គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ បាន​បង្ហាញ​ដំណើរ​ការ​បោះពុម្ព​សន្លឹក​ឆ្នោត នៅ​រោង​ពុម្ព ក្នុង​សង្កាត់​បឹងកក់​ទី​១។ ជា​ការ​បោះពុម្ព​សន្លឹក​ឆ្នោត​សរុប​ជាង​១០​លាន​សន្លឹក តម្លៃ​ជាង ២.៦​លាន​ដុល្លារ​អាមេរិក សម្រាប់​ប្រើ​ប្រាស់ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ នីតិកាល​ទី​៦ ២៩​កក្កដា​ខាង​មុខ។

ក្រោយ​ពី​ការ​បង្ហាញ ដំណើរ​ការ​សង្វាក់​ផលិតកម្ម​សន្លឹក​ឆ្នោត ​​លោក​ ឌឹម សុវណ្ណារុំ ជា​អ្នក​នាំ​ពាក្យ គ.ជ.ប បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ការ​បោះពុម្ព​សន្លឹក​ឆ្នោត​នេះ​ត្រូវ​ធ្វើ​ឡើង​ជា​ពីរ​ជួរ​ទៅ​តាម​លេខ​រៀង​របស់​គណបក្ស​នយោបាយ​ទាំង​២០​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត ដោយ​មាន​ទំហំ​ធំ​ជាង​សន្លឹក​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣។ ប៉ុន្តែ​លោក ឌឹម សុវណ្ណារុំ គូស​បញ្ជាក់​ថា សន្លឹក​ឆ្នោត​នីមួយៗ មិន​សុទ្ធ​តែ​ដូច​គ្នា​ទាំង​អស់​នោះ​ទេ ដោយ​សារ​តែ​មាន​គណបក្ស​ចំនួន​តែ​៩​ប៉ុណ្ណោះ​ដែល​បាន​ឈរ​ឈ្មោះ​នៅ​គ្រប់​២៥​រាជធានី-ខេត្ត ខណៈ​គណបក្ស​ចំនួន​១១​ទៀត​បាន​ឈរ​ឈ្មោះ​តែ​មណ្ឌល​ធំៗ​មួយ​ចំនួន។

គិត​ត្រឹម​ថ្ងៃ​ទី​១៥​ខែ​មិថុនា ការ​បោះពុម្ព​សន្លឹក​ឆ្នោត​បាន​រួច​រាល់​សម្រាប់​ចំនួន​១៤​ខេត្ត​ហើយ ដោយ​ការ​បោះ​ពុម្ព​នេះ ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១០​ខែ​កក្កដា។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ដដែល។

​លោក ឌឹម សុវណ្ណារុំ បាន​បញ្ជាក់​ថា សន្លឹក​ឆ្នោត​ដែល​នឹង​ត្រូវ​បោះពុម្ភ ដើម្បី​បម្រើ​ដល់​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ មាន​ចំនួន ជាង​១០​លាន​៥​សែន​សន្លឹក ក្នុង​នោះ​សន្លឹក​ឆ្នោត​គំរូ​ជាង ៣​សែន​សន្លឹក និង​សន្លឹក​ឆ្នោត​បម្រុង​ជាង​៦​សែន​៦​ម៉ឺន​សន្លឹក។

ការ​ត្រៀម​សន្លឹក​ឆ្នោត​បម្រុង​ច្រើន​បែប​នេះ ត្រូវ​បាន​លោក ឌឹម សុវណ្ណារុំ អះអាង​ថា ដើម្បី​ត្រៀម​ជំនួស​សន្លឹក​ឆ្នោត​ដែល​ខូច​ដោយ​សារ​បញ្ហា​ប្រធាន​ស័ក្ត និង​ករណី​អ្នក​បោះ​ឆ្នោត​គូស​ច្រឡំ​ហើយ​សុំ​ដូរ​សន្លឹក​ឆ្នោត​ថ្មី។ តាម​គោលការណ៍ ការ​សុំ​ដូរ​សន្លឹក​ថ្មី​បាន​តែ​ម្តង​គត់​សម្រាប់​អ្នក​បោះ​ឆ្នោត​ម្នាក់។ តែ​បើ​តាម លោក ឌឹម សុវណ្ណារុំ សន្លឹក​ឆ្នោត​បម្រុង​នៅ​ពេល​នេះ គឺ​បាន​កាត់​បន្ថយ​ជាង​៥០%​ បើ​ធៀប​នឹង​ពេល​បោះ​ឆ្នោត​លើក​មុនៗ។

បើ​តាម គ.ជ.ប ​ថវិកា​ដែល​ត្រូវ​ចំណាយ​ក្នុង​ការ​បោះពុម្ព​សន្លឹក​ឆ្នោត​សរុប​ជាង​១០​លាន ៥​សែន​សន្លឹក គឺ​មាន​ប្រមាណ​ជាង​២.៦​លាន​ដុល្លារ ក្នុង​នោះ​សន្លឹក​ឆ្នោត​មួយ​សន្លឹក ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​៩៩០​រៀល ខណៈ​ចំនួន​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​មាន​ជាង​៨​លាន​៣​សែន​នាក់៕ ប្រភព៖ RFI