ភ្នំពេញ —ក្រុម​ប្រជា​ពល​រដ្ឋ​ប្រមាណ​១៧៥​គ្រួសារ​ ​ដឹកនាំ​ដោយ​អ្នកស្រី​ ​ផាវ ញើង​ ​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុនស្ករ​អំពៅ​នៅ​ខេត្តកោះកុង​ បាន​ផ្តើម​ការ​តវ៉ា​ជាថ្មី​ទៀត​ ​ប្រឆាំង​នឹង​ការ​ផ្តល់ដី​ដែល​មិន​អំណោយ​ផល​ដល់​ការងារ​កសិកម្ម​ និង​ឆ្ងាយ​ពីទីតាំង​ដីដែល​ពួកគេ​បាន​បាត់​បង់។​ ​នេះបើ​យោង​តាម​ការ​បញ្ជាក់​របស់​តំណាង​ប្រជា​ពលរដ្ឋ​និង​មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កោះកុង ​នៅ​ថ្ងៃ​ព្រហស្បតិ៍។

ការ​តវ៉ា​របស់​ប្រជា​ពល​រដ្ឋ​នៅ​ខេត្ត​កោះកុង​នេះ​កើត​មាន​ឡើង ​នៅ​ក្រោយ​ពេល​រដ្ឋាភិបាល​បាន​ប្រកាស​កាល​ពីខែ​មីនា​ថា ​ខ្លួន​នឹង​បញ្ចប់​វិវាទ​ដីធ្លី​ ដែល​បាន​អូស​បន្លាយ​ពេលជាង​១០​ឆ្នាំ​មក​នេះ។ ​កាល​ពីពាក់​កណ្តាល​មិថុនា​ រដ្ឋាភិបាលក៏បាន​ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​រាជធានី​ ​ខេត្ត ​ឲ្យបង្កើន​កិច្ច​ខិតខំ​រក​ច្រក​ដែល​មាន​ប្រសិទ្ធ​ភាព​ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​ ​និង​រារាំង​មិន​ឲ្យ​ពលរដ្ឋ​មក​ផ្តុំ​គ្នា​តវ៉ា​ក្នុង​រាជធានី​ភ្នំពេញ។​

អ្នកស្រី​ ផាវ ញើង​ តំណាង​ពលរដ្ឋ​ប្រមាណ​១៧៥​គ្រួសារ បានប្រាប់​ ​VOA​ ​ថា​ ក្រុម​ប្រជា​ពល​រដ្ឋ​មាន​គ្នា​រាប់សិប​នាក់​បាន​មក​ប្រមូល​ផ្តុំ​តវ៉ា​ នៅ​មុខ​សាលាឃុំ​ជីខ​លើ​ ក្នុង​ស្រុក​ស្រែអំបិល​ បន្ទាប់​ពី​ពួក​គេ​បរាជ័យ​ក្នុង​ការ​ឃាត់​ក្រុម​ការងារ​ខេត្ត​ចុះ​វាស់វែងដី​ មុន​ពិភាក្សា​លើ​បញ្ហា​ការ​វាស់វែង​ដី​ ដែល​មិន​អាច​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ស្រែ​ចម្ការ​បាន​ និង​ស្ថិត​នៅ​ប្រមាណ​ជា​៣០ទៅ​៤០​គីឡូម៉ែត្រ​ពីទី​តាំង​ដី​ដើម​ដែល​ប្រជា​ពលរដ្ឋ​បាន​បាត់បង់​ទៅក្រុម​ហ៊ុន។ ​ទីតាំង​ដី​ថ្មី​គឺស្ថិត​ក្នុង​ចំណុច​កង​ឆា​ ​ស្ថិត​ក្នុង​ភូមិជីខ​ ឃុំ​ជីខ​លើ​ ស្រុក​ស្រែ​អំបិល។​

