ហ្សឺណែវ —ប្រតិភូ​ដែល​បាន​ចូលរួម​នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី ៣៨ របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ បាន​ធ្វើ​ការ​កោត​សរសើរ​ចំពោះ​លោក Zeid Ra’ad Al Hussein ក្រោយ​ពី​លោក​បាន​បញ្ចប់​ការ​ថ្លែង​សុន្ទរកថា​លើក​ចុង​ក្រោយ​របស់​លោក​មុននឹង​លោក​បញ្ចប់​មុខ​តំណែង​ជា​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ចុង​ខែ​សីហា​ខាង​មុខ​នេះ។

Loading...

នៅ​ឯ​ចុង​បញ្ចប់​នៃ​អាណត្តិ​របស់​លោក​ដូច​នេះ ទំនង​ជា​បាន​ធ្វើ​អោយ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​រូប​នេះ​អាច​និយាយ​ដោយ​ឥត​សំចៃ​មាត់​ជាង​ធម្មតា។

លោក​មាន​ការ​សោកស្ដាយ​ជា​ពិសេស​ចំពោះ​ការ​កើន​ឡើង​នៃ​ទស្សនៈ​ជាតិ​និយម​ជ្រុល​ដែល​បាន​ជំរុញ​ដោយ​អ្វី​ដែល​លោក​បាន​ហៅ​ថា​ជា​អ្នក​ដឹកនាំ​ដែល​បម្រើ​ប្រយោជន៍​ខ្លួន​ឯង។

លោក Zeid Ra’ad Al Hussein បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «មាន​តែ​ការ​ធ្វើ​ផ្ទុយ​ពី​ទស្សនៈ​ជាតិ​និយម មាន​តែ​ប្រទេស​នីមួយៗ​ធ្វើ​ការ​សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក សម្រាប់​មនុស្ស​គ្រប់គ្នា សម្រាប់​សិទ្ធិ​មនុស្ស​របស់​មនុស្ស​គ្រប់​រូប​តែ​ប៉ុណ្ណោះ​ទេ ទើប​អាច​ទទួល​បាន​សន្តិភាព…..ដោយ​គ្រាន់តែ​ហ៊ាន​ចេញ​មុខ​និយាយ ក៏​យើង​អាច​ចាប់ផ្ដើម​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការ​កើន​ឡើង​នៃ​ការ​គំរាមកំហែង​នៃ​ទស្សនៈ​ជាតិ​និយម​ជ្រុល​ដែល​រារាំង​អនាគត​របស់​ពួក​យើង​បាន​ដែរ»។

លោក​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​គោល​នយោបាយ​អន្តោប្រវេសន៍​របស់​សហរដ្ឋ​អាមេរិក ដែល​បាន​អនុម័ត​កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​កុមារ​ត្រូវ​បាន​ចាប់​បង្ខំ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​ឪពុក​ម្ដាយ​របស់​ពួកគេ​ដែល​ឆ្លង​ចូល​មក​ក្នុង​សហរដ្ឋអាមេរិក​ដោយ​ខុស​ច្បាប់។

លោក​បាន​និយាយ​ថា គោល​នយោបាយ​ទាំង​នេះ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​កុមារ​ដោយសារតែ​ទង្វើ​របស់​ឪពុក​ម្ដាយ​របស់​ពួកគេ។ លោក Zeid Ra’ad Al Hussein បាន​បន្ត​ទៀត​ថា៖ «សមាគម​អាមេរិក​សម្រាប់​ផ្នែក​វេជ្ជសាស្ត្រ​កុមារ​បាន​ហៅ​ការ​អនុវត្ត​យ៉ាង​ឃោរឃៅ​នេះ​ថា​ជា​ការ​រំលោភ​បំពាន​លើ​កុមារ​ដោយសារ​ការ​ដាក់​ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​អាមេរិក ដែល​អាច​បណ្ដាល​អោយ​មាន​ការ​ឈឺចាប់​មិន​អាច​ស្ដារ​ឡើង​វិញ​បាន ដោយ​មាន​ផល​ប៉ះពាល់​ពេញ​មួយ​ជីវិត។ ចំពោះ​ការណ៍​ដែល​ប្រទេស​ណា​មួយ​មាន​បំណង​រារាំង​ឪពុក​ម្ដាយ​ដោយ​បង្ក​ឲ្យ​មាន​ការ​រំលោភ​បំពាន​ដូច​នេះ​លើ​កុមារ​គឺ​ជា​ការ​ដែល​មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត»។

ឧត្ដម​ស្នងការ​រូប​នេះ​បាន​ថ្កោលទោស​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ស៊ីរី មីយ៉ាន់ម៉ា វ៉េណេស៊ុយអេឡា និង​នីការ៉ាហ្គា និង​បាន​ផ្ដោត​ជា​ពិសេស​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នៃ​ទ្វីប​អាហ្វ្រិក​ដូចជា​ប្រទេស​ប៊ូរុនឌី កាមេរូន អេហ្ស៊ីប និង​រវ៉ាន់ដា។

លោក​បាន​សម្ដែង​ការ​បារម្ភ​ជា​ខ្លាំង​អំពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង ដែល​នៅ​ទី​នោះ​មាន​ករណី​ចាប់​រំលោភ និង​សម្លាប់​ជា​ច្រើន​ដែល​បាន​ធ្វើ​ឡើង​ដោយ​កង​កម្លាំង​របស់​រដ្ឋាភិបាល​នៅ​ក្នុង​រដ្ឋ Unity ចាប់​តាំង​ពី​ខែ​មេសា​មក។

លោក Zeid Ra’ad Al Hussein បាន​បន្ត​ទៀត​ថា៖ «មន្ត្រី​សិទ្ធិ​មនុស្ស​ជា​ច្រើន​បាន​ចងក្រង​ការ​រំលោភ​លើ​កុមារ​ដែល​មាន​អាយុ​ក្មេង​រហូត​ដល់ ៤ ឆ្នាំ​ក៏​មាន និង​ករណី​មួយ​ចំនួន​ទៀត​ដែល​ស្ត្រី មនុស្ស​ចាស់ និង​មនុស្ស​ផ្សេងៗ​ទៀត​ត្រូវ​បាន​ព្យួរ និង​ដុត​ទាំង​រស់ ដែល​ចំណុច​នេះ​ស្ដែង​ឲ្យ​ឃើញ​ពី​យុទ្ធសាស្ត្រ​យោធា​ដែល​មាន​បំណង​បំផ្លាញ​អ្វីៗ​គ្រប់​យ៉ាង​ដែល​មាន​ប្រយោជន៍​ដល់​សត្រូវ»។

លោក Zeid ក៏​បាន​រិះគន់​ផង​ដែរ​ចំពោះ​ការ​រំលោភ​បំពាន​របស់​អ៊ីស្រាអែល​ក្នុង​ដែនដី​ប៉ាឡេស្ទីន៕ ប្រភព៖ VOA