ប៉ូលិសបាន​និយាយ​កាលពីថ្ងៃសៅរ៍​ថា ស្រ្តីខ្មែរ​មាន​ផ្ទៃពោះចំនួន​៣៣​នាក់ដែល​កំពុង ពពោះ​ឲ្យ​អតិថិជន​ជន​ជាតិ​ចិន​ត្រូវបាន​រកឃើញ​ក្នុង​អំឡុង​ពេល​ឆែកឆេរ​កន្លែង​រកស៊ី​ពពោះ​ខុសច្បាប់។ ប៉ូលិស​បាន​និយាយ​ថា ​មនុស្ស៥​នាក់រួមទាំង​អ្នកគ្រប់គ្រង​ជន​ជាតិចិន​ម្នាក់ផង​ ត្រូវបាន​ចាប់ខ្លួន ​បន្ទាប់ពី​មាន​ការ​ឆែកឆេរ​ផ្ទះ​ចំនួន​ពីរ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ​

Loading...

ប្រទេស​កម្ពុជា​ជាកន្លែង​ដែល​គេចូលចិត្ត​មក​ជួល​ស្រី្ត​ឲ្យពពោះ​ ទោះបីជា​មាន​ច្បាប់​ហាមឃាត់​ចេញ​កាល​ពីឆ្នាំ​២០១៦​ក៏ដោយ។​

លោក កែវ ធា នាយ​ការិយាល័យ​ប្រឆាំង​ការជួញ​ដូរ​មនុស្ស ​នៅរាជធានី​ភ្នំពេញ​បានប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters ​កាលពី​ថ្ងៃសៅរ៍​ថា ​មនុស្ស៥នាក់​នោះមាន​ស្ត្រី​កម្ពុជា​៤​នាក់និង​នាយក​គ្រប់គ្រង​ជាបុរស​ជនជាតិ​ចិន​ម្នាក់។

ស្ត្រី​និង​អ្នកគ្រប់គ្រង​ជនជាតិចិន​ត្រូវ​បា​នឃុំខ្លួន​ក្នុងអំឡុង​ពេល​ឆែកឆេរ​កាលពីថ្ងៃ​ព្រហស្បតិ៍។

​លោក​កែវ ធា​បាន​មាន​ប្រសាសន៍​ថា ​«អាជ្ញាធរ​របស់​យើង​បាន​ចោទ​ប្រកាន់​ពួកគេពី​បទ​ជួញ​ដូរ​មនុស្ស​និង​ធ្វើជា​អន្តរការី​ការ​ពពោះឱ្យគេ»។

លោក​បាន​និយាយ​ថា ​ស្ត្រីស៊ី​ឈ្នួល​ពពោះ​នឹងមិន​ប្រឈម​នឹង​ការចោទ​ប្រកាន់ទេ​ នៅ​ពេល​នេះ​ទេ។ ​លោក​បាន​និយាយ​ថា «ពួកគេកំពុងពរពោះ​ឲ្យ​ជនជាតិចិន»។ ​លោក​បន្ថែម​ថា ស្ត្រីម្នាក់ៗ​ត្រូវ​បាន​គេ​សន្យា​ថា ​នឹង​ទទួល​បាន​ប្រាក់​ចំនួន​១ម៉ឺន​ដុល្លារ​សម្រាប់​សេវាកម្ម​ពរពោះ​នេះ។ ​នៅពេល​ដែល​ស្ត្រីចាប់​ផ្តើម​ពពោះ​ នាង​ទទួល​បាន​ប្រាក់​៥០០ដុល្លារ។ នៅ​ពេល​ទារកប្រសូតិ​ ​លក្ខខណ្ឌ​នៃ​កិច្ចព្រម​ព្រៀង​គឺ​ស្ត្រី​នឹងទទួល​បាន​៣០០​ដុល្លារ​ ក្នុងមួយ​ខែរហូត​ដល់​គ្រប់១​ម៉ឺន​ដុល្លារ។​

លោកកែវ ធា​បានឱ្យ​ដឹង​ថា ការ​រកស៊ី​ពពោះ​ជំនួស​ បាន​បង្កើត​ទារក​ចំនួន​២០នាក់​ឲ្យ​អតិថិជន​នៅប្រទេស​ចិន​រួច​ហើយ។ ​លោកកែវ ធាមាន​ប្រសាសន៍​ថា «ទារក​ខ្លះកើតនៅ​ប្រទេស​ចិន​ ហើយខ្លះទៀត​កើត​នៅ​កម្ពុជា»។

​គ្លីនិក​ដែល​មានមូលដ្ឋាន​នៅអាស៊ី​កំពុង​តែពិនិត្យ​មើល​ប្រទេស​ចិនដែល​មន្រ្តីសុខាភិបាល​បាន​ប៉ាន់​ស្មាន​ថា ​គូស្វាមីភរិយា​ចំនួន​៩០​លាននាក់​មាន​សិទ្ធិ​មាន​កូន២​បន្ទាប់​ពីគោល​នយោបាយ​ចំណាស់​ច្រើន​ទសវត្សរ៍​ដែល​កំណត់​ឲ្យ​មាន​កូនតែ​មួយនោះ ត្រូវបាន​ដក​ចេញ​នៅ​ឆ្នាំ​២០១៥។ ​មិនមាន​តួ​លេខផ្លូវ​ការ​អំពី​ចំនួន​ទារកចិន​ប្រសូត​ដោយ​ប្រើសេវា​ពពោះ​នេះទេ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​និយាយ​ថា​មាន​ជាង​១ម៉ឺន​នាក់​ជា​រៀង​រាល់ឆ្នាំ។​

ប្រទេស​ថៃនិង​ឥណ្ឌា​បាន​រារាំង​ជន​បរទេស​មិន​ឲ្យ​ប្រើ​សេវា​ពពោះ​នេះ​បន្ទាប់​ពីមាន​ករណី​ជាច្រើន​ដែល​ធ្វើឱ្យ​មាន​ការព្រួយ​បារម្ភ​អំពីការ​កេងប្រវ័ញ្ច។ ​ប្រទេស​ថៃបាន​ហាមឃាត់​សេវា​ពពោះ​នៅឆ្នាំ ​២០១៥។​ បន្ទាប់​មក​គ្លីនិក​ថៃជាច្រើន​បានផ្លាស់​ប្តូរ​កន្លែង​រកស៊ី​ឆ្លង​ព្រំដែន​ចូល​ប្រទេស​កម្ពុជា​ ដែល​ទើមតែ​មាន​ច្បាប់​ហាមប្រាម​សេវា​ស៊ីឈ្មួល​ពពោះ​នេះ​នៅ​ឆ្នាំ​២០១៦៕ ប្រភព៖ VOA