រដ្ឋាភិបាល​កម្ពុជា ​បាន​ចេញ​អនុក្រឹត្យ​ ស្តីពី​ការ​បង្កើត​តំបន់​ប្រើ​ប្រាស់​ច្រើន​យ៉ាង​ បឹង​យក្ខ​ឡោម ​ដែល​មាន​ផ្ទៃ​ដីសរុប​២២៥​ហិកតា​ ស្ថិត​ក្នុង​ ក្រុង​បាន​លុង ​ខេត្ត​រតនគិរី​។ ​​បើ​តាម​អនុក្រឹត្យ​ដែល​​ផ្សព្វ​ផ្សាយ​នៅថ្ងៃ​នេះ ​ការ​ដាក់​បឹង​ដែល​មាន​ជម្រៅ​ជ្រៅ​នេះ ​ទៅ​ជា​តំបន់​ប្រើ​ប្រាស់​ច្រើន​យ៉ាង ​គឺ​ជាការ​ថែទាំ​ជម្រក​សត្វ​ព្រៃ ​និង​ប្រព័ន្ធ​អេកូ​ឡូស៊ី ​ព្រម​ទាំង​ជីវៈ​ចម្រុះ​ ដើម្បី​រក្សា​លំនឹង​បរិស្ថាន​។​

យោងតាមអនុក្រឹត្យដែលចុះ​ហត្ថលេខាដោយ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ទៃដីតំបន់​ប្រើ​ប្រាស់​ច្រើន​យ៉ាង«បឹង​យក្ខឡោម»នេះ មិនរួមបញ្ចូល​ដីកម្មសិទ្ធិ​ឯក​ជន និងដី​ប្រើ​ប្រាស់​ជាប្រយោជន៍​សាធារណៈនោះទេ។ ក្រសួងមានសមត្ថកិច្ច និង​អាជ្ញាធរពាក់ព័ន្ធត្រូវ​សហការ​គ្នា​ធានា​ការគាំពារ​បរិស្ថាន ការ​អភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី ជីវៈចម្រុះ និង​ការ​ប្រើ​ប្រាស់​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តភាព។ នេះបើតាម​អនុក្រឹត្យចេញ​ថ្ងៃទី១៣​មិថុនាដែលទើប​ត្រូវបាន​ផ្សព្វផ្សា​យ​ជាសាធារណៈនៅថ្ងៃនេះ។

ក្នុង​អនុក្រឹត្យដែលមានចំនួន៦​មាត្រានោះ បានគូសបញ្ជាក់ថា ការដាក់បឹងធម្មជាតិ​ដែលមានជម្រៅជ្រៅជាងគេនេះ ទៅជាតំបន់ប្រើប្រាស់ច្រើនយ៉ាង គឺជាការរួម​ចំណែក​កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងលើកទឹកចិត្ត​ឲ្យមានការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក្នុងការថែរក្សា ការពារអភិរក្ស និងការប្រើប្រាស់ធនធានធម្មជាតិ ដោយនិរន្តរភាព។

កាលពីខែមេសាឆ្នាំនេះ រដ្ឋាភិបាលក៏បានសម្រេច​​បង្កើតតំបន់គ្រប់គ្រងជលផល​សមុទ្រ​នៅ​ប្រជុំកោះពោធិ៍ និងកោះទន្សាយ ក្នុងខេត្តកែប ដោយមានគោលដៅ​កំណត់តំបន់​គ្រប់គ្រងជលសមុទ្រនៅប្រជុំកោះនេះ និងអភិរក្សធនធានជលផល ជីវចម្រុះ និងប្រព័ន្ធ​អេកូឡូស៊ីសមុទ្រឲ្យមានប្រសិទ្ធិភាព។

នេះជាការ​បង្កើត​តំបន់អភិរក្សបន្ថែមទៀត បន្ទាប់ពី​​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ​ទី​៨​ខែ​កុម្ភៈឆ្នាំ២០១៨​នេះ​បានចេញអនុក្រឹត្យបង្កើតឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​ជាផ្លូវការ។ ឧទ្យាន​ជាតិ​សមុទ្រនេះ មាន​រាប់​ប​ញ្ជូ​ល​ដូចជា​កោះរ៉ុង ​កោះរ៉ុង​សន្លឹម ​កោះ​កូន ​កោះ​តូច ​កោះ​តា​ទៀម ​កោះ​ម្នាស់​ក្រៅ ​និងកោះ​ម្នាស់​ក្នុង​​។ ​តំបន់​អភិរក្ស​នេះ ​ស្ថិតនៅក្នុងខេត្ត​ព្រះសីហនុ ​និង​ខេត្ត​កោះកុង​ ដែល​មាន​ផ្ទៃដី​ទំហំ​ជាង ​៥ ០០០ ​ហិក​តា ​និង​ផ្ទៃ​ទឹក​ទំហំ​ជាង​៤៧ ០០០ ​ហិក​តា​៕ ប្រភព៖ RFI