អស់​លោក​រដ្ឋ​មន្ត្រីការ​បរទេស​មក​ពី​ប្រទេស​អ៊ីរ៉ង់​និង​មហាអំណាច​ពិភពលោក​៤​ទៀត​ដែល​ចង់​នៅ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​ពួកគេ​បាន​ចុះ​ហត្ថ​លេខា​ឆ្នាំ២០១៥មាន​គម្រោង​ធ្វើ​ការ​ចរចា​នៅ​ថ្ងៃ​សុក្រ​ខាងមុខ​នេះ​ថាតើ​រក្សា​កិច្ច​ព្រមព្រៀង​នោះ​យ៉ាង​ដូចម្តេច​បន្ទាប់​ពី​ការ​ដក​ខ្លួន​របស់​សហរដ្ឋ​អាមេរិក​នោះ។

បណ្តាញ​ព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា ​លោក Mohammad Javad Zarif រដ្ឋ​មន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​នឹង​ជួបនៅ​ក្នុង​ទីក្រុង​វីយែន​ជាមួយ​សមភាគី​របស់​លោក​មក​ពី​ចក្រភព​អង់គ្លេស ប្រទេស​ចិន ​បារាំង ​រុស្ស៊ី​និងអាល្លឺម៉ង់។

លោក Hassan Rouhani ប្រធានា​ធិបតី​នៃ​ប្រទេស​អ៊ីរ៉ង់​ក៏​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ស្វ៊ីសនិង​អូទ្រីស​នៅ​សប្តាហ៍​នេះដែល​ជា​ដំណើរ​ទស្សកិច្ច​ខាងការទូត​របស់​លោក​ដើម្បី​ព្យាយាម​រក្សាកិច្ច​ព្រម​ព្រៀង​ដែល​កម្រិត​សកម្មភាព​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់នៅ​ក្នុង​ការ​ដោះ​ដូរ​ការ​បន្ធូបន្ថយខាង​សេដ្ឋកិច្ច។ប្រធានាធិបតី​អ៊ីរ៉ង់​បាននិយាយ​ថា ​លោក​រំពឹង​ថា ​ប្រទេស​នានា​នៅ​អឺរ៉ុប​នឹង​បញ្ចេញ​កម្មវិធី​នៃ​វិធានការណ៍​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​ដែលត្រូវ​បាន​រចនា​ឡើង​ដើម្បី​រក្សា​កិច្ច​ព្រម​ព្រៀង​នោះ​នៅ​រស់​រាន​មាន​ជីវិត។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ ​បាន​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​កាល​ពី​ខែ​ឧសភា។ ភាគី​ផ្សេង​ៗ​ទៀត​ក្នុង​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​នោះ​និយាយ​ថា ​ពួកគេ​នៅ​តែ​តាំង​ចិត្ត​ដល់​កិច្ច​ព្រម​ព្រៀង​នោះ​ហើយ​បាន​សម្តែង​នូវ​ការ​រកាំ​ចិត្ត​យ៉ាង​ខ្លាំង​អំពី​ការ​ដក​ខ្លួន​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នេះ។

សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ប្រកាស​ថា ​ខ្លួន​នឹង​ដាក់​ទណ្ឌកម្ម​ឡើង​វិញ​លើ​ផ្នែក​ថាម​ពល​និង​ធនាគារ​របស់​អ៊ីរ៉ង់​ដោយ​និយាយ​ថា រដ្ឋាភិបាល​អ៊ីរ៉ង់​ចាំ​បាច់​ធ្វើ​ការ​ផ្លាស់​ប្តូរ​ឥរិយាបទ​របស់​ខ្លួន​ហើយ​ត្រូវ​ធ្វើ​ជា​ប្រទេស​ធម្មតា៕ ប្រភព៖ VOA