ក្រសួង​សុខាភិបាល កាលពី​ថ្ងៃ​ទី២១-២២ ខែមិថុនា បាន​ហាមឃាត់ការ​នាំ​ចូល លក់ ចែក​ចាយ និង​ផ្សព្វ​​ផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​នូវ​ផលិត​ផលឱសថពុំ​បាន​ចុះ​បញ្ជិកា និង​គ្មាន​​ច្បាប់​អនុញ្ញា​តពី​ក្រសួង​សុខាភិបាល។ ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​ផ្សព្វ​​ផ្សាយ​លក់​ផលិត​ផល​សុខភាព​នៅ​លើ​បណ្តាញ​សង្គម។

ជា​បន្ត​បន្ទាប់​នាខែមិថុនា​នេះ ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស ទប់ស្កាត់​ ការ​ផ្សព្វ​​ផ្សាយ​ផលិត​ផលឱសថ ដែល​មិន​បាន​ចុះ​បញ្ជិកា។ ក្រសួង​សុខភិបាល​បញ្ជា​ក់​តាម​សេចក្តី​ប្រកាស​របស់​ខ្លួន​ថា ការហាមឃាត់​នេះ គឺ​ដើម្បី​ជៀសវាង​ការខាតបង់​ប្រាក់​កាស និង​ប៉ះពាល់​ដល់​សុខភាព ឬ​អាច​ឈាន​ដល់​ការ​បាត់​បង់​អាយុ​ជីវិត​របស់​អ្នក​ប្រើ​ប្រាស់​ទៀត​ផង។

បើ​តាម​ក្រសួង​សុខាភិបាល ឱសថ ដែល​បាន​ហាមឃាត់​ទាំង​នោះ គឺជា​ប្រភេទ​ឱសថ​ព្យាបាល​ជំងឺ​សន្លាក់, ឱសថសម្រក​ទម្ងន់​ឈ្មោះ Caroline Capsule, Caroline Coffee , ឱសថ​ព្យាបាល​ព្យាបាល​ជំងឺ​សន្លាក់​ឈ្មោះ OSTO, ឱសថ​ព្យាបាល​ជំងឺ​មហា​រីក​គ្រប់​ប្រភេទ​, ឱសថ​ព្យាបាល​ជំងឺ​លើឈាម, និង​ឱសថ​សម្រាប់​បង្កើន​តណ្ហា​ផ្លូវ​ភេទ​បុរស​ជា​ដើម។

ក្រសួង​សុខាភិបាល​ឲ្យ​ដឹងថា ឱសថ​ទាំង​នោះ​ពុំ​បាន​ត្រួត​ពិនិត្យ និង​ពុំ​បាន​ចុះ​បញ្ជិកា ហើយ​ផ្សព្វ​​ផ្សាយ​តាម​រយៈ​គណនី​ឈ្មោះ “​សុខភាព​បៃតង​” និង “SPIRULIINA 100%” ដោយ​គ្មាន​​ច្បាប់​អនុញ្ញា​តពី​ក្រសួង​សុខាភិបាល ដូច្នេះ​​តម្រូវ​ឲ្យ​ម្ចាស់​​អាជីវកម្ម​បញ្ឈប់​ការ​នាំ​ចូល ផ្សព្វ​​ផ្សាយ និង លក់ ឬ​ចែក​ចាយ។ ក្រសួង​សុខាភិបាល​កម្ពុជា​អះអាង​ថា​ខ្លួន​នឹង​មាន​វិធានការ​ផ្លូវ​ច្បាប់​លើ​ម្ចាស់​​គណនី​ខាង​លើ​នេះ។

លោក សន ជ័យ ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា បាន​ថ្លែង​ថា ក្រសួង​សុខាភិបាល​ត្រូវ​ផ្សព្វ​​ផ្សាយ​ពី​ប្រភេទ​ផលិត​ផល​ទាំង​នោះ ឲ្យ​ប្រជា​ពលរដ្ឋ​បាន​ដឹង ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​ប្រព្រឹត្តិ​ល្មើស​ត្រូវ​តែប្រឈ​មុខ​នឹង​ផ្លូវ​ច្បាប់។ ប៉ុន្តែ​លោក​លើក​ឡើង​ថា ទិដ្ឋភាព​ច្បាប់​នៅ​កម្ពុជា​មាន​មិន​គ្រប់​គ្រាប់ ហេតុ​ដូច្នេះ​​ធ្វើ​ឲ្យ​ក្រុម​ល្មើស​ឆ្លៀត​ឱកាស​លក់​ដូរ​ផលិត​ផល​ល្មើស​ច្បាប់​ទាំង​នោះ។

លោក សន ជ័យ បន្ថែម​ថា ការ​យល់​ដឹង​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​នៅ​មាន​កម្រិត ដែល​មិន​ដឹងថា​ផលិត​ផលណា​ក្រសួង​អនុញ្ញា​ត ហើយ​ផលិត​ផលណា ដែល​ក្រសួង​មិន​អនុញ្ញា​ត ដូច្នេះ​​ក្រសួង​ត្រូវ​តែសកម្ម​ជាង​មុន និង​ត្រូវ​មាន​ប្រតិកម្ម​ភ្លាមៗ​ចំពោះ​ការ​លក់​ផលិត​ផល​ទាំង​នោះ៕ ប្រភព៖ RFI