ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​អូស្រ្តាលី ​ព្រម​​ជា​មួយ​​ភរិយា​​លោក​ កែម​ ឡី ​និង​កូន​ៗ​ គ្រោង​ធ្វើ​ពិធី​រម្លឹក​ខួប​២​ឆ្នាំ​នៃ​ការ​បាញ់​​សម្លាប់​ អ្នក​វិភាគ​ល្បី​ឈ្មោះ​​រូប​នេះ ​នៅ​ថ្ងៃ​ទី​៧​កក្កដា​ខាងមុខ​ គឺ​ចំ​ថ្ងៃ​ដំបូង​នៃការ​ឃោសនា​បោះ​ឆ្នោត​តែ​​ម្តង​។ ​ចំណែក​​សាច់​ញាត្តិ​​លោក កែម​ ឡី ​នៅកម្ពុជា​ គ្រោង​​ធ្វើ​បុណ្យ​ខួប​២​ឆ្នាំ​នេះ ​នៅថ្ងៃ​១០​​កក្កដា ជា​ថ្ងៃ​ឃាតកម្ម​កើត​ឡើង​។​

ទាំងអ្នកស្រី ប៊ូ រចនា ទាំងលោក កែម រិទ្ធិសិត ប្អូន​ប្រុសបង្កើត​លោក កែម ឡី សុទ្ធតែ​បានអំពាវនាវដល់ជនរួមឈាមខ្មែរ ចូលរួម​ឲ្យ​បាន​ច្រើនកុះ​ករ​ក្នុង​ពិធី​បុណ្យ​រំលឹក​ខួប​២ឆ្នាំ​នៃការ​ស្លាប់​របស់​លោក កែម ឡី។

នៅក្នុងវីដេអូឃ្លើបដែលបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក អ្នកស្រី ប៊ូ រចនា បាន​ឲ្យ​ដឹង​ថា ​​ការរៀបចំពិធីបុណ្យរំលឹកខួប២ឆ្នាំ នៃ​ការ​ស្លាប់​របស់​លោក កែម ឡី នឹង​ធ្វើ​នៅ​វត្ត​ពុទ្ធរង្ស៊ី ហៅវត្តធំ ក្នុងប្រទេសអូស្ត្រាលី។

អ្នកស្រី ប៊ូ រចនា​ អះអាងថា ថវិកាដែលទទួលបានពីការរៀបចំពិធីបុណ្យនេះ ​​អ្នកស្រី​នឹង​បរិចា្ចគ​​៤០ភាគរយ ជួយប្រជាពលរដ្ឋខ្មែរដែលទទួលរងភាពអយុត្តិធម៌នៅក្នុងសង្គមខ្មែរ និងជួយដល់ជនភៀសខ្លួនខ្មែរផ្សេងទៀត។ អ្នកស្រីបន្តថា ការសម្រេចបរិច្ចាគថវិកានេះ ធ្វើ​ឡើង​ដោយសារអ្នកស្រីចង់បន្តបេសកម្មរបស់លោកបណ្ឌិត កែម ឡី ដែលបាន​ធ្វើ​ការ​ងារ​ជួយសង្គមកន្លងមក។

ចំណែកពលរដ្ឋខ្មែរក្នុងសហរដ្ឋអាមេរិកវិញក៏នឹងរៀបចំពិធីរំលឹកខួបពីរឆ្នាំនេះនៅថ្ងៃ៧ ខែកក្កដា ខាងមុខនេះដែរ ដូចជានៅរដ្ឋកាលីហ្វ័រញ៉ា រដ្ឋម៉ាសាជូសេធ និងបណ្តា​រដ្ឋ​ជា​ច្រើន​ទៀត។

ដោយឡែក នៅក្នុងប្រទេសកម្ពុជាវិញ បុណ្យគំរប់ខួប២ឆ្នាំរបស់លោក កែម ឡី គឺនឹង​ធ្វើ​នៅថ្ងៃទី១០​ខែកក្កដា នៅក្នុងគេហដ្ឋានរបស់​លោកក្នុង​ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ ដោយ​និមន្តព្រះ​សង្ឃ​ចំនួន៥២អង្គ ទៅតាមអាយុ៥២ឆ្នាំ​របស់លោក កែម ឡី។ នេះជាការ​បញ្ជាក់​​របស់​លោក កែម រិទ្ធិសិត ដែលជា​ប្អូន​ប្រុសបង្កើត។ ប៉ុន្តែលោកបញ្ជាក់ថា ការ​ធ្វើបុណ្យនេះ មិនមាន​ឈ្មោះ អ្នក​ស្រី ប៊ូ រចនា និងកូនៗនៅក្នុង​សំបុត្រ​អញ្ជើញនោះទេ​ដោយ​សារតែ​ដឹងថា​គាត់​មិនអាច​វិល​មក​ចូលរួមបាន។

សូមរំឮកថា លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់​កាំ​ភ្លើង​បាញ់​សម្លាប់​កាលពី​ថ្ងៃទី១០​កក្កដាឆ្នាំ២០១៦ នៅក្នុង​ហាងទំនិញមួយកន្លែងជិត​ស្តុប​បូកគោ។ ក្រោយឃាតកម្មកណ្តាលក្រុងនេះ សមត្ថកិច្ចបានចាប់ខ្លួនបុរសម្នាក់ ឈ្មោះ អឿត អាង ហៅខ្លួនឯងថា «ជួប សម្លាប់» ដោយតុលាការកាត់​ទោស​ឲ្យ​ជាប់ពន្ធនាគារមួយជីវិត នៅ​ក្នុង​ករណី​ឃាតកម្ម​លើ​អ្នក​វិភាគ​ល្បី​ឈ្មោះ​រូបនេះ។ តែកាល​ពី​ចុង​ខែ​មីនា ឆ្នាំ​២០១៧ តុលាការ​បាន​ប្រកាស​បំបែក​សំណុំ​រឿង​នេះ​ជា​ពីរ ដើម្បី​ស៊ើប​អង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​យក​មក​កាត់​ទោស៕​ ប្រភព៖ RFI