន​អន្តរជាតិ។

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ត្រូវ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«អ្នក​សារ​ព័ត៌មាន​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​សេចក្តី​រាយការណ៍​អំពី​បញ្ហា​ទាំង​ឡាយ​ ដែល​កើត​មាន​នៅ​មុន​ពេល​បោះ​ឆ្នោត ជា​ពិសេស​បញ្ហា​ចម្រូងចម្រាស​នានា។​ការ​រាយការណ៍​បែប​នេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​រាយការណ៍​ព័ត៌មាន​ដែល​មាន​តម្លាភាព​និង​មាន​ទំនួល​ខុស​ត្រូវ​នៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត។​ ការ​រាយការណ៍​នេះ​ជួយ​ដល់​អ្នក​បោះ​ឆ្នោត​ឲ្យ​ធ្វើ​ការ​ជ្រើសរើស ដោយ​បាន​ទទួល​ព័ត៌មាន​គ្រប់​គ្រាន់»។

ខណៈ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៦ នឹង​ត្រូវ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី២៩ ខែ​កក្កដា ខាង​មុខ​នេះ គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត ​(គ.ជ.ប.)​បាន​ផ្សព្វផ្សាយ​ក្រម​សីលធម៌​សម្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ ដោយ​មាន​ការ​ហាមប្រាម​អ្នក​សារ​ព័ត៌មាន​មិន​ឲ្យ​ធ្វើ​សកម្មភាព​ជា​ច្រើន​ចំណុច ព្រម​ទាំង​មាន​ភ្ជាប់​នូវ​ទោសប្ប​បញ្ញត្តិ​ផង។

ក្នុង​ចំណុច​ទី៦ ​ដែល​ចែង​ពី​បម្រាម​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ក្រម​សីលធម៌​នោះ​រួម​មាន អ្នក​សារ​ព័ត៌មាន​ត្រូវ​បាន​ហាម​មិន​ឲ្យ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ណា​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​នាំ​ឲ្យ​បាត់​ទំនុក​ចិត្ត​លើការ​បោះ​ឆ្នោត ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដោយ​សម្អាង​លើ​ពាក្យ​ចចាម​អារ៉ាម​ ឬ​ព័ត៌មាន​ដែល​ពុំ​មាន​ភស្តុតាង​បញ្ជាក់​ ការ​បោះ​ពុម្ព​ផ្សាយ ​ឬ​ចែក​ចាយ​ព័ត៌មាន​ណា ​ដែល​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ដែល​បង្ក​ឲ្យ​មាន​ការភ័យ​ខ្លាច​ ឬ​បង្កជា​អំពើ​ហិង្សា​ណាមួយ​កើត​ឡើង ការ​បោះ​ពុម្ព​ផ្សាយ​ឬ​ផ្សាយ​បន្ត​នូវ​ព័ត៌មាន​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​សង្គម និង​ការបញ្ចេញ​បញ្ចូល​ទស្សនៈ​ផ្ទាល់​ខ្លួន ឬ​ក៏​ធ្វើ​បុរេ​វិនិច្ឆ័យ​នៅ​ក្នុង​ហេតុ​ការណ៍​កំពុង​កើត​មាន​ដែល​ខ្លួន​ធ្វើ​សេចក្តី​រាយការណ៍​ជា​ដើម។

ក្នុង​ក្រម​សីលធម៌​នោះ​ក៏​មាន​ស្រង់​ទោស​ប្ប​បញ្ញត្តិ​ក្នុង​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ត្រង់​មាត្រា​ ១៤២​ ដែល​ចែង​ពី​ការ​ផាក​ពិន័យ​ជា​ប្រាក់​ពី​ ៥​លាន​រៀល ទៅ​ ២០លាន​រៀល ដោយ​ពុំ​ទាន់​គិត​ពី​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ទៀត​ចំពោះ​ជន​ណា​ដែល​តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត​ដូច​ជា ការ​រារាំងប្រជា​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត ការ​ធ្វើ​ឲ្យ​មាន​ការ​ភាន់ច្រឡំ​នាំ​ឲ្យ​បាត់​ទំនុក​ចិត្ត​លើការ​បោះ​ឆ្នោត និង​ការ​បង្ក​ការ​រំខាន​មិន​ឲ្យ​ដំណើរ​ការ​បោះ​ឆ្នោត​ទៅ​បាន​ជាដើម។

