ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​នេះ យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ​ពីរ​ក្រុម​មក​ពី​ខេត្ត​កណ្តាល និង​ខេត្ត​កោះកុង បាន​លើក​គ្នា​មក​តវ៉ា​ដល់​ទីក្រុង​ភ្នំពេញ ក្នុង​គោល​បំណង​ដើម្បី​ស្វែង​រក​ការ​ជួយ​អន្តរាគមន៍​ពី​ស្ថាប័ន​ជាតិ​នានា។ អ្នក​តាម​ដាន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​កត់​សំគាល់​ថា​ កិច្ច​អន្តរាគមន៍​ករណី​ជម្លោះ​ដី​ធ្លី ហាក់​កំពុង​កើន​ឡើង នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​អស់​ជំនឿ​លើ​ការ​ដោះ​ស្រាយ​របស់​អាជ្ញាធរ​មូលដ្ឋាន។

គឺ​តាំង​ពី​ថ្ងៃ​ទី ២០​មិថុនា​មក យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ​ពីរ​ក្រុម​មក​ពី​ខេត្ត​កោះ​កុង និង​មួយ​ក្រុម​ទៀត​មក​ពី​ខេត្ត​កណ្តាល បាន​ឡើង​មក​តវ៉ា​នៅ​មុខ ក្រសួង​រៀប​ចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ក្រសួង​បរិស្ថាន ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​ជម្លោះ​ដី​ធ្លី​រាប់​ឆ្នាំ​របស់​ពួក​គេ។ ជាក់​ស្តែង នៅ​ថ្ងៃ​ទី ២១ មិថុនា​នេះ ប្រជាពលរដ្ឋ​ជិត ៣០០ គ្រួសារ​មក​ពី​ឃុំ​ព្រែក​ហូ ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដែល​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍​របស់​លោក​ស្រី​ឧកញ៉ា សៀង ចាន់ហេង បាន​ឡើង​មក​តវ៉ា​នៅ​មុខ​ក្រសួង​បរិស្ថាន។ ជម្លោះ​រវាង​ភាគី​ទាំង​ពីរ លើ​ផ្ទៃ​ដី​ជាង​៤​ពាន់​ហិចតា។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ តាម​រយៈ​គណនី​ហ្វេសបុក​របស់​ខ្លួន លោក​ស្រី សៀង ចាន់ហេង បាន​ចោទ​ប្រកាន់​វិញ​ថា ប្រជាពលរដ្ឋ​ដែល​តវ៉ា​នេះ គឺ​សុទ្ធ​តែ​ជា​ជន​ខិល​ខូច ហើយ​បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ស្រាវជ្រាវ​ពី​សាវតា​របស់​ពួក​គេ។ បើ​តាម​ការ​អះអាង​របស់​លោក​ស្រី ដី​ដែល​លោក​ស្រី​មាន​ជម្លោះ​នេះ គឺ​ជា​ដី​ដែល​លោក​ស្រី​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​តាំង​ពី​អំឡុង​ឆ្នាំ​១៩៩៧​មក​ម្ល៉េះ។ យ៉ាង​ណា​ក៏​ដោយ មាន​ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​បង្កើត​ជា​វេទិការ​សាធារណៈ​មួយ ដើម្បី​ឲ្យ​ភាគី​ទាំង​ពីរ​បាន​ជួប​ទល់​មុខ​គ្នា ដើម្បី​ដោះ​ស្រាយ​ករណី​នេះ​ជា​ថ្មី។

ចំណែក​ឯ​ប្រជាពលរដ្ឋ​មក​ពី​ស្រុក​ចំនួន​ពីរ​នៃ​ខេត្ត​កោះកុង គឺ​ស្រុក​បុទុមសាគរ និង​ស្រុក​គីរីសាគរ ក៏​បាន​ឡើង​មក​តវ៉ា​នៅ​មុខ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំនង់ និង​ក្រសួង​បរិស្ថាន​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី ២០ មិថុនា។ ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ​នោះ មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន Union Development Group តាំង​ពី​ឆ្នាំ​២០០៥ មក។

គួរ​កត់​សំគាល់​ថា បញ្ហា​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា ហាក់​កំពុង​ផ្ទុះ​ឡើង​ជា​ថ្មី នៅ​មុន​ពេល​ដែល​ប្រទេស​កម្ពុជា​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​ជាតិ នៅ​ថ្ងៃ​ទី​ ២៩ ខែ​កក្កដា ខាង​មុខ​នេះ។ កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ ប្រជាពលរដ្ឋ​មក​ពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ រាប់​សិប​គ្រួសារ ក៏​បាន​លើក​គ្នា​មក​តវ៉ា​ដល់​ទីក្រុង​ភ្នំពេញ​ផង​ដែរ បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​ការងារ​ចំរុះ​ថ្នាក់​ខេត្ត​ជាមួយ​ប្រជាពលរដ្ឋ នៅ​ក្នុង​ជម្លោះ​ដី​​ធ្លី​ជាមួយ​ក្រុមហ៊ុន​ចំការ​កៅស៊ូ​មេ​មត់។ ការ​ប៉ះ​ទង្គិច​គ្នា កាល​ពី​អំឡុង​ដើម​ខែ​មីនា ដែល​បាន​ឲ្យ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​រង​របួស ទាំង​សង​ខាង។

ជុំវិញ​ករណី​នេះ លោក អុំ សំអាត មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​សំណូមពរ ទី​១. ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​ដោះ​ស្រាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ចំពោះ​ករណី​ដែល​កើត​ឡើង​ជា​យូរ​មក​ហើយ និង​ទី​២. ពន្លឿន​ការ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ដែល​ទើប​នឹង​កើត​ឡើង​ថ្មីៗ ដើម្បី​កុំ​ឲ្យ​ករណី​នោះ​ក្លាយ​ជា​ជម្លោះ​ដ៏​រ៉ាំរ៉ៃ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព និង​ខាត​បង់​ពេល​វេលា​របស់​ភាគី​ទាំង​សង​ខាង។ បើ​តាម​ការ​កត់​សំគាល់​របស់​លោក អំ សំអាត ក្នុង​រយៈ​ពេល​១​ខែ​ឧសភា​កន្លង​ទៅ មាន​ករណី​ប្រជាពលរដ្ឋ​ឡើង​មក​តវ៉ា​សុំ​អន្តរាគមន៍​ករណី​ជម្លោះ​ដី​ធ្លី​នៅ​ភ្នំពេញ ស្ទើរ​រៀង​រាល់​ថ្ងៃ ខណៈ​មុន​ពេល​ដែល​កម្ពុជា នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា និង​ស្រប​ពេល​ដែល​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដោះ​ស្រាយ​ជា​បន្ទាន់​នូវ​ករណី​ជម្លោះ​ដី​ធ្លី​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន៕ ប្រភព៖ RFI