ដូច​ការ​គ្រោង​ទុក​ នៅថ្ងៃ​អាទិត្យ​នេះ ​ពលករ​ខ្មែរ​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​​បាតុ​កម្ម​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​ ដើម្បី​ជំរុញឲ្យ​សហគមន៍​អន្តរ​ជាតិ​កុំ​ទទួល​ស្គាល់​​ការ​បោះ​ឆ្នោត​​នៅ​កម្ពុជា​នា​ថ្ងៃ​ទី ​២៩​​ កក្កដា ​ខាងមុខ​។​ នេះ​ជាបាតុកម្ម​លើក​ទី៥​ហើយ ​របស់​ពលរដ្ឋ​ខ្មែរនៅ​ក្រៅប្រទេស ​ដែល​គាំទ្រ​ អតីត​គណ​បក្សស​ង្រ្គោះ​​​ជាតិ​ ដែល​ស្នើ​ម្តង​ហើយ​​ម្តង​ទៀត ​ឲ្យ​ជប៉ុន​ផ្អាក​ជំនួយដល់​​ការ​បោះឆ្នោត​​នៅ​កម្ពុជា​។ ​ការ​ធ្វើ​បាតុកម្ម​របស់​ពលករ​ខ្មែរ​នៅកូរ៉េ​ពេលនេះ​មាន​អ្នក​ចូលរួម​ច្រើន​ជាង​បាតុកម្ម​៤លើក​កន្លង​មក​។​

Loading...

ការធ្វើបាតុកម្មនៅទីក្រុង​សេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅពេលនេះ គឺមានទ្រង់ទ្រាយធំជាងការធ្វើបាតុកម្ម​នៅ​បារាំងកាលពីថ្ងៃសុក្រ និងមានមនុស្សចូលរួមច្រើនជាងបាតុកម្មនៅជប៉ុនកាលពីសប្តាហ៍មុន​។ តាមការ​ប្រកាសរបស់​អ្នករៀបចំកម្មវិធី គឺមានពលករខ្មែរ ចូលរួមរាប់ពាន់នាក់ ខណៈខ្មែរជាអ្នកធ្វើការងារនៅប្រទេសនេះ មានរាប់ម៉ឺននាក់ឯណោះ។

ក្រុមបាតុករ គឺនៅតែបន្តទាមទារកុំឲ្យសហគមន៍អន្តរជាតិទទួលស្គាល់ការ​បោះឆ្នោត​នៅកម្ពុជា នៅថ្ងៃទី២៩​កក្កដាខាងមុខ។ ជាពិសេស គឺពួកគេបន្តអំពាវនាវ ទៅកាន់​ប្រទេសជប៉ុន ឲ្យ​ផ្អាក​ជំនួយ​ដល់​ដំណើរការបោះឆ្នោត​នេះ ដែលគ្មានអតីតគណបក្សប្រឆាំងធំជាងគេចូលរួមនោះ។ ការធ្វើបាតុកម្មលើទឹកដីកូរ៉េនៅពេលនេះ គឺជួនចំពេល​ដែលលោកស្រី មូរ សុខហួរ​ អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ និង​លោក ញ៉យ ចំរើន អតីតតំណាងរាស្រ្ត ​កំពុង​តែមាន​វត្តមាននៅទីនោះ។ អ្នកនយោបាយបក្សប្រឆាំងទាំងពីររូបនេះ គឺទៅទទួលយក​ពាន​រង្វាន់​ផ្នែកសិទ្ធិមនុស្ស និង​សន្តិភាព ពីអង្គការសាសនាគ្រឹស្តមួយនៅកូរ៉េខាង​ត្បូង។ ជាពានរង្វាន់​ដែល​ត្រូវ​ផ្តល់​ឲ្យ លោក កឹម សុខា ដែលកំពុងជាប់ឃុំខ្លួន។ នៅចំពោះក្រុមបាតុករ លោកស្រី មូរ សុខហួរ បានអំពាវនាវឲ្យមានការ​ដោះលែង លោក កឹម សុខា និង​អ្នកទោសមនសិកាផ្សេងទៀត ហើយថា ​បាតុកម្ម​ទ្រង់​ទ្រាយ​បែបនេះ ​នឹងក៏ត្រូវធ្វើ​បន្តទៀត។

ប្រតិកម្មទៅនឹងការធ្វើបាតុកម្មនេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​សុខ ឥ​សាន បាន​ហៅ​ការ​ធ្វើ​បាតុកម្មនេះថា ​ជា​សិទ្ធិ​របស់ពួកគេ ប៉ុន្តែលោកអះអាងថា បើមិនគោរពច្បាប់​នឹង​ត្រូវរង​ការ​បង្ក្រាបជាមិនខាន ហើយថា ​បើ​នៅ​កម្ពុជា «​រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​បណ្តែតបណ្តោយ​ឲ្យ​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​អ្នក​ដទៃ និង​បំពាន​លើ​ច្បាប់​ជា​ដាច់ខាត»។ បាតុកម្មនៅប្រទេសកូរ៉េខាងត្បូង គឺបន្ទាប់ពីមានរលកបាតុកម្មនៅក្នុងប្រទេសបារាំង កាលពីថ្ងៃទី ២២ មិថុនា និងបាតុកម្មជាបន្តបន្ទាប់នៅប្រទេសជប៉ុន កាណាដា និងសហរដ្ឋអាមេរិក ពីអ្នកគាំទ្រអតីតគណបក្សប្រឆាំងនៅក្រៅប្រទេស ដើម្បីទាមទារឲ្យប្រទេសជប៉ុន ដកខ្លួនចេញពីការបោះឆ្នោតនៅកម្ពុជា នាថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំនេះ៕ ប្រភព៖ RFI