នៅ​តៃវ៉ាន់ ច្បាប់​ថ្មី​មួយ​ដ៏​ចម្រូង​ចម្រាស់ បាន​ចូល​ជា​ធរមានឲ្យ​អនុវត្ត ​ពី​ថ្ងៃ​ទី​១​កក្កដា ម្សិលមិញ​នេះ​ត​ទៅ។ នោះ​គឺ​ច្បាប់​​និវត្តជន ដែល​ដាក់​មន្ត្រី​រដ្ឋការ​ ហើយ​ពិសេស​​គឺ​ទាហាន​ចាស់​ៗ​ឲ្យ​ចូល​និវត្តន៍។ នេះ​ជា​សមិទ្ធផល​ថ្មី​មួយ​ទៀត នៃ​អាណត្តិ​ប្រធានាធិបតី​លោក​ស្រី Tsai Ing-wen ដែល​ប្រជាប្រិយភាព​របស់​គាត់​​កំពុង​ធ្លាក់​ចុះ។

ច្បាប់​ថ្មី​នេះ ប៉ះ​ពាល់​ដល់​មន្ត្រី​អតីត​យុទ្ធជន​ ប្រមាណ​៦​ម៉ឺន​នាក់ ដែល​ប៉ះ​ពាល់​ជា​បឋម​បំផុត​ចំពោះ​មន្ត្រី​ចាស់ៗ​ដែល​មាន​ឋានៈ​វរសេនីយ៍ឯក​ជា​ដើម។ ពួក​គេ​អាច​នឹង​ដាក់​ឲ្យ​ចូល​និវត្ត ហើយ​អាច​នឹង​បាត់​បង់​ប្រាក់​ចំណូល​ដល់​ទៅ​២០​ភាគ​រយ។ ប៉ុន្តែ​អ្នក​ជំនាញ​កិច្ច​ការ​តៃវ៉ាន់​បញ្ជាក់​ថា ពួក​ទាហាន​មាន​ប្រាក់​បៀវត្ស​ខ្ពស់​ច្រើន​ណាស់ បើ​គ្រាន់​តែ​ពួក​គេ​យក​ប្រាក់​ទៅ​ដាក់​ធនាគារ ហើយ​ដេក​តែ​ស៊ី​ការ​ប្រាក់ ក៏​បាន​ក្បែរ​១៨​ភាគ​រយ​ដែរ។​

គួរ​ជ្រាប​ថា នា​ពេល​កន្លង​ទៅ​ ច្បាប់​និវត្តជន​សម្រាប់​មន្ត្រី​រដ្ឋការ​នេះ គឺ​មាន​ការ​ជជែក​គ្នា​ក្នុង​សភា​និង​ក្រៅ​សភា​យ៉ាង​តឹង​សរសៃ​ក។ ពេល​ខ្លះ ក៏​មាន​បាតុកម្ម​ប្រឆាំង រហូត​ដល់​ហិង្សា​បង្ហូរ​ឈាម​ផង​ក៏​មាន។ ប៉ុន្តែ​ ទី​បំផុត​ទៅ ជោគ​ជ័យ​សម្រេច​ឲ្យ​អនុវត្ត​ដោយ​ចូល​ជា​ធរមាន​ គឺ​ត្រឹម​ក្រោម​ការ​ដឹក​នាំ​របស់​អាណត្តិ​ប្រធានាធិបតី​ស្រី Tsai Ing-wen ។

ក្នុង​រយៈ​ពេល​២​ឆ្នាំ​នៃ​រជ្ជកាល​របស់​ខ្លួន លោក​ស្រី​ Tsai Ing-wen បាន​សម្រេច​កំណែ​ទម្រង់​ច្បាប់​ជា​ច្រើន​ដែល​ផ្តល់​ប្រយោជន៍​ដល់​សង្គម​តៃវ៉ាន់។ ក្រៅ​ពី​ច្បាប់​និវត្តជន​នេះ នៅ​មាន​វិធាន​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​ផ្សេងៗ ដូច​ជា​រឿង​ធ្វើ​ការ​ថែម​ម៉ោង និង​កិច្ច​សន្យា​ការងារ​ជា​ដើម ដែល​សុទ្ធសឹង​ប្រធាន​បទ​ក្តៅ​នៅ​តៃ​វ៉ាន់​ និង​ដែល​​អាច​ប៉ះ​ពាល់​ដល់​ប្រជាប្រិយ​របស់​លោក​ស្រី​ប្រមុខ​រដ្ឋ​។​

សព្វ​ថ្ងៃ​នេះ កម្រិត​ប្រជាប្រិយភាព​របស់​លោក​ស្រី​ប្រធានាធិបតី បាន​ធ្លាក់​មក​នៅ​ត្រឹម​តែ​២៥​ភាគ​រយ​ប៉ុណ្ណោះ​។​ សំណុំ​រឿង​រសើបៗ​ដែល​លោក​ស្រី​លូក​ដៃ​ធ្វើ គឺ​ជា​រឿង​ល្អ​ តែ​អ្នក​វិភាគ​នយោបាយ​តៃវ៉ាន់​ យល់​ថា លោក​ស្រី​ហាក់​ដូច​ជា​ដើរ​លឿន​ពេក​ហើយ។ គេ​ចោទ​សួរ​ថា តើ​លោក​ស្រី​អាច​នឹង​ស្តារ​ប្រជា​ប្រិយភាព​រួច​ទេ សម្រាប់​មាន​មុខ​ទៅ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ប្រធានាធិបតី​ថ្មី នៅ​ឆ្នាំ​២០២០ ដែល​នៅ​សល់​តែ​ពីរ​ឆ្នាំ​ទៀត​តែ​ប៉ុណ្ណោះ។ តើ​លោកស្រី​អាច​នឹង​រង់​ចាំ​ទទួល​ផល​ពី​​កំណែ​ទម្រង់​ដែល​លោកស្រី​ខំ​ធ្វើ​បាន​ដែរឬទេ​?​

សូម​​ជ្រាប​ថា នៅ​លើ​ពិភព​លោក ដោយ​សារតែ​ឥទ្ធិពល​របស់​មហា​យក្ស​ចិន​ ​គឺ​ធ្វើ​ឲ្យ​​តៃវ៉ាន់​លំបាក​រើ​ខ្លួន​រួច។​ មាន​ប្រទេស​មិន​ដល់​២០​ប្រទេស​ផង​ទេ ដែល​មាន​ទំនាក់​ទំនង​ទូត​ជាមួយ​តៃវ៉ាន់។​ ប្រទេស​ខ្លះ នា​ពេល​ថ្មីៗនេះ បែប​យ៉ាង​​បួគីណាហ្វាសូ​ ថែម​ទាំង​បាន​ផ្តាច់​ការ​ទូត​ជាមួយ​តៃវ៉ាន់ ហើយ​​រត់ទៅ​ឱប​ចិន៕​ ប្រភព៖ RFI