ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​ចន្ទ​បាន​មាន​ប្រសាសន៍​ថា ការ​បំបែក​កូនៗ​ចេញ​ពី​ឪពុកម្តាយ​របស់​ពួកគេ​ដែល​ព្យាយាម​ចូល​មក​កាន់​សហរដ្ឋអាមេរិក​ដោយ​ខុសច្បាប់​គឺ​ជា​រឿង​អកុសល​ ប៉ុន្តែ​លោក​មិន​បង្ហាញ​សញ្ញា​ផ្លាស់ប្ដូរ​គោលនយោបាយ​របស់​លោក​នោះ​ទេ។ ​

Loading...

លោក ត្រាំ បាននិយាយ​ថា «ប្រទេស​មួយ​ដែល​គ្មាន​ព្រំដែន​មិនមែន​ជា​ប្រទេស​នោះ​ទេ។ យើង​ចង់​ឲ្យ​មាន​សុវត្ថិភាព​និង​សន្តិសុខ​សម្រាប់​ប្រទេស​របស់​យើង ហើយ​យើង​ត្រូវ​ចាប់​ផ្តើម​ពី​ព្រំដែន‍»។

មេដឹកនាំ​កំពូល​របស់​អាមេរិក​រូប​នេះ​បាន​និយាយ​ថា អាមេរិក​មិន​ចង់​ឲ្យ​មាន​ជំរំ​ជនភៀស​ខ្លួន​ឬ​ទីតាំង​សម្រាប់​ដាក់​ជនភៀសខ្លួន​នោះ​ទេ។លោក​បាន​ប្រកាស​ថា ​នឹង​មិនមាន​ជំរំ​ភៀសខ្លួន​ក្នុង​អាណត្តិ​របស់​លោក​ជា​ប្រធានាធិបតី​នោះ​ទេ។

លោកត្រាំ បាន​បន្ទោស​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ចំពោះ​ភាពជាប់​គាំង​ទៅ​លើ​គោលនយោបាយ​អន្តោប្រវេសន៍​របស់​អាមេរិក បើ​ទោះ​បី​ជា​គណបក្ស​សាធារណរដ្ឋ​របស់​លោក ត្រាំ ទៅ​វិញ​ទេ​ដែល​ជា​អ្នក​ត្រួតត្រា​លើ​សភា​ទាំង​ពីរ​ជាន់​ថ្នាក់​ ហើយ​គោលនយោបាយ​បំបែក​ក្រុមគ្រួសារ​នៅ​ព្រំដែន​ត្រូវ​បាន​កំណត់​ដោយ​រដ្ឋបាល​របស់​លោក​ផ្ទាល់។

លោក ត្រាំ បាន​ថ្លែង​ដូច្នេះ​នៅ​ឯ​សេតវិមាន ខណៈ​ដែល​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​និង​ប្រជាធិបតេយ្យ​និយាយ​វាយប្រហារ​លោក​និង​រដ្ឋបាល​របស់​លោក ចំពោះ​ការ​អនុវត្ត​ច្បាប់​តឹងរ៉ឹង​នៅ​ព្រំដែន ដែល​បាន​បណ្តាល​ឲ្យ​ក្រុមគ្រួសារ​បែកបាក់​គ្នា ហើយ​កុមារ​ជិត​២០០០​នាក់​កំពុង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មជ្ឈមណ្ឌល​ឃុំ​ឃាំង​ធំៗ​ឬ​កន្លែងមើល​ថែរក្សា​កុមារ​ចាប់​ពីពាក់កណ្តាល​ខែ​មេសា រហូត​ដល់​ចុង​ខែ​ឧសភា។

ភរិយា​លោក ត្រាំ គឺ​លោកស្រី Melania Trump បាន​ធ្វើ​សេចក្តីថ្លែងការណ៍​សាធារណៈ​ដ៏​កម្រ​មួយ​តាមរយៈ​អ្នក​នាំពាក្យ​របស់​លោកស្រី​កាល​ពី​ថ្ងៃ​អាទិត្យ​ថា លោកស្រី​ «ស្អប់​មិន​ចង់​ឃើញ​កុមារ​ត្រូវ​បាន​បំបែកបំបាក់​ពី​ក្រុមគ្រួសារ​របស់​ពួកគេ​ទេ ហើយ​លោកស្រី​សង្ឃឹម​ថា ភាគី​នយោបាយ​ទាំងសងខាង​អាច​ឯកភាព​គ្នា​ទៅ​លើ​កំណែទម្រង់​អន្តោប្រវេសន៍​ដ៏​ជោគជ័យ​មួយ។ លោកស្រី​ជឿ​ថា យើង​ត្រូវ​ការ​ប្រទេស​មួយ​ដែល​អនុវត្ត​ទៅ​តាម​ច្បាប់ ប៉ុន្តែ​យើង​ក៏​ត្រូវការ​ប្រទេស​មួយ​ដែល​ដឹកនាំ​ដោយ​ទឹកចិត្ត​ល្អ​ផង​ដែរ‍»៕ ប្រភព៖ VOA