របាយការណ៍​ថ្មី​មួយ​បាន​រក​ឃើញ​ថា ជនស៊ីវិល​នៅ​ក្នុង​សហរដ្ឋអាមេរិក​មាន​កាំភ្លើង​ច្រើន​ជាង​ប្រទេស​ដទៃទៀត ដោយ​ស្មើ​នឹង​៤០​ភាគរយ​នៃ​កាំភ្លើង​ប្រមាណ​៨៥៧​លាន​កាំភ្លើង​ដែល​កាន់​កាប់​ដោយ​ឯកជន។

Loading...

នៅ​ក្នុង​របាយការណ៍​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ អង្គការ​ Small Arms Survey ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង ហ្សឺណែវ បាន​និយាយ​ថា ពលរដ្ឋ​អាមេរិកាំង​មាន​កាំភ្លើង​៣៩៣​លាន ច្រើន​ជាង​ប្រទេស​២៥​ទៀត​បូក​បញ្ចូល​គ្នា​ នៅ​ក្នុង​ការ​វាស់​ស្ទង់មតិ​នោះ។ របាយការណ៍​នោះ​បាន​ប្រើប្រាស់​ទិន្នន័យ​ដែល​ប្រមូល​បាន​កាល​ពី​ទសវត្សរ៍​មុន។

ប្រទេស​ឥណ្ឌា​និង​ចិន​ដែល​មាន​ប្រជាជន​ប្រមាណ១៣០០​លាន​នាក់​រៀងៗខ្លួន មាន​ជនស៊ីវិល​កាន់​កាំភ្លើង​៧១​លាន​ដើម​នៅ​ឥណ្ឌា និង​៤៩,៧​លាន​ដើម​នៅ​ចិន។

ការសិក្សារបស់លោក Aaron Karp ដែលត្រូវបានដាក់បង្ហាញនៅក្នុងសន្និសីទសារព័ត៌មានមួយបាននិយាយថា «ពលរដ្ឋអាមេរិកាំងធម្មតាទិញកាំភ្លើងថ្មីនិងនាំចូលប្រមាណ១៤លានដើមជារៀងរាល់ឆ្នាំ‍»។

លោក​និយាយ​ថា ទីផ្សារ​កាំភ្លើង​របស់​អាមេរិក​មិនមែន​ត្រឹម​តែ​ធំ​នោះ​ទេ​ គឺ​ថែម​ទាំង​គ្មាន​នរណា​ដូច​ទៀត​ផង។

លោកបានថ្លែងថា «វាជារឿងមួយចម្លែកណាស់ដែលមនុស្សធម្មតាអាចទិញអាវុធដ៏មានអានុភាព ដែលគេមិនអាចរកទិញបាននៅក្នុងប្រទេសដទៃទៀត ឧទាហរណ៍ដូចជាកាំភ្លើងពាក់កណ្តាលស្វ័យប្រវត្តិជាដើម‍»៕ ប្រភព៖ VOA