កូនក្មេងថៃ ទាំង​១២នាក់ និង​គ្រូ​បង្វឹក ដែល​បាន​បាត់ខ្លួន ក្នុង​រូងភ្នំ នៅ​ខេត្ត ឈៀងរ៉ៃ ប្រទេស​ថៃ អស់ ៩​ថ្ងៃ​មក​ហើយ ត្រូវ​បាន​គេរ​កឃើញ នៅ​រស់រាន​មាន​ជីវិត​ទាំងអស់។ នៅ​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ គឺ​អ្នកជំនាញ​មុជទឹក​អង់គ្លេស ដែលបាន​ប្រទះ​រកឃើញ ក្មេងៗ ដែល​ប្រមូលផ្តុំគ្នា នៅលើ​ទីទួល ខ្ពស់ពីជន់លិច ក្នុង​រូងភ្នំ។ ជាតិ​ថៃ ជាពិសេស​ឪពុកម្តាយ របស់ក្មេង​បាត់ខ្លួន ត្រេកអរ​ខ្លាំង​នឹង​ដំណឹងនេះ ប៉ុន្តែ កិច្ចការ​ការងារ​ត្រូវ​ធ្វើ​បន្ត គឺ​ការរំដោះ​​យក​ក្មេងៗ ទាំងនោះ​ចេញពី​រូងភ្នំ ដែលច្រកឆ្លងកាត់​ជាច្រើន កំពុង​ជន់លិច​ដោយ​​ទឹកភ្លៀវ​មូសុង។

ក្មេង​ថៃ ទាំង​១២រូប ហើយ​និងគ្រូបង្វឹក​បាល់ទាត់ ត្រូវ​បាន​អ្នក​មុជទឹក​អង់គ្លេស រក​ឃើញ កាល​ពី​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ បន្ទាប់​ពី​បាត់ខ្លួន អស់ ៩​ថ្ងៃ នៅក្នុង​រូងភ្នំ នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ។ ក្តីសង្ឃឹម​ថា នឹង​ស្វែងរក​ឲ្យ​ឃើញ​កូនក្មេង​ថៃ សឹង​តែ​លែង​មាន​ទៅហើយ ក្រោយ ពី​ការរុករក​យ៉ាងសកម្ម ជាង១សប្តាហ៍ ប៉ុន្តែ គ្មាន​លទ្ធផល​អ្វី។

ជនជាតិ​អង់គ្លេស​ដែល​បានស្វែង រកឃើញ ក្មេងថៃ នៅក្នុង​រូងភ្នំ គឺ​ជា​ក្រុមជួយសង្រ្គោះ ដែល​មាន​ជំនាញ​ខាង​មុជ​ទឹក របស់​ក្រុមប្រឹក្សា ជួយ​សង្រ្គោះ​អង់គ្លេស។ ក្រុមនេះ បាន​ស្ម័គ្រចិត្ត ចូលជួយ ទៅតាម​ការអំពាវនាវ​របស់​កងទ័ព​ថៃ នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។

កន្លងមក គេ​ជឿ​ថា ក្មេងៗ​ដែល​បាត់ខ្លួន អាច​ទៅនៅ ទីតាំង​ខ្ពស់មួយ ​នៅល្អាង​ដែល​មាន​ឈ្មោះ​ថា ឆ្នេរប៉ាត់តាយ៉ា ព្រោះថា ល្អាងនោះ​ធំ ដែល​ដែល​អាច​ផ្តល់​ជំរក សុវត្ថិភាព​ដល់ក្មេងៗ ប៉ុន្តែ អ្វី​ដែល​គេ​នឹកមិន​ស្មានដល់ គឺ​ថា សូម្បី​តែ​ល្អាងធំ​នោះ ក៏​ត្រូវ​ទឹកភ្លៀង ជន់លិចដែរ។ នៅថ្ងៃ​ម្សិលមិញ អ្នកជំនាញ​មុជទឹក​អង់គ្លេស បាន​ទៅ​រកឃើញ​ក្មេងៗ ក្នុង​រូបរាង​ស្គម ប៉ុន្តែ នៅ​មាន​ជីវិត​អស់ និង​កំពុង​ផ្តុំ​គ្នា នៅ​លើ​ទីតាំង​ទួល​មួយ ខ្ពស់ ពី​ទឹកជំនន់។ ទីតាំង​ដែល​គេ​រកឃើញ​ក្មេងៗ ស្ថិតនៅចម្ងាយ​ប្រមាណ ​៤០០​ម៉ែត្រ ហួស​ឆ្ងាយ ពី​ល្អាង ឆ្នេប៉ាតាយ៉ា​នេះ ទៅទៀត។ ជារួម កន្លែង​ដែល​អ្នកមុជទឹក​អង់គ្លេស បាន​រក​ឃើញ កូនក្មេង​ថៃ ហើយ​និង​គ្រូបង្វឹក ទាំង ១៣នាក់ ស្ថិតនៅ​ចម្ងាយ ប្រមាណ ៤ គីឡូម៉ែត្រ ពី​ច្រកចូល​របស់​ល្អាង ឬ​នៅ​ប្រមាណ ២​គីឡូម៉ែត្រ​ពី​ទីតាំង របស់​កងទ័ព​ថៃ ដែល​បាន​បោះជំរំ នៅក្នុង​រូងភ្នំ សម្រាប់​ប្រតិបត្តិការ​ស្វែងរក​កូន​ក្មេងថៃ។

