ប្រមុខការពារជាតិ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ឯក ហ៊ុន​ ម៉ាណែត នឹងត្រូវបានដំឡើងឋានន្តរស័ក្តជា នាយឧត្តមសេនីយ៍ផ្កាយមាស៤ នៅពេល​ឆាប់ៗខាងមុខនេះ។ គម្រោង​ដំឡើងឋានន្តរស័ក្តដល់កូនប្រុសច្បងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រូប​នេះ​គឺ​បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត ទើប​ចូល​កាន់​មុខ​តំណែង​សំខាន់​​ៗ​ចំនួន​ពីរ​នៅ​ក្រសួង​ការពារជាតិ​ នៅ​ថ្ងៃ​សៅរ៍​នេះ​។

Loading...

ការ​ប្រកាស​របស់​លោក​រដ្ឋមន្រ្តីការពារជាតិ ទៀ បាញ់ បានធ្វើឡើង​នៅចំពោះ​មុខ​ឧត្តមសេនីយ៍​គ្រាក់ៗ ក្នុង​ពិធី​ចូលកាន់តំណែងរបស់ លោក សៅ សុខា ជាអគ្គមេបញ្ជាការ​នៃកង​យុទ្ធពលខេមរភូមិន្ទ ជំនួសលោក ប៉ុល សារឿន និង លោក ហ៊ុន ម៉ាណែត ត្រូវបានជំនួស លោក គន់ គីម និង លោក មាស សុភា។

លោក ហ៊ុន ម៉ាណែត ជាមេបញ្ជាការរងកងទ័ពជើងគោក ត្រូវបានប្រគល់តំណែងសំខាន់ៗបន្ថែមចំនួនពីរទៀត គឺជាមេបញ្ជាការស្តីទី នៃកងទ័ពជើងគោក ជំនួសលោក មាស សុភា។ ចំណែកតួនាទីថ្មីមួយទៀត លោក ហ៊ុន ម៉ាណែត គឺជានាយសេនាធិការចម្រុះស្តីទី នៃកងយោធពលខេមរភូមិន្ទ ជំនួស លោក គន់ គីម។

មុននឹងចូលកាន់​តំណែងខ្ពស់ៗបែបនេះ លោក ហ៊ុន ម៉ាណែត ក៏ទើបត្រូវបាន​តែងតាំងជាអគ្គមេបញ្ជារង​នៃកង​យុទ្ធពលខេមរភូមិន្ទផងដែរ។ ជាអគ្គមេបញ្ជារង​នៃកង​យុទ្ធពលខេមរភូមិន្ទនេះហើយ ដែលលោក ហ៊ុន ម៉ាណែត អាចនឹងទទួលបានការដំឡើងឋានន្តរស័ក្តពីផ្កាយ៣ទៅជានាយឧត្តមសេនីយ៍ផ្កាយមាស៤ ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះជាការ​ប្រកាស​របស់​លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ។

​លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ បានបញ្ជាក់បន្ថែមថា ការ​តែងតាំងលោក ហ៊ុន ម៉ាណែត ក្នុងតួនាទី​សំខាន់ចំនួនពីរទៀតនេះ គឺផ្អែកលើ​សមត្ថភាពដែលលោក​បានរៀន​នៅអាមេរិក គឺមិនមែនមកពី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនទុកចិត្តលើមេទ័ព​ដទៃទៀតនោះទេ។

សូមបញ្ជាក់ថា ការ​ផ្លាស់​ប្តូរ​តូនាទីសំខាន់ៗ​ក្នុង​ជួរកង​ទ័ពកម្ពុជានៅពេលនេះ គឺដោយសារតែ នាយឧត្តមសេនីយ៍ ប៉ុល សារឿន និងនាយឧត្តមសេនីយ៍ គន់ គីម រួមទាំង នាយឧត្តមសេនីយ៍ មាស សុភា ត្រូវផ្លាស់ទៅឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ត ក្នុងការបោះឆ្នោត​ខាងមុខនេះ។

នៅ​ក្នុង​បញ្ជី​ឈរ​ឈ្មោះ​បោះ​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ផ្ញើ​ទៅ​កាន់ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​កន្លង​ទៅ លោក ប៉ុល សារឿន បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាង​រាស្ត្រ​លេខ​រៀង​ទី​១ នៅ​ខេត្ត​ព្រះសីហនុ ខណៈ​លោក គន់ គីម ឈរ​នៅ​ខេត្ត​ឧត្តរមានជ័យ ហើយ​លោក មាស សុភា ឈរ​នៅ​ខេត្ត​ព្រះវិហារ ជា​បេក្ខជន​តំណាង​រាស្ត្រ​ពេញ​សិទ្ធិ៕ ប្រភព៖ RFI