គណៈប្រតិភូ​បារាំង​នៃ​គណបក្ស​កុម្មុយនិស្ត ដោយ​រួម​ទាំង​សមាជិក​ព្រឹទ្ធសភា​ម្នាក់​ផង​នោះ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​តួកគី​កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​ព្យាយាម​សង្កេតការណ៍​លើ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​និង​ប្រធានាធិបតី​នៅ​ទីនោះ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​គណបក្ស​នេះ។ ​

សេចក្តីថ្លែងការណ៍​មួយ​របស់​គណបក្ស​កុម្មុយនិស្ត​បាន​ឲ្យ​ដឹង​ថា «អាជ្ញាធរ​តួកគី​ចង់​បំបាត់​រាល់​ការ​រិះគន់​លើ​ការ​បន្លំ​សន្លឹក​ឆ្នោត​ដ៏​ធ្ងន់ធ្ងរ​ដែល​កំពុង​តែ​ប្រព្រឹត្ត​ទៅ»។ សេចក្តីថ្លែងការណ៍​នោះ​បាន​បន្ថែម​ថា លោក​សមាជិក​ព្រឹទ្ធសភា Christine Prunaud ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ផង​ដែរ។

បណ្តាញ​សារព័ត៌មាន Anadolu របស់​រដ្ឋ​ក្នុង​ប្រទេស​តួកគី​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ជនជាតិ​អឺរ៉ុប​ប្រមាណ​១០​នាក់​ត្រូវ​ប្រឈម​នឹង​ចំណាត់ការ​ផ្លូវ​ច្បាប់​ ដែល​រួម​ទាំង​ជនជាតិ​បារាំង​បី​នាក់ ជនជាតិ​អាល្លឺម៉ង់​បី​នាក់ និង​ជនជាតិ​អ៊ីតាលី​បួន​នាក់ផង​ដែរ ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​ធ្វើ​សកម្មភាព​ដូចជា​អ្នក​សង្កេតការណ៍​បោះឆ្នោត​ដោយ​គ្មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ នៅ​ក្នុង​តំបន់​ប៉ែក​អាគ្នេយ៍​ដែល​សំបូរទៅ​ដោយ​ពួក​ឃឺដ។

គណបក្ស​សាធារណរដ្ឋ​ប្រជាជន​ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​តួកគី​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​តួលេខ​ពាក្យ​បណ្តឹង​នៃ​ការ​បំពាន​ការ​បោះឆ្នោត​នៅ​ប៉ែក​អាគ្នេយ៍​នេះ។

ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan កាល​ពី​ថ្ងៃ​អាទិត្យ បាន​នាំ​មុខ​គេ​យ៉ាង​ប្រកៀកប្រកិត​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី ដែល​ទើប​តែ​ត្រូវ​បាន​គេ​រាប់​សន្លឹក​ឆ្នោត​បាន​ប្រមាណ​៦០​ភាគរយ។ លោក Erdogan កំពុង​តែ​ព្យាយាម​កាន់​អំណាច​ម្តង​ទៀត​ ខណៈ​ដែល​ប្រឈម​នឹង​គណបក្ស​ប្រឆាំង​ដ៏​ខ្លាំង​ក្លា​និង​សេដ្ឋកិច្ច​ដែល​ធ្លាក់​ចុះ​ខ្សោយ។​

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ពលរដ្ឋ​តួកគី​បោះឆ្នោត​ជ្រើសរើស​ទាំង​ប្រធានាធិបតី​និង​សមាជិក​សភា នៅ​ក្នុង​ការ​បោះឆ្នោត​ដែល​មិន​អាច​សង្ឃឹម​ទុក​ជា​មុន​បាន ហើយ​លោក Erdogan កំពុង​ស្វែង​រក​ជ័យជម្នះ​ជា​ថ្មី​ទៀត​សម្រាប់​គណបក្ស​យុត្តិធម៌​និង​អភិវឌ្ឍន៍​របស់​លោក ក្រោយ​ពី​លោក​កាន់​តំណែង​អស់​រយៈពេល​១៥​ឆ្នាំ​ហើយ​នោះ។

នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី លោក Erdogan ទទួល​បាន​ជ័យជម្នះ​ជិត​៥៦ភាគរយ ហើយ​គូប្រជែង​ធំ​របស់​លោក គឺ​លោក Muharrem Ince នៃ​គណបក្ស​សាធារណរដ្ឋ​ប្រជាជន​ទទួល​បាន​សម្លេង​ឆ្នោត​គាំទ្រ២៩​ភាគរយ។ នេះ​បើ​យោង​តាម​បណ្តាញ​សារព័ត៌មាន Anadolu របស់​រដ្ឋ ដោយ​ផ្អែក​ទៅ​ការ​រាប់​សន្លឹក​ឆ្នោត​បាន​៦០​ភាគរយ៕ ប្រភព៖ VOA