«ពួក​យើង​គិត​ថា​ ឆ្ងាយ​ក៏យក​ដែរ​ ឲ្យតែ​បាន​ដីនោះ​ ប្រើ​ប្រាស់​អាស្រ័យ​ផល​ ដូច​ជា​ធ្វើ​ជា​ស្រែ ចម្ការ​អី​បាន។ ​ប៉ុន្តែ​ដីដែល​យើង​ប្រាប់​ ទៅ​ឯក​ឧត្តម​ទេព ធន​ព្រឹក​មិញ​នេះ​ កន្លែង​ដែល​អត់​យក​បាន​ហ្នឹង​គឺ​ដី​ខ្លះ​ សូម្បី​តែ​ក្មេងៗ​ធ្លាប់បើក​អាត្រាក់​ឲ្យ​ក្រុមហ៊ុន​កន្លង​មក​ ក៏​គាត់​ប្រាប់​ដែរ។​ គាត់​ថា​ “មីង​ ដីហ្នឹង​ តែ​ខែ​ហ្នឹង​ ទឹក​ប៉ុណ្ណឹង​ទេ។ ​ប៉ុន្តែ​គោ​យន្ត​ ឬ​ក៏​អាត្រាក់​ចុះព្យួរ​ទៅ​ គឺ​លេច​ហើយ”។ ​ហើយ​អីចឹង​សួរ​ថា​ ឲ្យ​ពួក​ខ្ញុំ​ព្យួរស្រែ​ម៉េច? ឲ្យ​ទៅខាំ​ស្មៅ​ទាំញ​ ឬមួយ​ក៏​ម៉េច? ​គាត់​គិត​ម៉េច?​ ឲ្យ​ពួក​ខ្ញុំ​ហែល​ទឹក​ទៅ​ស្ទូង​ ឬ​មួយ​ក៏​ម៉េច»?

អ្នកស្រី​ ផាវ ញើងបញ្ជាក់​ថា​ ​លោក​ ​ទេព ធន​ គឺ​ជា​អនុរដ្ឋ​លេខាធិការ​នៅ​ក្រសួង​រៀបចំ​ដែន​ដី​ ​នគររូបនីយ​កម្ម​ ​និង​សំណង់​ទទួល​បន្ទុក​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​មួយ​ចំនួន​រួមមាន​ឧត្តរមាន​ជ័យ​ និង​កោះកុង។

អ្នកស្រី​ ​ផាវ ញើង​ ​និយាយ​បន្ថែម​ថា​ បន្ទាប់ពី​អ្នកស្រី​ជូន​ដំណឹង​អំពី​ការ​តវ៉ា​របស់​ពលរដ្ឋ​ទាក់​ទិន​នឹងដី​ដែល​គ្រោង​នឹង​វាស់​វែង​ជូន​ប្រជា​ពលរដ្ឋ​នោះ​ លោក​ទេព ធន​ បាន​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​ និង​ថែម​ទាំង​ចោទ​ពលរដ្ឋ​ថា​ ចូល​ចិត្ត​ការ​ប្រឆាំង។​

អ្នកស្រី​រៀបរាប់​ថា៖​

«ហើយ​ពួកខ្ញុំ​មែន​ចង់​ប្រឆាំង​ ចង់​សាក​អី​ទេ​ ប៉ុន្តែ​អ្វី​ដែល​ពួកខ្ញុំ​ទាមទារ​គឺ​ទាមទារ​យក​ដី​ដែល​អាច​អាស្រ័យ​ផលធ្វើ​ស្រែ​ចម្ការ​បាន​ ព្រោះ​ប្លន់​ដី​ពួក​ខ្ញុំទៅ​ ដី​ពួក​ខ្ញុំ​សុទ្ធ​តែ​ចម្ការ​ ដំណាំ​ពេញៗ​ ហើយ​ម៉េច​បាន​ប្លន់​របស់​គេ​បាន​សម្រេច​ហើយ​អត់​ឲ្យ​មក​គេ​វិញ​ ឲ្យ​ដី​ទឹក​ ដី​ព្រៃ​ទទេ​ហ្នឹង»។​

