​ការ​ដើរលេង​កម្សាន្តរ​យៈ​ពេល​ខ្លី​ទៅកាន់​ទីប្រជុំជន Sekinchan គឺជា​សកម្មភាព​ដ៏​ពេញនិយម​មួយ ជាពិសេស​ប្រសិន​អ្នករស់នៅ​ក្នុង​ជ្រលង​ភ្នំ Klang ក្នុងប្រទេស​ម៉ាឡេស៊ី ។ ហើយ​អ្វីដែល​ទាក់ទាញ​អ្នកដើរ​លេង​បំផុត​នោះ គឺ​គ្មានអ្វី​ជាជាង​ទេសភាព​វាលស្រែ​ដ៏​ស្រស់បំព្រង​នោះទេ ដែល​ផ្តល់​ភាពល្អប្រសើរ​សម្រាប់​ពួកគេ​ថតរូប​ផ្សេងៗ បង្ហោះ​ឡើង​បណ្តាញ​សង្គម ។​

​ទោះយ៉ាងណា ប្រសិនបើ​អ្នក​ចូលចិត្ត​ថតរូប​ជាមួយ​ទេសភាព​វាលស្រែ​ស្រូវ​ទុំ នោះ​អ្នក​គួរតែ​យកចិត្ត​ទុក​ផង ព្រោះថា​អ្នក​អាច​កំពុង​ធ្វើ​ឲ្យ​ផលដំណាំ​ស្រូវ​របស់​ប្រជាកសិករ​ក្រីក្រ​ទាំងនោះ​ខូច​!! ។ តាមរយៈ​ការ​ថ្ងៃ​ឈប់សំរាក​វិស្សមកាល​ថ្មីៗ​នេះ និង​ការ​ប្រារព្ធ​ពិធីបុណ្យ Hari Raya នោះ​មានការ​កើនឡើង​ចំនួន​ភ្ញៀវ​ទេស​យ៉ាងច្រើន​កុះករ ទៅកាន់ Sekinchan ។ ប៉ុន្តែ ទន្ទឹម​នោះ​ផងដែរ កសិករ​ជាច្រើន​បាន​កំពុង​ត្អូញត្អែរ​ជាខ្លាំង​ថា វាលស្រែ​របស់​ពួកគេ​កំពុង​ត្រូវបាន​បំផ្លាញ​ដោយ​ភ្ញៀវទេសចរ​គ្មាន​ខួរ​គិត ។​

​នៅពេលនេះ កសិករ​ទុក្ខព្រួយ​ទាំងនោះ​នៅ Sekinchan បានដាក់​ស្លាក​បដា​ជាច្រើន នៅ​ជុំវិញ​ស្រែ​របស់​ពួកគេ ដើម្បី​ព្រមាន​ដល់​ពួក​ភ្ញៀវទេសចរ កុំ​ឲ្យ​ចូលក្នុង​ស្រែ​របស់​ពួកគាត់​ទៀត ប៉ុន្តែ ភ្ញៀវទេសចរ​ទាំងនេះ​ពុំបាន​យកចិត្តទុកដាក់​សូម្បី​បន្តិច​ឡើយ ។ ផ្ទុយទៅវិញ ពួកគេ​នៅ​បន្ត​លុកលុយ​ក្នុង​ស្រែ ដើម្បី​ស្វែងរក​ទីកន្លែង​សមសួន ដើម្បី​ថតរូប​របស់​ពួកគេ ហើយ​ពួកគេ​បាន​វែកផ្លូវ​ដោយ​ជាន់​ទៅ​ដើមស្រូវ បណ្តាល​ឲ្យ​រង​ការខាតបង់​ជាខ្លាំង ។​

​សមាគម​ទេសចរណ៍ Sekinchan និយាយថា ពួកគេ​ក៏បាន​ព្យាយាម​យ៉ាងខ្លាំង ដើម្បី​អប់រំ​ភ្ញៀវទេសចរ​ទាំងនោះ ដែល​មក​ទស្សនា​ភូមិ​នេះ តាមរយៈ​សារ​នៅលើ​ទំព័រ​កាសែត ឬ សៀវភៅ ប៉ុន្តែ ពួកគេ​នៅតែ​មិន​ស្តាប់​តាម​ដំបូន្មាន​របស់​ពួកគេ​នោះទេ ។ ពួកគេ​និយាយថា ពួកគេ​យល់​ហើយ​ថា មនុស្ស​ចូលចិត្ត​មក​ថតរូប​ដ៏​ស្រស់ស្អាត នៅ​វាលស្រែ​នៅក្នុង Sekinchan ប៉ុន្តែ វា​មិនចាំបាច់​ត្រូវ​ដើរ​លុកលុយ​ក្នុង​ដំណាំ​របស់​កសិករ​បែបនេះ​ឡើយ ។​

​កសិករ​រង​ផលប៉ះពាល់​បាន​និយាយថា ពួកគេ​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​ភ្ញៀវទេសចរ​មកកាន់​វាលស្រែ​របស់​ពួកគេ ដើម្បី​ស្វែងយល់​បន្ថែម អំពី​ដំណើរការ​លូតលាស់​រប​ស់​ស្រូវ ប៉ុន្តែ បែរជា​មានការ​សោកស្តាយ​ជាខ្លាំង នៅពេល​ភ្ញៀវទេសចរ​ទាំងនោះ ពុំ​យកចិត្តទុកដាក់​លើ​ស្លាក​សញ្ញា​ព្រមាន ឬ ពេញចិត្ត​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​ក្នុង​ការដាំដុះ​ស្រូវ​បែបនេះ ៕