ព្រះ​អង្គម្ចាស់នរោត្តម រណឬទ្ធិ​បាន​រងរបួស​ជា​ទម្ងន់ ហើយ​ភរិយា​របស់​ព្រះអង្គ​បាន​ស្លាប់​នៅ​ក្នុងគ្រោះ​ថ្នាក់បុករថយន្ត​នៅ​ថ្ងៃ​អាទិត្យ​នេះ​នៅ​ខេត្ត​ព្រះ​សីហនុ ​នេះតាម​ការ​បញ្ជាក់​របស់​ប៉ូលិស។

លោកជួន ​ណារិន ​ប្រធាន​ប៉ូលិស​ខេត្ត​ព្រះសីហនុ ​បាន​និយាយថា រថយន្ត​របស់​ទ្រង់​នរោត្តម រណឬទ្ធិ​បាន​ត្រូវ​រថយន្ត​ឈ្នួលបើក​បុក​ក្នុង​ទិសដៅ​បញ្ច្រាស់គ្នា។​ លោកជួន ​ណារិន​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​ ថា «ទ្រង់រណឬទ្ធិ​បាន​ត្រូវ​ដឹកតាម​ឧទ្ធម្ភាគ​ចក្រទៅ​កាន់​ទីក្រុង​ភ្នំពេញ​ដើម្បី​សង្គ្រោះ​បន្ទាន់។​ ទ្រង់​មាន​របួស​ជាទម្ងន់​ក៏ប៉ុន្តែនឹង​ជា​សះ​ស្បើយ​វិញ»។

លោកជួន ​ណារិន​បាន​ប្រាប់​ឲ្យ​ដឹងទៀត​ថា អ្នក​ម្នាង អ៊ុក ​ផល្លា មាន​អាយុ​៣៩​ឆ្នាំ​ជា​អតីត​អ្នក​រាំរបាំ​បុរាណ​ដែល​ជាភរិយា​របស់​ព្រះ​អង្គបាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ក្រុង​ព្រះសីហនុ។ លោក​ជួន ​ណារិន ​និយាយ​បន្ត​ទៀត​ថា រថយន្ត​ទាំង២​ដែល​ទាក់​ទិន​ក្នុងការ​បុកគ្នា​នោះ​បាន​បើក​ក្នុង​ល្បឿន​លឿន។

ទ្រង់នរោត្តម រណឬទ្ធិ​ជា​ព្រះ​រាជបុត្រា​របស់​ព្រះបរមរតនកោដិ ន​រោត្តម សីហនុ​។ ​ព្រះ​អង្គបាន​ត្រឡប់​មកកាន់​ឆាក​នយោបាយ​វិញ​នៅ​ឆ្នាំ​២០១៥​ដើម្បី​ដឹកនាំ​គណ​បក្ស​រាជា និយមហ្វ៊ុនស៊ីនប៉ិចវិញ។

នៅ​ឆ្នាំ​១៩៩៧ ព្រះ​អង្គ​មាន​ត្រូវទម្លាក់​ចេញ​ពី​តំណែង​ជា​សហនាយករដ្ឋ​មន្រ្តី​នៅ​ក្នុង​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​មួយ​ហើយ​ចាប់​តាំង​ពី​ព្រះ​អង្គបាន​វិលត្រឡប់​មក​កាន់​នយោបាយ​វិញ ​ព្រះ​អង្គបាន​សន្យា​ធ្វើ​ការជាមួយលោក ហ៊ុន សែន អតីតគូ​ប្រ​ជែង​និង​ជានាយករដ្ឋ​មន្រ្តី​ដែល​កាន់​អំណាច​ដ៏យូរ​អង្វែង។

​គណបក្ស​ហ្វ៊ុន​ស៊ីន​ប៉ិចរបស់ទ្រង់ រណឬទ្ធិ​ បាន​ទទួល​អាសនៈ​សភា​ស្ទើរតែ​ទាំង​អស់ របស់គណបក្ស​សង្គ្រោះ​ជាតិ​បន្ទាប់​ពី​តុលាការ​រំលាយ​គណបក្ស​នោះ ​ហើយ​មេដឹកនាំ​របស់​គណបក្ស​នោះគឺ​លោក ​កឹម សុខា ​បាន​ត្រូវ​ចាប់​ខ្លួន​លើបទ​ចោទ​ប្រកាន់​ពីការ​ក្បត់​ជាតិ៕ ប្រភព៖ VOA