លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ បាន​ចេញ​មុខ​អំពាវនាវ​ទៅ ពលរដ្ឋ​ខ្មែរដែល​កំពុង​តាមដាន​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក (World Cup) កុំ​ធ្វើ​ការ​ភ្នាល់​បាល់​គ្នាដោយ​ដាក់​ជា​ទ្រព្យ​សម្បត្តិ តែ​ត្រូវ​ជំនួស​មក​វិញ​ដោយ​ការ​ថ្ពក់​ដៃ​ជា​មិត្ត​ភាព។ ទន្ទឹម​នឹងការ​លើក​ឡើង​របស់​នាយករដ្ឋមន្ត្រី អាជ្ញាធរ​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ ក៏​បាន​អះអាង​ដូច​គ្នា​ថា ពួក​គេ​កំពុង​ទប់​ស្កាត់​ចលនា​ភ្នាល់​បាល់​នេះ នៅ​ទូទាំង​ប្រទេស​ដែរ។

Loading...

ទន្ទឹម​នឹង​វិធាន​ការ​ទប់​ស្កាត់ លោក គៀត ចន្ទថារិទ្ធ​ អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរ​បាល​ជាតិ​បាន​កត់​សម្គាល់​ថា អ្នក​និយម​ទស្សនា​វិស័យ​បាល់​ទាត់​ខ្លះ​បាន​ធ្វើ​ការ​ភ្នាល់​បាល់​ដោយ​​ស្ងាត់​ស្ងៀម ដែល​ចំណុច​នេះ​ធ្វើ​ឲ្យ​អាជ្ញាធរ​ពិបាក​នៅ​ក្នុង​ការ​ចុះ​ទៅ​បង្ក្រាបដោយ​ផ្ទាល់ ព្រោះ​មិន​មាន​ភស្តុ​តាង​ជាក់​លាក់។ ទោះ​ជា​លំបាក​បន្តិច​ក៏​ដោយ តែ​អាជ្ញាធរ​ប្ដេជ្ញា​ទប់ស្កាត់​ចលនា​ភ្នាល់​បាល់​នេះ មិន​ឲ្យ​កើត​មាន​ឡើយ។ នេះ​បើ​តាម​អ្នក​លោក គៀត ចន្ទថារិទ្ធ។

តែ​យ៉ាង​ណា​ក៏​ដោយ​លោក គៀត ចន្ទថារិទ្ធ បាន​គូស​បញ្ជាក់​ថា ចាប់​តាំង​ពី​ការ​ប្រកួត World Cup នៅ​ថ្ងៃ​ទី​១៤​មិថុនា​ដល់​ថ្ងៃ​ទី​២០​មិថុនា​នេះ ចលនា​ធំ​ដុំ​ណា​មួយ​នៃ​ការ​ភ្នាល់បាល់​ពិភព​លោក នៅ​មិន​ទាន់​កើត​ឡើង​ទេ ខណៈ​នៅ​ថ្ងៃ​ទី​១៩​មិថុនា​ម្សិល​មិញ សមត្ថកិច្ច​ខេត្ត​កណ្ដាល​ចុះ​បង្ក្រាប​កន្លែង​ភ្នាល់​បាល់​តាម​ប្រព័ន្ធ​អ៊ីនធើណែត​មួយ​កន្លែង ជ្រកក្រោម​ស្លាក​ហាង​កាហ្វេ។ ក្នុង​នោះ​អាជ្ញាធរ​បាន​បង្ហាញ​អត្ត​សញ្ញាណ​មនុស្ស​ប្រុស​ស្រី៦នាក់​ដែល​ភាគ​ច្រើន​ជា​បុរស​បាន​ចំណាយ​ប្រាក់​ចាប់​ពី​២​ដុល្លារ​ដល់​១០០ដុល្លារ​ក្នុង​ការភ្នាល់​បាល់។

តាម​រយៈ​សកម្មភាព​នេះ អាជ្ញាធរ​លើក​ឡើង​ថា ការ​ភ្នាល់​បាល់​ក៏​ត្រូវ​បាន​ចាត់​ចូល​ជាប្រភេទ​ល្បែង​ស៊ីសង់​ខុស​ច្បាប់។ ខុស​ច្បាប់​ដោយ​សារ​តែ​ការ​ភ្នាល់​មាន​ចាញ់​មាន​ឈ្នះ ហើយ​សម្រាប់ អ្នក​ចាញ់​អាច​បង្ក​ទៅ​អំពើ​អសន្តិសុខ​នៅ​ក្នុង​សង្គម តាម​រយៈ​ការ​ប្រើហិង្សា​និង​លួច​ឆក់​ជា​ដើម។ នៅ​ថ្ងៃ​នេះ​ដែរ នៅ​ក្នុង​ជំនួប​សំណេះ​សំណាល​ជា​មួយ​គម្មករ​កាត់​ដេរ នៅ​ខេត្តតាកែវ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​អំពាវ​នាវ​ផង​ដែរ ទៅ​កាន់​ប្រជាពលរដ្ឋ កុំ​ឲ្យ​ធ្វើ​ការ​ភ្នាល់​គ្នា​ដាក់​ប្រាក់។

ទន្ទឹម​គ្នា​នឹង​កម្ពុជា​កំពុង​ស្កាត់​ចលនា​ភ្នាល់​បាល់​នេះ នៅ​ប្រទេស​ថៃ​ឯណោះ​វិញ មនុស្ស​ជាង​៣​ពាន់​នាក់ ត្រូវបាន​ចាប់ខ្លួន​ពីបទ​ភ្នាល់​បាល់ World Cup ខុសច្បាប់ ក្នុង​រយៈពេល​តែ៤​ថ្ងៃប៉ុណ្ណោះ។ សូម​បញ្ជាក់ថា ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក(World Cup) នៅ​ប្រទេស​រុស្ស៊ី​បាន​ធ្វើ​ឡើង ចាប់​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា​ដល់​ថ្ងៃ​ទី​១៥​កក្កដា​ឆ្នាំ​២០១៨ ដោយ​ក្នុង​នោះ មាន​៣២​ប្រទេស​ចូល​រួម​ប្រកួត៕ ប្រភព៖ RFI