ថ្មីៗ​នេះ ក្រសួង​មហា​ផ្ទៃ​បាន​ប្រកាស​ចាត់​វិធាន​ការលើ​អ្នក​ដែល​បង្ហោះសារ​លើ​បណ្តាញ​សង្គម​ ឬ​អ៊ីនធើណិត​ដែល​មាន​អត្ថន័យ​ថា​ «មិន​ទៅ​ចូល​រួម​ការ​បោះ​ឆ្នោត»​ដោយ​ក្រសួង​អះអាង​ថា ការ​បង្ហោះសារ​បែប​នេះ​ជា​សកម្មភាព​ផ្ទុយពី​ច្បាប់ បន្ទាប់​ពី​លោក សម រង្ស៊ី អតីត​ប្រធាន​គណ​បក្ស​ប្រឆាំង​និង​ក្រុម​ជំទាស់​ដែល​កំពុង​ស្ថិត​នៅ​បរទេស បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​កុំ​ទៅ​បោះ​ឆ្នោត ប្រសិន​បើ​មិន​មាន​ការ​ចូល​រួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជា​ជាតិ​បន្ថែម​ថា​ ការ​ហាមប្រាម​នោះ​ក៏​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ផង​ដែរ ទៅ​លើសិទ្ធិ​សេរីភាព​ក្នុង​ការ​បង្កើតសមាគម​និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិ​វិធី ដែល​ជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ការ​ចូល​រួម​ជា​សាធារណៈ​ក្នុង​បរិបទ​នៃ​ការ​បោះ​ឆ្នោត។​ អ្នក​ជំនាញ​ក៏​លើក​ទឹក​ចិត្ត​ឲ្យ​អាជ្ញាធរ​កម្ពុជា​ធានា​ឲ្យ​ប្រជា​ពលរដ្ឋ​អាចបញ្ចេញ​មតិ​ និង​ទស្សនៈ​នយោបាយ​ដោយ​សេរី រួម​ទាំង​ការ​មិន​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​នយោបាយ​ណាមួយ​ផង។

ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ដដែល​បន្ថែម​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​តាម​ន័យ​ដើម​ថា៖ «ទោះ​ជា​ច្បាប់​សិទ្ធិ​មនុស្ស​កម្ពុជា​និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ហាមប្រាម​យ៉ាង​ត្រឹម​ត្រូវ​ចំពោះ​ការ​បំភិតបំភ័យ​ ឬ​ការ​គំរាម​កំហែង​អ្នក​បោះ​ឆ្នោត​ក៏​ដោយ ក៏​ការ​អំពាវនាវ​ឲ្យ​ធ្វើ​ពហិការ​មិន​ទៅ​បោះឆ្នោត មិន​មែន​ជាការ​បង្ខិត​បង្ខំ ​ឬ​បំភិត​បំភ័យ​ឡើយ​ហើយ​ការ​អំពាវនាវ​នោះ​ទៀត​សោត ក៏​មិន​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​ដែរ។​ ផ្ទុយ​ទៅ​វិញ​ ការ​អំពាវនាវ​នេះ​គឺ​ទុក​ឲ្យ​អ្នក​បោះ​ឆ្នោត​សម្រេច​ដោយ​សេរី​ថា​ត្រូវ​ចូល​រួម​ឬ​មិន​ចូល​រួម​ការ​បោះ​ឆ្នោត»។

VOA​ មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ហង្ស ពុទ្ធា​ និង​លោក​ ឌឹម សុវណ្ណារុំ​ អ្នក​នាំ​ពាក្យ គ.ជ.ប​ បាន​ទេ​ រហូត​ដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ។

