អាជ្ញាធរ ​ទើប​​​បាន​​ជូន​​ដំណឹង​​ជា​​លើក​​ទី​​មួយ​​ ថា​​នឹង​​ជួប​ជាមួយ​​អ្នក​​ទទួល​​ខុសត្រូវ​​​នៃ​​​បណ្តាញ​​​សង្គម​​នានា​​​​ជាពិសេស ​​WhatsApp​។​ គោលដៅ​​គឺ​​​​​ដើម្បី​​​សុំ​​​​អោយ​​​បណ្តាញ​​សង្គម​​ទាំង​នេះ ​​​​បញ្ចេញ​​​សកម្មភាព​​​ប្រឆាំងទប់​​​ទល់​​​​នឹង​​​ពាក្យ​​​ចចាម​អារ៉ាម​។​​ ជា​វិធានការ​​​មួយ​​​ដែល​​​​​​ធ្វើ​​​​​ឡើង​​​បន្ទាប់​ពី​​​ការ​​​ចាប់​​ខ្លួន​​​ជន​​​​ ២៣ ​​​នាក់​​​​ដែល​​​ជាប់​​​សង្ស័យ​​​ពី​​​​បទ​​​ឃាតកម្ម​​​​​​​ជន​​​ចំនួន​​​៥​​​នាក់​។​​​​ ជន​រងគ្រោះ​ទាំង​​​នោះ​ ​​ត្រូវ​​​​បាន​​​​គេ​​​​ចោទ​​​​ប្រកាន់​​​ដោយ​​​​គ្មាន​​​​ភស្តុតាង​​​​ ​ថា​​​ជា​​ពួក​​​អ្នក​​​ចាប់​​​ជម្រិត​​​កូន​​​ក្មេង​។​​ ​ជា​ជន​រងគ្រោះ​​​លើក​​ចុង​ក្រោយ​​​ដោយ ​រលក​នៃ​ ​​​​​ពាក្យ​​ចចាម​​អារ៉ាម​​​​នារយៈ​ពេល​​​​កន្លង​ទៅ​​នេះ​​​និង​​ដែល​​បាន​​បណ្តាល​​ឲ្យ​​​មនុស្ស​​ស្លាប់​​ជាង ​​២០​​នាក់​ហើយ​​​​​ចាប់តាំង​​ពី​​ជាង​​១​​ខែ​​កន្លង​​ទៅ​នេះ។​ ពាក្យ​ចចាម​អារ៉ាម​​​ដែល​​​​​ត្រូវ​​​បាន​​​ផ្សព្វផ្សាយ​​ដោយ​​​បណ្តាញ​សង្គម ​WhatsApp ។​

រដ្ឋាភិបាល​ឥណ្ឌា​នឹង​​ជួប​ជាមួយ​អ្នក​ទទួល​ខុសត្រូវ​​របស់​បណ្តាញ​សង្គម​នានា​​ដូច​ជា Facebook, Twitter ជាពិសេស​ Whats App ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ គោលដៅ​នៃ​ជំនួប​នេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​យល់​ថា ​បណ្តាញ​សង្គម​ទាំង​អស់​នេះ ក៏​ជា​អ្នក​ទទួល​ខុស​ត្រូវ​មួយ​ចំណែក​ដែរ​នៅ​លើ​ការផ្សព្វផ្សាយ​សារ​នានា​នៅ​លើ​បណ្តាញ​សង្គម​​ខ្លួន។ ទន្ទឹមនេះ រដ្ឋាភិបាល​ឥណ្ឌា ក៏បាន​សុំ​ឲ្យ​​​អ្នក​ទទួលខុសត្រូវ​នៃ​​បណ្តាញ​សង្គម​ទាំង​អស់​ខាង​លើ​នេះ ​ធ្វើការ​​បញ្ចេញ​សកម្មភាព​នៅ​ខណៈ​ពេល​ដែល​សារទាំងនោះ ត្រូវ​​បាន​ប្រែ​ក្លាយទៅ​ជា​ពាក្យ​ចចាម​អារ៉ាម ​រហូត​ដល់​កើត​មាន​ឡើង​នូវ​អំពើ​ឃាតកម្ម​សម្លាប់​មនុស្ស។​

ម្យ៉ាងទៀត ការ​ត្រួតពិនិត្យ​ដោយ​ម័តធ្យ័ត្យ​បែប​នេះ​​ ​សំរាប់ Facebook ​និង Twetter​គឺ​អាច​ធ្វើ​ទៅ​បាន​ដោយ​បណ្តាញ​ទាំង​ពីរ​នេះ ​តែងតែ​​សហការណ៍​ជាមួយគ្នា​ជា​រឿយៗ​នៅ​លើ​ប្រធាន​បទ​បែប​នេះ តែ​ចំពោះ WhatsApp វិញ គឺ​មាន​ការ​ពិបាក​ខ្លាំង។

ក្នុងពេលនេះ ប៉ូលីស​ឥណ្ឌា បាន​ធ្វើការ​ដាក់​ពង្រាយ​កង​កម្លាំង​របស់​ខ្លួន​នៅ​តាម​ភូមិ​ជា​ច្រើន​កន្លែង​​ដើម្បី​ទប់​ប្រឆាំង​នឹង​ពាក្យ​ចចាម​អារ៉ាម​ផ្តេសផ្តាស​​ ក៏ប៉ុន្តែ​ជាទូទៅ ប្រជាជន​ឥណ្ឌា ពុំមាន​ការ​ទុកចិត្ត​ទៅ​លើ​ប៉ូលីសឥណ្ឌា​​ឡើយ ​ដោយ​ជួនកាលខ្លះ ពួក​គេ​បាន​គេច​ចេញ​ពី​ភូមិដា្ឋន​​នៅ​ពេល​ដែល​ប៉ូលីស​បាន​ធ្វើដំណើរ​មក​ដល់​​ភូមិ​របស់​ពួក​គេ។​​

ជាការពិត មកទល់នឹងពេលនេះ ទោះបីជា​អាជ្ញាធរ​ឥណ្ឌា បាន​ចាប់​ខ្លួន​ពួក​ឃាតករ​បាន​ចំនួន​រាប់​សិប​នាក់ក៏ដោយ​ក្តី​ ក៏ប៉ុន្តែ ក៏​ ​នៅ​តែ​មាន ​ការពិបាក​យល់ ​ដែរ ​ថា​តើ​អ្នកណា​មួយ​ ដែល​ជា​អ្នក​សាបព្រោះ​​ព័ត៌មាន​ក្លែងក្លាយ​ទាំង​អស់​នេះ​នៅតាម​​បណ្តាញ​សង្គម​ពាក់​ព័ន្ធ​ពី​​ការ​ចាប់ជម្រិត​កុមារៗ ​៕​​​​​​​​​​​​​​ ប្រភព៖ RFI