រក​ឃើញ​ក្មេងៗហើយ ប៉ុន្តែ​ប្រតិបត្តិការ​រំដោះ យក​ក្មេងៗ ត្រូវការពេលវេលា​យូរទៅទៀត

នៅយប់​ថ្ងៃចន្ទ​ម្សិលមិញ នៅពេលបាន​ជួប​អ្នកមុជទឹក​អង់គ្លេស លើកដំបូង ក្មេង​ម្នាក់​ក្នុង​ចំណោម ១២​នាក់ បាន​សួរថា តើ​ពួកគេ​អាច​ចេញទៅ​ក្រៅ​រូងភ្នំ​បាន​នៅពេលនេះ? អ្នកមុជទឹក​អង់គ្លេស​ម្នាក់ បាន​ឆ្លើយតបថា ពួកគេ​ត្រូវ រង់ចាំ សិន។ ប៉ុន្តែ អ្នកមុជទឹក​អង់គ្លេស​បាន​និយាយ​ធានា​បញ្ជាក់​ប្រាប់​ក្មេងៗ​ទាំងនោះថា នឹង​មាន​មនុស្ស​ជាច្រើន ដែល​នឹង​ត្រលប់​មក​ជួយ ពួកគេ។

សម្រាប់​អភិបាលខេត្ត​ឈៀងរ៉ៃ ដែល​មាន​នាទី​ផងដែរ​ ជា​ប្រធាន​ក្រុមជួយសង្រ្គោះបន្ទាន់ ប្រតិបត្តិការ​រំដោះ​យក​ក្មេងៗ ដែល​កំពុង​ជាប់កុន ក្នុង​រូងភ្នំ ត្រូវការពេលវេលា​យូរ​ទៅទៀត អាច​រាប់ខែ បើ​មើល​ទៅលើ​ស្ថានភាព​លិចទឹក ក្នុង​រូងភ្នំ សព្វថ្ងៃ។ ពោល គឺ​ពួកគេ​ទាំង១៣នាក់ នៅ​មិនទាន់​អាច​យក​ចេញពី​ក្នុង​រូង​ភ្នំ​ភ្លាមៗ​នៅឡើយ​ទេ ដោយ​រង់ចាំ រហូត​ទាល់តែ​ពួកគេ​មាន​សុខភាព​គ្រប់គ្រាន់​សិន។

ការងារ​ចំបង​ដែល​ ក្រុមជួយ​សង្រ្គោះ ត្រូវ​ធ្វើ នៅ​ពេលនេះ គឺ នាំ​យក​ស្បៀង អាហារ និង​ថ្នាំពេទ្យ សម្រាប់​ទៅ​ពង្រឹង​សុខភាព​របស់​ក្មេង ជាមុនសិន។ គ្រូពេទ្យ​ទាហាន​ដែលមាន​ជំនាញ​ខាងមុជទឹក បាន​ចេញ​ដំណើរ រួចហើយ នៅថ្ងៃ​អង្គារ​នេះ ទៅ​ពិនិត្យ​សុខភាព​របស់​ពួកគេ​ទាំង១៣​នាក់ ចំណែក​ការផ្តល់​អាហារ ដល់​ក្មេងៗ នឹង​ត្រូវ​គេ​ធ្វើដោយ​សន្សឹមៗ ដើម្បី​កុំ​ឲ្យ​ពួកគេ ដែល​ដាច់អាហារ និង​ទឹក អស់ជាច្រើនថ្ងៃ នៅក្នុង​រូងភ្នំ អាច​ប្រឈម នឹង​ជម្ងឺ អួលបាយ។ តាម​ប្រភព​កងទ័ព​ថៃ គេ​នឹង​ត្រៀម​ផ្តល់​ស្បៀង​សម្រាប់ រយៈពេល យ៉ាងតិច ៤​ខែ ពីព្រោះ ​ប្រតិបត្តិការ​សង្រ្គោះ​យក​ក្មេងចេញពី​រូងភ្នំ ដែល​ត្រូវការ ពេល វេលា ​ជាច្រើន​សប្តាហ៍ ឬ​អាច​ដល់ច្រើន​ខែ។

រូងភ្នំ ដែល​ក្មេងៗថៃ ទៅ​ជាប់កុន នេះ គឺ​ក្រវិចក្រវៀន និង​ចុះឡើង​ខ្លាំង​ណាស់។ នៅ​រដូវប្រាំង បើ​គ្មាន​ទឹកភ្លៀង គេ​ត្រូវ​ចំណាយពេល​ដើរ​ចុះ ឬក៏ ឡើង ដល់​ទៅ​៥ម៉ោង ទម្រាំ​ដល់​ល្អាងធំ​សំខាន់​របស់​រូងភ្នំ គឺ​ប្រហាក់​ប្រហែល​នឹង​កន្លែង ដែល​ក្មេងៗ កំពុង​នៅ​ជាប់គាំង នៅពេលនេះ។

