នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី លោក​អតីត​នាយករដ្ឋមន្រ្តី​ណាហ្ស៊ីប រ៉ាហ្សាក់​ត្រូវ​បាន​ចាប់​ខ្លួន​នា​ថ្ងៃ​អង្គារ ទី៣ កក្កដា​ក្នុង​បទ​ពុករលួយ។ ការ​ចាប់​ខ្លួន​លោក​រ៉ាហ្សាក់​បាន​ធ្វើ​ឡើង​ដោយ​ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ និង​ក្នុង​ក្របខណ្ឌ​នៃ​ការ​ស៊ើបអង្កេត​ពី​បទ​លួច​លុយរដ្ឋ​តាម​រយៈ​ក្រុមហ៊ុន​សាធារណៈ​មួយ​ក្រោម​ឈ្មោះ ធនាគារ​អភិវឌ្ឍន៍​ម៉ាឡេស៊ី​ទីមួយ 1MDB។ ក្រុមហ៊ុនរដ្ឋ​មួយ​នេះ​ត្រូវ​បាន​លោក​រ៉ាហ្សាក់​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៩ ដែល​ជា​ឆ្នាំ​នៃ​ការ​ចូលកាន់​តំណែង​ប្រមុខ​រដ្ឋាភិបាល។

Loading...

លោក​ណាហ្ស៊ីប រ៉ាហ្សាក់​ត្រូវ​បាន​កម្លាំង​នៃ​ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​ចុះ​ចាប់​ដល់​គេហដ្ឋាន​របស់​លោក រួច​បាន​បញ្ជូន​ទៅ​កាន់​ទីស្នាក់ការ​ប្រឆាំង​អំពើពុករលួយ​នា​វេលា​ម៉ោង ៣ និង​១០នាទី​រសៀល​ម៉ោង​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ ការ​ចាប់​ខ្លួន​អតីត​នាយករដ្ឋមន្រ្តី​រូប​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ការ​ស៊ើបអង្កេត​ពី​បទ​សង្ស័យ​លួយ​លុយរដ្ឋ​ប្រមាណ​ជា ៦៤០លានអឺរ៉ូ​តាម​រយៈ​ក្រុមហ៊ុនរដ្ឋ​មួយ​មាន​ឈ្មោះ ធនាគារ​អភិវឌ្ឍន៍​ម៉ាឡេស៊ី​ទីមួយ 1MDB។ ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ​ត្រូវ​បាន​លោក​រ៉ាហ្សាក់​បង្កើត​ក្នុង​ឆ្នាំ ២០០៩ ពោល​បន្ទាប់​ពី​លោក​ទើប​ចូល​កាន់​តំណែង​នាយករដ្ឋមន្រ្តី។

នៅ​ក្នុង​ខែ​ឧសភា​កន្លង​ទៅ​ថ្មីៗ​នេះ និង​ក្នុង​ក្របខណ្ឌ​នៃ​ការ​ស៊ើបអង្កេត​ដូច​គ្នា​នេះ កម្លាំង​ប៉ូលិស​បាន​ចុះ​ទៅ​ឆែកឆេរ​ក្នុង​ផ្ទះ​លោក​រ៉ាហ្សាក់ ហើយ​រឹបអូស​បាន​កាបូក​យួរដៃ​ម៉ាក​ល្បីៗ​ជា​ច្រើន​របស់​ប្រពន្ធ​ដែល​ដាក់​ពេញ​ដោយ​គ្រឿងអលង្ការ និង​លុយកាក់​ដែល​មាន​តម្លៃ​សរុប​ប្រមាណ​ជា ២៣៤លានអឺរ៉ូ។ សូម​ជម្រាប​ជូន​ថា គឺ​រឿងរ៉ាវ​ដែល​បាន​ធ្វើ​ឲ្យ​កក្រើក​មជ្ឈដ្ឋានមហាជន​ទូទៅ​នៅ​ម៉ាឡេស៊ី​អស់​ជា​ច្រើន​ឆ្នាំ​មួយ​នេះ​ឯង​ដែល​បាន​ធ្វើ​ឲ្យ​លោក​រ៉ាហ្សាក់ រួម​ទាំង​គណបក្ស​របស់​លោក​ចាញ់​ឆ្នោត​យ៉ាង​ដំណំ​នា​ការ​បោះឆ្នោត​សភា​កាល​ពី​ថ្ងៃទី១០ ឧសភា។

រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក​ម៉ាហាទៀរ ម៉ូហាម៉ាដ​អាយុ៩២ឆ្នាំ​ក៏​បាន​ប្រកាស​ពី​បំណង​ចង់​ប្រមូល​លុយ​ដែល​លោក​រ៉ាហ្សាក់​បាន​លួច​បង្វែរ​ពី​ធនាគារ​អភិវឌ្ឍន៍​ម៉ាឡេស៊ី​ទីមួយ និង​ដែល​សព្វថ្ងៃ ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ​កំពុង​ជំពាក់បំណុល​ប្រមាណ​ជា ១០ ០០០លានអឺរ៉ូ។ ក្រៅ​ពី​បើក​ការ​ស៊ើបអង្កេត​នៅ​ម៉ាឡេស៊ី រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង​ធនាគារ​អភិវឌ្ឍន៍​ម៉ាឡេស៊ី​ទីមួយ​នេះ​ក៏​មាន​ការ​បើក​ស៊ើបអង្កេត​នៅ​បរទេស​ដែរ ពិសេស​ក្នុង​ប្រទេស​សិង្ហបុរី ស្វ៊ីស និង​នៅ​អាមេរិក។ លោក​ណាហ្ស៊ីប រ៉ាហ្សាក់​នឹង​ចោទប្រកាន់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ ទី៤ កក្កដា នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​បាន​ផ្សាយ​ថ្ងៃ​អង្គារ ទី៣ កក្កដា៕ ប្រភព៖ RFI