ការផលិត​ប្លាស្ទិក​នៅទូទាំង​ពិភពលោក បាន​កើនឡើង ខ្ពស់ នៅ​ឆ្នាំ ២០១៧។ តាម​សហព័ន្ធ​ប្លាស្ទីក អឺរ៉ុប គេ​បាន​ផលិត ប្លាស្ទិក ៣៤៨​លាន​តោន នៅឆ្នាំ ២០១៧ គឺ​កើនឡើង​ប្រមាណ ៣,៩%។ ឧស្សាហកម្ម ផលិត​ប្លាស្ទិក​មាន​សុខភាព​ល្អ ក្នុង​ខណៈពេល​ដែល​ផលិត​ធ្វើ​ពី​ប្លាស្ទិក​កំពុង​ក្លាយ​ជាផ្ទាំងស៊ីប ត្រូវ​អ្នក​បរិស្ថាន ចាត់ទុកថា ជាគ្រោះថ្នាក់​សម្លាប់​ជីវិត​សត្វសមុទ្រ និងសុខភាព​របស់​មនុស្ស។

Loading...

នៅក្នុង​សន្និសីទ​កាសែត នៅថ្ងៃ​ម្សិលមិញ សហព័ន្ធ​ប្លាស្ទីក​អឺរ៉ុប​បាន​បង្ហាញ​ពី​លទ្ធផល​ជា​ទីមោទភាព​នៃ​ផលិតកម្ម​ប្លាស្ទិក ក្នុង​ឆ្នាំ ២០១៧។ ជារួម ការផលិត​ប្លាស្ទិក​បាន​កើនឡើង ដោយ​មក​ពី​តម្រូវការ​ប្លាស្ទិក​នៅតែ​មាន​ច្រើន នៅក្នុង​វិស័យ​ធំពីរ គឺ វិស័យ​ផលិត​យានយន្ត និង​រោងចក្រ​ផលិត​គ្រឿង​អគ្គិសនី គ្រឿង​អេឡិចត្រូនិក។ តាម​ប្រធាន​ផ្នែក​បច្ចេកទេស និង​ច្បាប់​របស់​សហព័ន្ធ​ប្លាស្ទិក នៅ​អឺរ៉ុប លោក Hervé Miller នៅ​ឆ្នាំ ២០១៧ តម្រូវការ​ប្លាស្ទិក​ សម្រាប់​ការវេចខ្ចប់ ដែល​តំណាង​ឲ្យ​៤០%​នៃ​ផលិតផល​ប្លាស្ទិក​សរុប បាន​កើនឡើង​ផងដែរ នៅ​អឺរ៉ុប។

២០១៧ ជា​ឆ្នាំ​ប្រសើរ​សម្រាប់​ឧស្សាហកម្ម​ប្លាស្ទិក ប៉ុន្តែ សម្រាប់​អ្នកតំណាង​សហព័ន្ធប្លាស្ទិក​អឺរ៉ុប ផ្ទុយទៅវិញ ឧស្សាហកម្ម​ប្លាស្ទិក នៅ​ត្រីមាស​ទី១ ឆ្នាំ ២០១៨ បាន​បង្ហាញ​សញ្ញា​មិន​សូវ​ជាល្អ​ប៉ុន្មាន ពោល​គឺ​ថយចុះ​បន្តិច បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន។ ក្រុមហ៊ុន​ផលិត​ប្លាស្ទិក​ព្រួយបារម្ភ​ថា យុទ្ធនាការ និង​នយោបាយ​បំផុស​ឲ្យ​ឈប់​ប្រើ​ប្លាស្ទិក របស់​គណៈកម្មការ​អឺរ៉ុប​នឹង​អាច​ធ្វើ​ឲ្យ​ឧស្សាហកម្ម​ប្លាស្ទិក​ពិភពលោក ខាតបង់ ជាង ៣ពាន់​លាន​អឺរ៉ូ។ ក្រុមហ៊ុន​ធ្វើ​ជំនួញ​លើ​ប្លាស្ទិក​រិះគន់​ផងដែរ ចំណាត់ការ​របស់​គណៈកម្មការ​អឺរ៉ុប​ដែល​គ្រោង​នឹង​បង្កើនពន្ធ​លើ​ផលិតផល​ប្លាស្ទិក ដែល​គេ​មិន​អាច​កែច្នៃ​ប្រើប្រាស់​ឡើងវិញ នោះ ដើម្បី​យក​ទៅ​បំពេញ​កេសថវិកា​អឺរ៉ុប។

សូមអាន៖ គណៈកម្មការអឺរ៉ុប​ចាត់វិធានការ​តាមប្រមាញ់​វត្ថុ​ធ្វើ​ពី​ប្លាស្ទីក

គណៈកម្មការ​អឺរ៉ុប នៅពេល​ថ្មីៗនេះ បាន​ស្នើ​បទបញ្ជា​ថ្មី ទាក់ទង​នឹង​ការប្រើប្រាស់​ប្លាស្ទិក នៅក្នុង​ដែនដី​អឺរ៉ុប។ ច្បាប់​ស្នើឡើង​ដោយ​គណៈកម្មការ​អឺរ៉ុប ដែល​សភា​អឺរ៉ុប​គ្រោង​នឹង​បោះឆ្នោត នៅ​ចុងឆ្នាំនេះ មាន​គោលដៅ ហាមឃាត់ ការលក់​ផលិតផល​ធ្វើ​ពី​ប្លាស្ទិក ដែលគេ​អាច​ប្រើប្រាស់​បាន​តែម្តង រួចបោះចោល ដូចជា​បំពង់បឺត ដងត្បាល់​ត្រចៀក ចាន ពែង​ប្លាស្ទិក បន្ទាប់​ពីមាន​របាយការណ៍​ជាច្រើន​បង្ហាញថា សម្រាមប្លាស្ទិក​កំពុង​គំរាមកំហែង​ចំណីអាហារ សុខភាព របស់​មនុស្ស និង​សម្លាប់​ជីវិត​សត្វ​ក្នុង​សមុទ្រ។

សម្រាប់​សហព័ន្ធ ប្លាស្ទិក បញ្ហា​បរិស្ថាន​មិនមែន​បណ្តាល​មក​ពី​ប្លាស្ទិក ទេ ប៉ុន្តែ គឺ​មកពី​អ្នកប្រើប្រាស់​ប្លាស្ទិក ដែល​ចោល​សម្រាមប្លាស្ទិក ផ្តេសផ្តាស ហើយនិង​ការខ្វះខាត​មធ្យោបាយ សម្រាប់​ប្រមូល និង​កែច្នៃឡើងវិញ វត្ថុធ្វើ​ពី​ប្លាស្ទិក​តែម្តង។ សហភាពអឺរ៉ុប​គ្រោង​នឹង​ប្រមូល​កែច្នៃ ឡើងវិញ សម្រាម​ប្លាស្ទិក ឲ្យ​បាន​១០​លាន​នៅ​ឆ្នាំ ២០២៥ គឺ​ច្រើន​ជាង ឆ្នាំ ២០១៧ ដែល​មាន​ប្រមាណ ៣,៨លាន​តោន។ ដើម្បី​អាច​សម្រេច​គោលដៅនេះ គេ​ត្រូវ​បោះទុន​វិនិយោគ​ច្រើនជាងមុន ទៅលើ​សមត្ថភាព​កែច្នៃ​សម្រាម​ប្លាស្ទិក៕ ប្រភព៖ RFI