អ្វី​ដែល​ជា​ឧបសគ្គ​ចំបង​សម្រាប់​ក្រុមជួយ​សង្រ្គោះ នៅពេលនេះ គឺ​ទឹកភ្លៀង ដែល​បាន​ជន់លិច អស់​ល្អាង ជាច្រើន។ ទោះបី​ជាមាន​អ្នកជំនាញ​មុជទឹក ច្រើននាក់ ក៏​គេ​មិនអាច​បញ្ជូន​ឲ្យ​ទៅ ហែល​ជ្រមុជ ចូល​ទៅ​សណ្តោង យក​ក្មេងៗ​នោះ​ចេញមក​បាន​ភ្លាម​នោះ​ទេ។ នាំយក​ក្មេងៗ ដែល​គ្មានប​ទពិសោធន៍ មុជទឹក ទាល់​តែសោះ ឲ្យ​ហែល ជ្រមុជ ក្នុង​ទឹកហូរ​ខ្មួលខ្មាញ់ រាប់ម៉ោង នៅ​ក្នុង​ល្អាង​ភ្នំ ដ៏​សែនងងឹត និង​ក្រវិចក្រវៀន ឡើងចុះ ដូចជា​ផ្នត់ពោះវៀន គឺ​ជា​រឿង​ប្រថុយ​គ្រោះថ្នាក់​ខ្លាំងណាស់។

គេ​នឹង​បង្រៀន​ឲ្យ​ក្មេងៗ​ចេះ​មុជទឹក​ក្នុង​ទឹក ដើម្បី​ហែល​ឆ្លងចេញ​ពី​ល្អាងភ្នំ

ទី១ គេ​ត្រូវ​បញ្ជូន​ក្រុមជួយសង្រ្គោះ ឲ្យ​ទៅ នៅ​ជាមួយ ក្មេងៗ ដើម្បី ពង្រឹង​សុខភាព​របស់​ក្មេងៗ ឲ្យ​រឹងមាំ​សិន។ បន្ទាប់មក គេ​ត្រូវ​បង្រៀន​ឲ្យ​ពួកគេ ចេះ​ជ្រមុជ​ហែល​ទឹក ឲ្យ​បាន​ស្ទាត់​ជាមុន​សិន មុន​នឹង​សម្រេច​ត្រូវ​ហែល​ចេញពី​ល្អាងលិចទឹក ក្នុង​រូងភ្នំ។ ក្នុង​ពេល​បង្រៀន​នេះ​ទៀត​សោត កងទ័ព​នឹង​នៅ​តែ​បន្ត ប្រើ​ម៉ាស៊ីន​បូមទឹក​ចេញពី​រូងភ្នំ ក្នុង​ក្តីសង្ឃឹមថា នឹង​កាត់បន្ថយ​កន្លែងលិចទឹក និង​ដើម្បី​ឲ្យ​ក្មេងៗ​អាច​ដើរចេញមកបាន។ ប៉ុន្តែ ជម្រើសបូមទឹក ឲ្យ​ស្ងួត​ល្អាង គឺ​ពិបាក​នឹង​ធ្វើទៅបាន ព្រោះថា ទឹក​អាច​ឡើង​លឿន​ ​នៅ​ក្នុង​រូងភ្នំ ដោយសារ​តែ​ភ្លៀង​រដូវវស្សា ដែល​កំពុង​ចាប់ផ្តើម ពីពេលនេះ រហូត​ដល់​ខែ កញ្ញា ឬ​តុលា។

ជម្រើស​មួយទៀត ដែល​ត្រូវ​ការពេលវេលា​យូរដែរ គឺ ការស្វែង​ច្រក​ផ្លូវ ចូលថ្មី ​ទៅ​រូងភ្នំ តាមរយៈ អណ្តូង នៅលើ​ខ្នងភ្នំ។ ប៉ុន្មាន​ថ្ងៃ​នេះ ទាហាន​ថៃ បាន​ស្វែងរក​ឃើញ​ច្រក​ជាច្រើន​កន្លែង នៅ​លើ​ខ្នងភ្នំ ប៉ុន្តែ គេ​នៅមិនទាន់ដឹងថា តើ​ច្រកចាក់​ទទឹង​ពីលើ​ខ្នងភ្នំ នឹង​អាច​ត្រូវ​គេ​ប្រើប្រាស់ ដើម្បី​ចូល​ទៅ​សង្រ្គោះ ពួកក្មេងៗ បាន​ដែរ​ឬ​ក៏​អត់​នោះទេ។ យ៉ាងណា​ដ៏ដោយ ក្រុមទាហាន​ថៃ បាន​កាប់ឆ្កា រួចហើយ ព្រៃ នៅ​ច្រក​ចូល ពី​លើភ្នំ សម្រាប់​ធ្វើ​ជា​កន្លែងចុះចត​របស់​ឧទ្ធម្ភាគចក្រ ជួយសង្រ្គោះ​ក្រុមក្មេងៗ៕ ប្រភព៖ RFI