តំណាង​ពលរដ្ឋ​ដែល​ធ្លាប់​ប្រឈម​មុខ​នឹង​អាជ្ញាធរ​ជា​ញឹកញាប់​នៅ​រាជធានី​ភ្នំពេញ​តវ៉ា​រឿង​ដីធ្លី​នេះ​ បាន​ប្រកាស​ថា​ អ្នកស្រី ​និង​ក្រុម​ប្រជា​ពលរដ្ឋ​នឹង​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ​ម្តង​ទៀត​ក្នុង​ករណី​ក្រុម​មន្ត្រី​ធ្វើការ​វាស់​វែង​ដីជូន​ពលរដ្ឋ​នេះ​ ខកខាន​មិនបាន​ផ្តល់​លក្ខខណ្ឌ​ជាក់​លាក់​ដែល​អាច​បញ្ជាក់​ពី​លទ្ធភាព​នៃ​ការ​ដោះដូរ​ក្បាល​ដី​ ដែល​មិន​ហុច​ប្រយោជន៍​ខាង​កសិកម្ម។​

កាលពី​ថ្ងៃទី​២២ ​ខែ​មិនា​កន្លង​ទៅ​ ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយ​កម្ម​ និង​សំណង់​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​បញ្ជាក់​ពី​ជោគជ័យ​ខ្លួន​ក្នុង​ការ​បញ្ចប់​វិវាទ​រវាង​ក្រុម​ពលរដ្ឋ​១៧៥​គ្រួសារ​នេះ​ ហើយ​នឹង​ក្រុមពលរដ្ឋ​២០០​គ្រួសារ​ផ្សេង​ទៀតនឹង​ក្រុមហ៊ុន​ស្ករ​អំពៅ​ចំនួន​ពីរគឺ​ក្រុម​ហ៊ុន​ Koh Kong Plantation​ Co.,Ltd ​និង​ក្រុមហ៊ុន​ Koh Kong Sugar Industry Co.,Ltd​ ដែល​ក្រុម​តំណាង​ពលដ្ឋ​និង​មន្ត្រី​សិទ្ធិ​មនុស្ស​អះអាង​ថា​ ផ្តើម​ចេញ​ពី​ការ​វិនិយោគ​របស់​លោក ​លី យ៉ុងផាត់​ សមាជិកព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា។ ​លោក​ លី យ៉ុងផាត់ ដែល​មាន​ងារ​ជា​ឧកញ៉ា​ បាន​បញ្ជាក់​ប្រាប់​VOA ​ឲ្យ​ដឹង​កាល​ពីពេល​ថ្មីៗ​នេះ​ថា​ រូប​លោក​គ្មាន​ជាប់​ពាក់​ព័ន្ធ​ក្រុមហ៊ុន​ចំនួន​ពីរ​នេះ​ទៀត​ទេ។​

លោក​ ទេព ធន​ ​អនុរដ្ឋ​លេខាធិការ​ក្រសួង​រៀបចំ​ដែន​ដី ​នគរូប​នីយកម្ម​ និង​សំណង់​ ​ប្រាប់​ VOA​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ក្រុម​ការងារ​របស់​រដ្ឋាភិបាលបាន​ប្រើ​ម៉ាស៊ីន​ដ្រូន​(Drone) ​ដើម្បី​ទាញ​យកទិន្នន័យ​សម្រាប់​ការ​វិភាគ​ និង​កំណត់​ឡូដ៍​ដី​ជូន​ពលរដ្ឋ។ ​លោក​បាន​បញ្ជាក់​បន្ត​ថា​ ដីឡូដ៍​ខ្លះ​គឺ​អនុញាត​ឲ្យ​ពលរដ្ឋ​ធ្វើ​ ស្រែ​ ​ចម្ការ​ ហើយ​ខ្លះទៀតគឺមាន​ទឹក​ជ្រៅ​ ដែល​តម្រូវ​ឲ្យ​ក្រុម​ការងារ​ធ្វើ​ការ​ពិចារណា។​

