អតីត​បុគ្គលិក​ស្ថាន​ទូត​អាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ​នា​ព្រឹក​នេះ បាន​ប្រមូល​ផ្តុំ​គ្នា​ទាមទារ​ឲ្យ​ស្ថាន​ទូត​អាមេរិក​ផ្តល់​យុត្តិធម៌​ឲ្យ​ពួក​គេ បន្ទាប់​ពី​បណ្តេញ​ពួក​គេ​ចេញ​ពី​ការងារ ក្រោម​ការចោទ​ប្រកាន់​ថា​បាន​ចែក​ចាយ​រូបភាព​អាស​អាភាស។ ចំណែក​អ្នក​នាំពាក្យ​ស្ថាន​ទូត​អាមេរិក បាន​បង្ហាញ​ការ​ស្វាគមន៍​ចំពោះ​ការ​ធ្វើ​ការ​តវ៉ា ដោយ​អហិង្សា។​

អតីត​បុគ្គលិក​ស្ថាន​ទូត​ប្រមាណ​២០នាក់ ដែល​តំណាង​ឲ្យ​អតីត​បុគ្គលិក​ស្ថាន​ទូត​អាមេរិក​៣២​នាក់ បាន​កាន់​បដា ដែល​មាន​រូប​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​ទង់​ជាតិ​អាមេរិក​ផង ឈរ​ទល់​មុខ​ស្ថាន​ទូត​អាមេរិក​ក្បែរ​វត្តភ្នំ និង​ស្រែក​ទាមទារ​ឲ្យ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​ក្រុង​ភ្នំ​ពេញ​ ដោះ​ស្រាយ រក​យុត្តិធម៌​ឲ្យ​ពួក​គេ។ រក​យុត្តិធម៌ បន្ទាប់​ពី​ស្ថាន​ទូត​បាន​បណ្តេញ​ពួក​គេ​ចេញ​ពី​ការងារ កាល​ពីខែ​មីនា​កន្លង​ទៅ។

ក្នុង​ការ​តវ៉ា​រក​យុត្តិធម៌​នេះ អតីត​បុគ្គលិក​ស្ថាន​ទូត​អាមេរិក បាន​ដាក់​ញត្តិ ដែល​មាន​ខ្លឹមសារ ទាមទារ​ឲ្យ​ស្ថាន​ទូត​កែ​ពាក្យ​ពី​ការ​បណ្តេញ​ចេញ មក​ជា​ការ​កាត់​បន្ថយ​បុគ្គលិក​វិញ, ទាមទារ​សំណង​៦ខែ​ទៅ​តាម​ច្បាប់​កាត់​បន្ថយ​បុគ្គលិក, ប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​ទៅ​លើ​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ ដោយ​សារ​ការ​ចោទ​ប្រកាន់​របស់​ស្ថាន​ទូត។ ក្រៅ​ពី​នេះ ក៏​មាន​ការ​ទាមទារ​ឲ្យ​ទូទាត់​លុយ​មូល​និធិ​ឧបត្ថម្ភ ដែល​មិន​បាន​ទូទាត់​រយៈ​ពេល​៣ខែ, និង​ទាម​ទារ​ឲ្យ​សមាគម​បុគ្គលិក​ខ្មែរ​មាន​សិទ្ធិ​ចូល​រួម​ដោះ​ស្រាយ​បញ្ហា​បញ្ឈប់​បុគ្គលិក​ខ្មែរ​ក្នុង​ស្ថាន​ទូត​អាមេរិក។

លោក ញឹម សោភ័ណ្ឌ អតីត​បុគ្គលិក​ស្ថាន​ទូត​អាមេរិក​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា នៅ​ព្រឹក​នេះ​ស្ថាន​ទូត​អាមេរិក បាន​ទទួល​យក​ញត្តិ​របស់​ពួក​លោក ដើម្បី​ដោះ​ស្រាយ​បញ្ហា​ហើយ។ លោក​បន្ថែម​ថា កន្លង​មក​ក្រុម​អតីត​បុគ្គលិក​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ដាក់​លិខិត​ទាមទារ​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​ណា​មួយ​ពី​ស្ថាន​ទូត​ទេ រហូត​ធ្វើ​ឲ្យ​ពួក​លោក​ប្រមូល​គ្នា​មក​តវ៉ា​ទាមទារ​នៅ​ខាង​មុខ​ស្ថាន​ទូត​នា​ថ្ងៃនេះ​។

លោក ញឹម សោភ័ណ្ឌ បន្ថែម​ថា ការ​ចោទ​ប្រកាន់​ពួក​លោក​ថា​បាន​មើល ឬ​ចែក​ចាយ​រូប​ភាព​អាស​អាភាស​ ហាក់​មិន​ត្រឹម​ត្រូវ​ទេ និង​ធ្វើ​ឲ្យ​លោក​ឈឺ​ចាប់ ព្រោះ​ស្ថាន​ទូត​មិន​បាន​បង្ហាញ​ប្រាប់​លោក​ថា​រូប​ភាព​ណា​ជា​រូប​អាស​អាភាស នៅ​ពេល​ដែល​ស្ថាន​ទូត​បាន​ហៅ​លោក​ទៅ​សួរ​នាំ។

លោក ដាវីត ចូសារ (David Josar) អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​ក្រុង​ភ្នំពេញ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ តាម​រយៈសារ​អេឡិចត្រូនិច​ថា ស្ថាន​ទូត​អាមេរិក​គោរព​សិទ្ធិ​អ្នក​គ្រប់​គ្នា ដែល​ធ្វើ​ការ​តវ៉ា​ដោយ​សន្តិវិធី រួម​ទាំង​ការ​តវ៉ា​របស់​អតីត​បុគ្គលិក​ស្ថាន​ទូតនា​ពេល​នេះ​ផង។ លោក​បន្ថែម​ថា រដ្ឋាភិបាល​អាមេរិក​ចាត់​ទុក​ករណី​ពាក់​ព័ន្ធ​នឹង​រូប​អាសអាភាស​របស់​កុមារ និង​ការ​កេង​ប្រវ័ញ្ច​លើ​កុមារ គឺ​ជា​រឿង​ដែល​ធ្ងន់​ធ្ងរ​បំផុត​។

សូម​ជម្រាប​ជូន​ថា អតីត​បុគ្គលិក​ស្ថាន​ទូត​អាមេរិក​៣២​នាក់ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​កាល​ពី​ថ្ងៃទី​២៣ ខែ​មីនា ​ឆ្នាំ​២០១៨ ដោយ​រង​ការ​ចោទ​ប្រកាន់​ថា​បាន​ចែក​ចាយ​រូប​ភាព​អាស​អាភាស​របស់​ក្មេង​ស្រី​នៅ​ក្នុង​សារ​នៃប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក(Facebook Messenger chat group)។ បុគ្គលិក ដែល​ត្រូវ​បាន​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​បណ្តេញ​ចេញ ខ្លះ​បាន​ធ្វើ​ការងារ​រយៈពេល​២០​ឆ្នាំ និង​ខ្លះ​ទៀត​បាន​ធ្វើ​ការងារ​ជាង​១០ឆ្នាំ ឬ៥ឆ្នាំ ហើយ​ពួកគេ​ភាគ​ច្រើន​គឺ​ជា​ជនជាតិខ្មែរ និង​បំរើការងារ​ផ្នែក​សន្តិសុខ​៕ ប្រភព៖ RFI