យ៉ាង​ណា​ក៏​ដោយ​លោក​ ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋ​មន្រ្តី​ប្រាប់​ VOA​ ​ថា​ កម្ពុជា​ជា​ប្រទេស​អធិបតេយ្យ​ដែល​ប្រើ​ប្រាស់​ច្បាប់​ប្រឆាំង​ទៅ​នឹង​សកម្មភាព​ទុច្ចរិត​ផ្សេងៗ​និង​ថា​ មិន​មាន​ស្ថាប័ន​អន្តរជាតិ​ណាមួយ​អាច​មក​ត្រួត​ត្រា​កម្ពុជា​បាន​នោះ​ទេ។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា៖​

«អង្គការ​សហប្រជា​ជាតិ​មិន​មែន​ជា​ម៉ែឪ​របស់​រដ្ឋ​អធិបតេយ្យ​កម្ពុជា​នោះ​ទេ។ ការ​ព្រួយ​បារម្ភ​ជា​សិទ្ធិ​របស់​គាត់ ហើយ​កម្ពុជា​ធ្វើ​តាម​ច្បាប់​របស់​កម្ពុជា​មាន។ ហើយ​ជាការ​បញ្ចេញ​យោបល់ ហើយ​និង​ការ​អំពាវនាវ ពីរ​ហ្នឹង​ខុស​គ្នា​ដូច​មេឃ​និង​ដី។ ទាំង​អស់​គ្នា​មាន​សិទ្ធិ​សេរីភាព​ចេញ​ទៅ​បោះ​ឆ្នោត​ និង​មិន​ចេញ​ទៅ​បោះ​ឆ្នោត។ ប៉ុន្តែ​ការ​អំពាវនាវ​ជា​ការ​រំលោភ​ច្បាប់ ដែល​ប្រឆាំង​នឹង​ច្បាប់​ការ​បោះ​ឆ្នោត។ ជនណា​ដែល​បង្ក​ឲ្យ​មាន​ឧបសគ្គ​ការ​បោះឆ្នោត ដំណើរ​ការ​ការ​បោះ​ឆ្នោត ជន​ហ្នឹង​ត្រូវ​ទទួល​ទោស អា​ហ្នឹង​ច្បាប់​យើង​មាន​ហើយ»។​

ការ​បោះ​ឆ្នោត​អាណត្តិ​នេះ​កំពុង​ត្រូវ​បាន​ស្ថាប័ន​ជាតិ​និង​អន្តរជាតិ​ធំៗ​មួយ​ចំនួន​យល់​ឃើញ​ថា ជា​ការ​បោះ​ឆ្នោត​ដែល​មិន​មាន​ភាពសេរី​និង​យុត្តិធម៌ បន្ទាប់​ពី​គណ​បក្ស​ប្រឆាំង​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូ​ទាំង​ប្រទេស ត្រូវ​បានតុលា​ការ​កំពូល​រំលាយ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ​ដោយ​ចោទ​ថា គណ​បក្ស​នេះ​បាន​ឃុបឃិត​ជា​មួយ​បរទេស រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន។

មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​អះអាង​ថា​ ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​គឺ​ធ្វើ​ឡើង​ទៅ​តាម​ច្បាប់ ខណៈ​គ.ជ.ប.​ដែល​លែង​មាន​សមាជិក​មកពី​គណ​បក្ស​ប្រឆាំងបាន​អះអាង​ថា ខ្លួន​រៀបចំ​ការ​បោះ​ឆ្នោត​ទៅ​តាម​ច្បាប់​កម្ពុជា​ដែល​មាន​ចែង​ជា​ធរមាន។​

ទាំង​គ.ជ.ប.​និង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ សុទ្ធ​តែ​បាន​លើក​ឡើង​ថា​ ការ​បោះ​ឆ្នោត​នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក បើ​ទោះ​ជា​មិន​មាន​វត្ត​មាន​របស់​គណ​បក្ស​សង្គ្រោះជាតិ មិន​មាន​ការ​ចូល​រួម​សង្កេត​ការណ៍​របស់​ក្រុម​សង្គម​ស៊ី​វិល និង​មិន​មាន​ការ​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​ពី​បណ្តា​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ធំៗ​មួយ​ចំនួន​ក៏​ដោយ៕ ប្រភព៖ VOA