អង្គការ​បណ្តាញ​អាស៊ាន​​ដើម្បី​​ការ​បោះ​ឆ្នោត​ដោយ​សេរី ANFREL កាលពី​ថ្ងៃ​ទី ១៥ មិថុនា បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដោយ​វាយ​តម្លៃ​ស្ថានការណ៍​មុន​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ថា​មិន​មាន​ស្ថានភាព​ល្អ​ប្រសើរ​សម្រាប់​ការ​ប្រកួត​ប្រជែង។ យ៉ាង​ណា​ក៏​ដោយ គជប បាន​ច្រាន​ចោល​ការ​លើក​ឡើង​ក្នុង​របាយការណ៍​នេះ។

Loading...

នៅ​ក្នុង​របាយការណ៍​ស្តីពី​ការ​វាយ​តម្លៃ​មុន​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដែល​មាន​កម្រាស់ ១៥​ទំព័រ របស់​អង្គការ​បណ្តាញ​អាស៊ាន​​ដើម្បី​​ការ​បោះ​ឆ្នោត​ដោយ​សេរី ANFREL ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ជំនាញ​ខាង​ការ​បោះ​ឆ្នោត​មកពី​ប្រទេស​ចំនួន​៥ បាន​ទាញ​ការ​សន្និដ្ឋាន​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ខាង​មុខ​នេះ នឹង​មិន​មាន​ភាពសេរី និង​យុត្តិធម៌​ដោយ​ផ្អែក​លើ​ចំណុច​ចំនួន​៤។

នៅ​ក្នុង​នោះ​រួម​មាន បក្ស​នយោបាយ និង​សង្គម​ស៊ី​វិល​មិន​មាន​សិទ្ធិ​ពេញ​លេញឃ្លាំ​មើល ខណៈ​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ​ឯករាជ្យ​រងការ​ដាក់​សម្ពាធ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អង្គការ ANFREL បាន​រក​ឃើញ​ទៀត​ថា មាន​ការ​ដាក់​សម្ពាធ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​បោះ​ឆ្នោត និងតួអង្គ​ប្រកួត​ប្រជែង​គណ​បក្ស​​មាន​ឥទ្ធិពល​មាន​តែ​មួយ​ក្រោយ​ពេល​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ។

តាម​របាយការណ៍​ដ​ដែល អង្គការ​ANFREL ក៏​បាន​​រៀបរាប់​ព្រឹត្តិការណ៍​មុន​បោះ​ឆ្នោត​មួយ​ចំនួន ដែល​អង្គការ​នេះ អះអាង​ថា នឹង​ធ្វើ​ឱ្យ​ប៉ះពាល​ដល់​ស្ថានការណ៍​បោះ​ឆ្នោត​នៅ​កម្ពុជា​ខាង​មុខ​នេះ ដូចជា​ការ​ចាប់​ខ្លួន លោក កឹម សុខា ប្រធាន​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ ការ​រំលាយ​គណ​បក្ស​សង្រ្គោះ​ជាតិ និង​ការហាមឃាត់សិទ្ធ​ធ្វើ​នយោបាយ​របស់​មន្រ្តី​អតីត​បក្ស​ប្រឆាំង​ចំនួន​១១៨​នាក់ ជា​ដើម។ យ៉ាង​ណា​ក៏​ដោយ អ្នក​នាំ​ពាក្យ​គ.ជ.ប លោក ហង្ស ពុទ្ធា ហៅ​របាយការណ៍​នេះ​ថា មិន​ឆ្លុះ​បញ្ចាំងពីសង្គមកម្ពុជា។

ជាការ​កត់​សម្គាល់ សេចក្តី​ថ្លែង​ការណ៍​របស់ អង្គការ ANFREL នា​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់ ក្រុម​សមាជិក​សភា​អាស៊ាន​​ដើម្បី​​សិទ្ធិ​មនុស្ស​(APHR) កាលពី​ថ្ងៃ​ទី១២ មិថុនា ទើប​បាន​ចេញ​មុខ​រិះគន់​ចំពោះ​ការ​បំភិតបំភ័យ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ពួក​គេ​អះអាង​ថា​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​កម្ពុជា ដើម្បី​​ជំរុញ​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

ក៏​ប៉ុន្តែ លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណ​បក្ស​​គណ​បក្ស​​ប្រជាជន​កម្ពុជា ហាក់​មិន​ភ្ញាក់​ផ្អើល​នឹង​ការ​លើក​ឡើង​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​​ដើម្បី​​សិទ្ធិ​មនុស្ស​នេះ​ទេ។ មិន​ភ្ញាក់​ផ្អើល​ដោយ​សារតែ​លោក​ចាត់​ទុកថា​ក្រុម​សមាជិក​សភា​អាស៊ាន​​ដើម្បី​​សិទ្ធិ​មនុស្ស​មាន​ភាពលម្អៀង​ទៅ​រក​អតីត​បក្ស​ប្រឆាំង។ សម្រាប់​លោក​សុខ ឥសាន អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ គឺ​ក្នុង​គោល​បំណង​ការពារ​សន្តិសុខ​ជាតិ និង ធ្វើ​តាម​ព្រះ​រាជសារ​របស់​ព្រះ​មហា​ក្សត្រ​កម្ពុជា​ដែល​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នាៗតែ​ប៉ុណ្ណោះ៕ ប្រភព៖ RFI