លោក​មាន​ប្រសាសន៍​ថា៖​

«អីចឹង​ក្នុង​១៧៥​គ្រួសារ​ ការ​ចាប់​ឆ្នោត​ ​គឺ​វា​អាច​អ្នក​ខ្លះ​ ប៉ះដី​ដែល​អាច​ធ្វើ​ចម្ការ​ អ្នក​ខ្លះ​អាច​ប៉ះដី​ ដែល​អាច​ធ្វើ​ស្រែ​ ​អីចឹង​ទៅ។ ​ហើយ​ទំហំ​ដី​ធំ​អីចឹង​ យើង​មិន​អាច​ដើរ​មើល​ផ្ទាល់​បាន​ទេ​ មាន​តែ​យក​ទិន្ន​ន័យ​ពី​ដ្រូន​បាទ។ ​ពីដ្រូន​ អីចឹង​ យើង​ពិនិត្យ​តាមទិន្នន័យ​ដែល​បាន​ពីដ្រូន​ហ្នឹង​មក​ យើង​ចាប់​ផ្តើម​រៀប​ចំ​ជា​ឡូដ៍ៗ​ ដែល​បញ្ចៀស​នូវ​ចំណែក​ដែល​ជា​អូរ ​ស្ទឹង​ និង​ព្រៃ»។​

លោក​បាន​បន្ថែម​ថា៖​

«ប៉ុន្តែ​ចៀស​មិន​ផុត​ពីផ្នែក​ខ្លះ​ វាអាច​មាន​កន្លែង​ខ្លះ​ ដែលវា​អាច​មាន​ទឹក​ជ្រៅ​ ដែល​យើង​គិត​ថា​ គាត់​ពិបាក​ធ្វើ​ស្រែ​ ហើយ​កិច្ចការ​នេះ​ យើង​នឹង​អាច​ពិនិត្យ។​ យើង​អាច​ពិនិត្យ​មើល​ថា​ តើ​ចំណុច​ណា​ដែល​គាត់​ប្រើ​មិនបាន​ ហើយនឹង​អ្នក​ណា​ដែល​គាត់​មិនអាច​ទទួល​យក​បាន ​ទុកសិន។​ ក្នុង​១៧៥​ហ្នឹង​ទទួល​យក​មិន​បាន​ទំាង​អស់​ទេ​ គឺ​យ៉ាងហោច​ក៏​អាចជិត​ទៅ​១៧៥​ដែរ។​ នៅ​តិចតួច យើង​នឹង​ពិនិត្យ​ក្រោយ»។​

លោក​បាន​ថ្លែង​បន្តទៀត​ថា​ វាជា​សិទ្ធិ​របស់​ពលរដ្ឋ​ ប្រសិន​បើ​ពួកគាត់​មក​តវ៉ា​នៅ​រាជ​ធានី​ភ្នំពេញ​បន្ត​ទៀត​នោះ។

លោក​មាន​ប្រសាសន៍​ថា៖​

«អាហ្នឹង​ជា​សិទ្ធិ​របស់​គាត់។ ​ប៉ុន្តែ​បើគាត់​តវ៉ា​ច្រើន​ពេក​ ទុក​ម្តុំ​សិនទៅ!​ មាន​ពិបាក​ស្អី!»។

លោក​ ​ហួរ អ៊ីន​ ​អ្នក​សម្រួប​សម្រួល​របស់អង្គការ​ឃ្លាំ​មើល​ និង​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រចាំ​ខេត្ត​កោះកុង​ យល់ថា​ ការតវ៉ា​របស់​ក្រុម​ពលរដ្ឋ​១៧៥​គ្រួសារ​ ដែល​បាន​ធ្វើឡើង​ពីរថ្ងៃ​មក​ហើយ​នោះ​ ត្រូវ​តែ​ទទួល​បាន​ការ​ពិចារណា​ពី​អាជ្ញាធរ​ ដោយ​ហេតុ​ថា​ រដ្ឋាភិបាល​បាន​សន្យា​ថា​ ផ្តល់​ដីធ្វើ​កសិកម្ម​ដល់​ប្រជា​ពលរដ្ឋ​ទាំង​នោះ។

