លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​អាទិត្យ បាន​ស្នើ​ឲ្យ​បញ្ជូន​ខ្លួន​ត្រឡប់​ទៅ​វិញ​ជា​បន្ទាន់​នូវ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ដែល​ចូល​មក​ក្នុង​សហរដ្ឋអាមេរិក​ដោយ​គ្មាន​ពាក្យ​បណ្តឹង​តុលាការ។

នៅ​ក្នុង​អត្ថាធិប្បាយ​ជា​ច្រើន​បន្តបន្ទាប់​លើ​បណ្តាញ​សង្គម Twitter លោក ត្រាំ បាន​ប្រកាស​ថា «យើង​មិន​អាច​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​នេះ​ឈ្លានពាន​ប្រទេស​យើង​នោះ​ទេ‍» ហើយ​លោក​ក៏​អះអាង​ថា «ប្រព័ន្ធ​របស់​យើង​គឺ​ជា​ការ​ចំអក​ដល់​គោលនយោបាយ​អន្តោប្រវេសន៍​ដ៏​ល្អ​ ច្បាប់​ និង​សណ្តាប់ធ្នាប់​សង្គម‍»។

មេដឹកនាំ​អាមេរិក​រូប​នេះ​បាន​អះអាង​ថា ច្បាប់​អន្តោប្រវេសន៍​អាមេរិក​ «ត្រូវ​បាន​គេ​សើច​ចំអក​ពេញ​ទូទាំង​ពិភពលោក​ ហើយ​វា​មិន​យុត្តិធម៌​ដល់​អ្នក​ដែល​ឆ្លង​កាត់​ប្រព័ន្ធ​ច្បាប់​និង​រង់ចាំ​តាម​នីតិវិធី​ច្បាប់​អស់​រយៈពេល​រាប់​ឆ្នាំ​នោះ​ទេ‍»។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ សហរដ្ឋអាមេរិក​បាន​បើក​សវនាការ​ករណី​ជនអន្តោប្រវេសន៍​ដែល​រត់ភៀសខ្លួន​ពី​ប្រទេស​ម៉ិកស៊ិក​និង​បណ្តា​ប្រទេស​នៅ​អាមេរិក​កណ្តាល និង​កន្លែង​ផ្សេង​ទៀត ដែល​ចង់​មក​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ប្រសើរ​ជាង​មុន​ខាង​សេដ្ឋកិច្ច។ ​

ការ​ទាមទារ​ដ៏​ខ្លាំងក្លា​របស់​លោក ត្រាំ ដើម្បី​បញ្ចប់​ដំណើរការ​ផ្លូវច្បាប់​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ប្រឆាំង​នៅ​ក្នុង​សភា ដែល​ជាប់គាំង​ទៅ​លើ​ការ​ផ្លាស់ប្ដូរ​គោលនយោបាយ​អន្តោប្រវេសន៍​របស់​អាមេរិក​និង​មិន​អាច​ចេញ​ច្បាប់​អន្តោប្រវេសន៍​ថ្មី​បាន៕ ប្រភព៖ VOA