លោក John Bolton ​ទីប្រឹក្សាសន្តិសុខ​ជាតិ​អាមេរិក​ ​បាននិយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​លោក​ជឿជាក់​ថា ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ ​អាវុធ​គីមី និង​អាវុធ​ជីវសាស្ត្រ​ភាគច្រើន​របស់​កូរ៉េខាងជើង​អាច​ត្រូវ​គេ​រុះរើ​ក្នុងរយៈ​ពេល​មួយ​ឆ្នាំ។​ លោក Bolton បានប្រាប់​បណ្តាញ​ទូរទស្សន៍​ CBS ថា​ «ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​សម្រេច​ចិត្ត​ជា​យុទ្ធសាស្ត្ររួច​ហើយ​ដើម្បី​បញ្ចប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ហើយ​ពួកគេ​សហការ​នោះ​ យើង​អាច​ធ្វើ​បាន​ចប់​យ៉ាង​ឆាប់រហ័ស។ ​តាម​លក្ខណៈ​ជាក់ស្តែង ​យើង​នឹង​អាច​រំសាយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ដ៏ច្រើន​លើស​លប់​របស់​កូរ៉េខាង​ជើង​ក្នុង​ពេល​មួយឆ្នាំ» ។​

Loading...

ប៉ុន្តែលោក​ Bolton ​បានបដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​សេចក្តីរាយ​ការណ៍​របស់​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​ដែល​ថា កូរ៉េខាង​ជើង​កំពុង​ព្យាយាម​លាក់បាំង​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ សូម្បី​បន្ទាប់ពី​មេដឹកនាំ​កូរ៉េខាង​ជើង​លោក​គីម ជុងអ៊ុន​បាន​យល់​ព្រមនៅឯ​កិច្ច​ប្រជុំ​កំពូល​នៅ​ប្រទេស​សិង្ហបុរី​កាលពី​ខែ​មុន​ជាមួយ​លោក​ Donald Trump ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ ដើម្បី ​«ធ្វើ​ការ​ឆ្ពោះ​ទៅ​រក​ការ​លុប​បំបាត់​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ក៏​ដោយ»។

មិនមាន​ព័ត៌មាន​លម្អិត​នៃកិច្ច​ព្រមព្រៀង​នៅ​សិង្ហបុរី​ដែល​លោក គីមជុងអ៊ុន ​និង​លោក​ Trump​ បាន​ចុះហត្ថលេខា​អំពីវិធី​និង​ពេល​វេលា ដែល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​អាច​បញ្ចប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​នោះ​ទេ។​ លោក Bolton ​បាន​និយាយ​ថា លោក Mike Pompeo រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​នឹងចាប់​ផ្តើម​កិច្ច​ពិភាក្សា​ជាមួយ​មន្ត្រី​កូរ៉េខាង​ជើង​នាពេល​ឆាប់ៗ​នេះ​ស្តី​ពី​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ។ ​

លោក ​Bolton បាន​សម្តែង​សុទិដ្ឋិនិយម​ថា ​លោក គីម ជុងអ៊ុន​នឹង​គោរព​តាម​ការសន្យា​របស់​លោក​ក្នុង​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ៕ ប្រភព៖ VOA