ដោយ​ជំនួប​កំពូល​លើក​ដំបូង​ដែល​ត្រូវគេ​រំពឹង​យ៉ាងខ្លាំង​រវាង​ប្រធានា​ធិបតីសហ​រដ្ឋអាមេ​រិក ដូណាល់ ​ត្រាំ​ និង​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅថ្ងៃ​ទី១៦ ​ខែ​កក្កដា​នេះ ​គណៈប្រតិភូ​សភា​សហរដ្ឋ​អាមេរិក​បាន​ទៅ​ដល់ទីក្រុង​មូស្គូ​ដើម្បី​ចរចា​បាន​សម្តែង​នូវក្តី​សង្ឃឹម​សម្រាប់ «ថ្ងៃ​ថ្មី» ​ក្នុង​ទំនាក់​ទំនង​ទ្វេ​ភាគី។​

សមាជិក​ព្រឹទ្ធសភា Richard Shelby ខាង​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ Alabama ​ដែល​បាន​ថ្លែង​នៅមុខ​ម៉ាស៊ីនថតរូប​មុន​ជំនួប​ជាមួយ​លោក Sergey Lavrov ​រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី​ថា «យើង​មក​ទី​នេះដោយ​បាន​ដឹងថា ​យើង​មាន​ទំនាក់​ទំនង​ដ៏​លំបាក​មួយ ​ក៏ប៉ុន្តែ ​យើង​អាច​មាន​ទំនាក់​ទំនង​ប្រសើរ​ឡើង​រវាង​សហ​រដ្ឋ​អាមេរិក​និង​ប្រទេស​រុស្ស៊ី»។

លោក Shelby បាន​និយាយ​ទៀត​ថា «ពីព្រោះ​តែ​យើង​មាន​ផលប្រយោជន៍​រួម​នៅ​ជុំវិញ​ពិភពលោក​ដែល​យើង​អាច​សង្ឃឹម​ធ្វើ​ការ​ជាមួយ​គ្នា។ យើង​អាច​ជា​គូ​ប្រកួ​ត​ប្រជែង​យើង​ជា​គូ​ប្រកួតប្រជែង ​ក៏ប៉ុន្តែ ​យើង​មិន​ចាំបាច់​ជា​គូសត្រូវ​នោះ​ទេ»។ លោក Shelby និយាយ​បន្ត​ទៀត​ថា «ដូច្នេះ យើង​សង្ឃឹម​ថា ចេញ​ពី​ជំនួប​រវាង​ប្រធានា​ធិបតី Putinនិង ប្រធានា​ធិបតី​ត្រាំ​ក្នុង​ទីក្រុង Helsinki នឹង​ក្លាយ​ជា​ការ​ចាប់​ផ្តើមមួយ ​ប្រហែល​ជា​ថ្ងៃ​ថ្មី​មួយ»។

គណៈ​ប្រតិភូ​សហរដ្ឋ​អាមេរិក​ដែល​មាន​សមាជិក​៨នាក់ ​បាន​ស្ថិត​នៅ​ក្នុង​ទីក្រុង​នោះដើម្បី​និយាយ​ជាមួយ​សមាជិក​សភា​ជាន់​ទាប​និង​ជាន់​ខ្ពស់​របស់​រុស្ស៊ី ​ដែល​ជាផ្លាស់​ប្តូរ​ដោយ​ផ្ទាល់​លើក​ទី១​រវាង​សមាជិកសភាមក​ពី​ប្រទេស​ទាំង២​ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក។

ភាគីទាំង២​ប្រាប់​ឲ្យ​ដឹងថា ​ការ​ពិភាក្សា​រួមមាន​ប្រធានបទ​នានា​ដូចជា​បញ្ហា​ប្រ​ទេស​ស៊ីរី ​អ៊ុយក្រែន ​ការ​ចោទ​ប្រកាន់​ពី​ជ្រៀត​ជ្រែកការ​និង​សេដ្ឋ​កិច្ច​រុស្ស៊ី ​ជា​ប្រ​ធាន​បទ​ថ្មីៗ​ដែល​បាន​លើក​ឡើង​ដោយ​លោក Shelby ​ថ្វីបើ​មានការ​ដាក់​ទណ្ឌ​កម្ម​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​រុស្ស៊ី​ដោយសារ​សកម្មភាព​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន៕ ប្រភព៖ VOA