«ការ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​នេះ​ គឺជា​រឿង​ត្រឹមត្រូវ ​ហើយ​បាន​ដោះស្រាយ​ឲ្យពួកគាត់​ ផ្តល់​ជាដី​ចម្ការ​មែន​ ប៉ុន្តែ​បើសិន​ជា​ផ្តល់​ដីចម្ការ​ ដែល​មិន​អាច​ដាំដំណាំ​ផង​ តើ​ឲ្យគាត់យក​ដី​ហ្នឹង​មក​ធ្វើ​អី? ​គាត់​ទាមទារចង់​បាន​ដី​ មក​ធ្វើកសិកម្ម​ ហើយ​បើ​ដី​ហ្នឹង​មិន​អាច​ធ្វើ​បាន​ផងនឹង!»​

ចំណែក​រឿង​ជម្លោះ​របស់​ក្រុម​ប្រជាពល​រដ្ឋ​ជាង​៣០០​គ្រួសារ​ទៀត​នោះ​គឺ​ផ្តើម​ចេញ​ពីការ​មិន​ជឿទុក​ចិត្ត​គ្នារវាង​អាជ្ញាធរ​មូលដ្ឋាន​ និង​ពលរដ្ឋ ដែល​បាន​បណ្តាលឲ្យ​ពលរដ្ឋ​ជាច្រើន​នាក់​ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​ជាង​៣០០​គ្រួសារ​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ។ ​លោក​ថា​ រដ្ឋាភិបាល​គួរតែ​បង្កើន​កិច្ច​ខិតខំ​បញ្ចប់​ទំនាស់​ទាំង​ពីរ​នេះ​ ឲ្យបាន​មុនការ​បោះឆ្នោត​ខាង​មុខ​នេះ។

«ទាក់ទង​ជម្លោះ​ទាំង​ពីរ​នេះ ​អាជ្ញាធរ​ ជា​ពិសេស​ខាង​ក្រសួង​ដែនដី​ ក៏ដូច​ជា​ក្រសួង​បរិស្ថាន​ គួរតែ​ខិតខំ​ដោះឲ្យ​បាន​ចប់​មុន​ការ​បោះឆ្នោត​ហ្នឹង​ទៅ។ ​បើសិន​ជា​ដោះមិន​បាន​ចប់​ទេ​ វា​ចៀស​មិន​ផុត​ទេ​ តែមាន​ការ​តវ៉ា។​ វា​ពិត​ជា​ប៉ះពាល់​ហើយ​ដល់​របស់​រដ្ឋាភិបាល​ ព្រោះ​ទំនាស់​នេះ​ ក៏​វា​មិន​មាន​រយៈ​ពេល​ខ្លី​ដែរ​ វា​អូស​បន្លាយ​ជិត​១០​ឆ្នាំ​ដូច​គ្នា»។​

នៅមុន​ការ​បោះឆ្នោត​ជាតិ​នាថ្ងៃ​ទី​២៩ ​ខែ​កក្កដា​ខាង​មុខ​នេះ​ រដ្ឋាភិបាល​បាន​បង្កើន​ការ​ឃ្លាំមើល​ទៅ​លើ​សកម្ម​ភាព​នៃ​ការ​តវ៉ា​ទាមទារ​រក​ដំណោះ​ស្រាយ​ទំនាស់​ដីធ្លី​នានា​នៅ​ទូទាំង​ប្រទេស។​

លោក​ ​ស ខេង​ ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​កាលពី​ពាក់​កណ្តាល​ខែ​មិថុនា​នេះ​ ដោយ​បាន​ស្នើ​ដល់​រដ្ឋបាល​រាជធានី​ ខេត្តឲ្យ​បង្កើន​ការ​តាម​ដាន​ និង​គ្រប់​គ្រង​សភាព​ការណ៍​វិវត្ត​ពាក់​ព័ន្ធ​នឹង​បញ្ហា​ទំនាស់​ដីធ្លី​ នៅ​តាម​ខេត្ត​នីមួយៗ​ឲ្យ​បាន​ហ្មត់​ចត់​ ​ដើម្បីចូល​រួម​បង្ការ​ ទប់ស្កាត់​កុំឲ្យ​មាន​និន្នាការ​ឡើង​មក​ប្រមូល​ផ្តុំ​តវ៉ា​ដាក់​ញត្តិ​នៅ​រាជធានី​ភ្នំពេញ៕​ ប្រភព៖ VOA