​បណ្តា​រូបភាព​ត្រូវបាន​ចាក់ផ្សាយ​នៅលើ​បណ្តាញ​ព័ត៌មាន​របស់​ឥណ្ឌា បានបង្ហាញ​ឲ្យ​ឃើញ​អណ្តាតភ្លើង និង​ផ្សែងខ្មៅ​ហុយ​ចេញពី​តំបន់​មួយ ដែល​ស្ថិត​នៅជាប់​នឹង​អគារ​ដ៏​ត្រដែតៗ​ជាច្រើន ។​

​មន្ត្រី​គ្រប់គ្រង​គ្រោះមហន្តរាយ​ឥណ្ឌា បាន​និយាយថា​៖ ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅពេល​យន្តហោះ​ធុន​តូច​១២​កៅអី​១​គ្រឿង បាន​ធ្លាក់​បុក​ចូលក្នុង​ការដ្ឋាន​សំណង់​មួយ និង​បាន​ផ្ទុះ​ឆេះ​ភ្លាមៗ​តែម្តង ។ ហើយ​មនុស្ស​៤​នាក់​ស្ថិតនៅលើ​យន្តហោះ​នោះ ។

​បុរស​ម្នាក់​ត្រូវបាន​ដកស្រង់​សម្តី​ដោយនិយាយ​នៅលើ​ប៉ុស្តិ៍​ព័ត៌មាន NDTV ថា​៖ «​មានការ​ផ្ទុះ​ដ៏​ធំ​មួយ ហើយ​ដើមឈើ​នៅក្បែរ​នោះបាន​ឆេះ ហើយ​ភ្លើង​ក៏បាន​រីក​រាលដាល​ចូល​ដងផ្លូវ​ជាច្រើន​» ។​

​បុរស​នោះបាន​បន្ថែមថា​៖ «​ដំបូង យើង​បាន​សន្និដ្ឋានថា ប្រអប់​អគ្គិសនី​មួយ​នៅក្នុង​អគារ​សំណង់​ក្រោម​ដី​បាន​ទុ​ស្ស​សេ​បង្ក​ការឆាបឆេះ ប៉ុន្តែ នៅពេល​យើង​បាន​ចូលទៅ​ពិនិត្យ​កន្លែងកើតហេតុ យើង​បាន​រកឃើញ​សាកសព​បុរស​ម្នាក់ ដែល​កំពុង​ស្ថិតនៅ​លើក​ង់ នៅពេល​យន្តហោះ​ធ្លាក់​» ។​

​អគ្គនាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល​របស់​ឥណ្ឌា (DGCA) បាន​និយាយថា យន្តហោះ​នោះ​ដែលជា​ប្រភេទ​យន្តហោះ turbo-prop King Air C-90 បាន​កំពុង​ហោះ​សាកល្បង​ចេញពី​អាកាសយានដ្ឋាន Juhu ស្ថិត​នៅក្បែរនោះ ។​

​សេចក្តីថ្លែងការណ៍​រប​ស់ DGCA បាន​ឲ្យ​ដឹងថា​៖ «​មាន​ភី​ឡុ​ត​២​នាក់ និង​វិស្វករ​ថែទាំ​យន្តហោះ​២​នាក់ នៅលើ​យន្តហោះ​នោះ ។ អ្នក​ទាំង​៤ និង​មនុស្សម្នា​ក់នៅ​លើដី បាន​ស្លាប់​» ៕ ឧ​ត្ត​ម​