លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​នៅ​​ថ្ងៃទី ​២៤ ​មិថុនា ​នេះ ​បាន​​អំពាវ​នាវ​​ឲ្យ​​គណបក្ស​នយោបាយ​​ទាំង​អស់ ​កុំ​​ឲ្យ​​ប្រើប្រាស់​​ពាក្យ​ពេចន៍​​អសុរោះ ​នៅ​ក្នុង​​យុទ្ធនាការ​​ឃោសនា​បោះ​ឆ្នោត​។ ​យុទ្ធនាការ​​ឃោសនា​បោះ​ឆ្នោត​​ជាតិ ​នឹង​​ចាប់​ផ្តើម​​ពី​ថ្ងៃ​ទី ​៧ ​ដល់​​ថ្ងៃទី ​២៧ ​កក្កដា ​ខាង​មុខ​នេះ​។

«ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​គ្រប់​គណបក្សនយោបាយ​និង​បេក្ខជន​ទាំងអស់ គោរព​គ្នា​ទៅ​វិញ​ទៅ​ម​ក​ កុំ​ប្រើ​ពាក្យ​អសុរោះ ​ជេរ​បញ្ចោរ ​ហើយ​​ត្រូវគោរព​សីល​ធ​ម៍ និង​សេចក្តីថ្លៃថ្នូរ»។ នេះ គឺជា​ការអំពាវនាវរ​បស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃអាទិត្យ ទី ២៤ មិថុនា ដោយ​បាន​បន្តថា៖ «សូម​ឃោសនា​តែ​អំពី​គណបក្ស​របស់ខ្លួន គឺ​មិនត្រូវ​បណ្តុះ​បង្អាប់ ​គណបក្ស​​ ឬ ​បេក្ខជន ​នៃ​​គណបក្ស​​ដទៃ​​ឡើយ​»​។

​ការ​​ចេញ​មក​អំពាវនាវ​របស់​ប្រមុខ​បក្ស​កាន់អំណាច​លោក ហ៊ុន សែន ទំនងជា​បាន​ឆ្លើយ​តប​​ជា​ថ្មី​​ម្តង​ទៀត ​ទៅកាន់​អ្នកគាំទ្រ​គណបក្សនយោបាយ​មួយ ដែល​គេ​ស្គាល់​ថា គណបក្ស​​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ដោយបាន​ប្រៀបធៀប​លក្ខណៈ​ខុស​គ្នា​៧​ចំណុច រវាង​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់ខ្លួន​លោក​បណ្ឌិត យ៉ង សាំង​កុមារ ទៅនឹង​បេក្ខជន​​នាយករដ្ឋមន្ត្រី​គណបក្សកាន់អំណាច​លោក ហ៊ុន សែន។

យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៦ នឹង​ចាប់ផ្តើម​នៅ​ទូទាំងប្រទេស ពីថ្ងៃ​ទី ៧ ដល់​ថ្ងៃទី២៧ខែកក្កដា ខាងមុខ ដោយមាន​គណបក្ស​នយោបាយ​​ចំនួន​២០ចូលរួម តែ​មិនមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ។ យុទ្ធនា​ការ​​ឃោសនាបោះឆ្នោត​ឆ្នាំ២០១៨មាន​រយៈពេល២១ថ្ងៃ ដោយ​គណបក្សនយោបាយ​មួយ​ អាច​ហែរ​ក្បួន​ឃោសនា​ជា​ទ្រង់ទ្រាយ​ធំ​នៅក្នុង​រាជធានី ខេត្តនីមួយៗ បានតែ៤ដង​ប៉ុណ្ណោះ។ បើតាម​ការ​ឲ្យ​ដឹង​ពី គជប នៅ​ថ្ងៃទី ៧ ខែកក្កដា ខាងមុខ គជប នឹង​ចាប់ផ្តើម​ចាក់ផ្សាយ​កិច្ចពិភាក្សា​តុមូល​របស់​គណបក្សនយោបាយនីមួយៗរយៈពេល២នាទី នៅ​លើ​​កញ្ចក់​ទូរទស្សន៍​ជាតិ​កម្ពុជា។

តែ​យ៉ាងណាក៏ដោយ​អ្នកតាមដាន​នយោបាយ​នៅ​កម្ពុជា លោក ឯម សុវណ្ណ​រា បាន​កត់​សំគាល់ថា យុទ្ធនាការ​ឃោសនាបោះឆ្នោត​អាណត្តិ​ទី៦នេះ នឹងមិន​ជាទី​ចាប់អារម្មណ៍​ដូច​​អាណត្តិមុនៗនោះទេ។ ដ្បិត​គ្មាន​គ្មាន​គណបក្សប្រឆាំង​ធំជាងគេ​ចូលរួម និង​ដោយ​សារ​តែ​អ្នកនយោបាយ​ក្នុង​បរិបទ​បច្ចុប្បន្ននេះ ហាក់​មិនសូវមាន​ការប្រកួតប្រជែង​គ្នា​ខ្លាំងក្លា បន្ទាប់ពី​អតីត​គណបក្សប្រឆាំង​ធំជាងគេ​នៅ​កម្ពុជា អវត្តមាន​នៅក្នុង​ការ​បោះ​ឆ្នោត​ជាតិ​​លើក​នេះ។ យ៉ាងណាក៏ដោយ លោក ឯម សុវណ្ណ​រា បាន​គាំទ្រ​ចំពោះ​កា​រ​អំពាវ​នាវ​​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឲ្យ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជាតិ​នៅ​ពេល​​ខាងមុខ ប្រព្រឹត្ត​ទៅដោយ​រលូន៕ ប្រភព៖ RFI