​ភ្នំពេញ​៖ បុរស​ម្នាក់ ដែល​ប្រើ​អំពើហិង្សា​យ៉ាង​ឃោរឃៅ​វាយ​ធ្វើបាប​កូនប្រុស​ខ្លួនឯង ហើយ​ត្រូវបាន​ថត​វីដេអូ​បង្ហោះ​ចែករំលែក តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក ពេលនេះ ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ឃាត់ខ្លួន មក​សួរនាំ​នៅ​រសៀល​ថ្ងៃទី​១៥ ខែ​មិថុនា​នេះ​នៅ​ចំណុច​ផ្ទះ​លេខ​៧៣ ផ្លូវ​មុន្នី​រ៉េត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​លោក​ឧត្តមសេនីយ៍ឯក ប៉ុល ពិធេ​យ្យ ប្រធាន​នាយកដ្ឋាន​នគរបាល ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ទៀតថា ជនសង្ស័យ​ឈ្មោះ ហិន សុផាន់​ណា អាយុ​៣៩​ឆ្នាំ ស្នាក់នៅ​ចំណុច​ផ្ទះ​លេខ​៧៣ ផ្លូវ​មុន្នី​រ៉េត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។ ចំណែក​កុមារ​រងគ្រោះ​ឈ្មោះ ហេង ឡិ​ថុន ភេទ ប្រុស អាយុ​៥​ឆ្នាំ ជា​កូនប្រុស​។​

​លោក​ឧត្តមសេនីយ៍ឯក បាន​បញ្ជាក់ទៀតថា ពេល​នេះ​ជនសង្ស័យ វាយ​ធ្វើបាប​កូន​បង្កើត​នោះ កំពុង​សួរនាំ នៅ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ក្រសួង​មហាផ្ទៃ ។​

​នៅ​ប៉ុន្មាន​ថ្ងៃមុន​នេះ វីដេអូ​ឃ្លីប​មួយ​ត្រូវបាន​គេ​បង្ហោះ ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក បង្ហាញ​ពី​សកម្មក​ភាព​បុរស​ម្នាក់ បាន​វាយ​ធ្វើបាប​កូនប្រុស​ម្នាក់​យ៉ាង​ព្រៃផ្សៃ ហើយ​ទទួលរង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​មហាជន​នូវ​ទង្វើ​ដ៏​ឃោរឃៅ​នេះ​៕​