បន្ទាប់​ពី​ជួស​ជុល​រួច​ជា​ស្ថាពរ ផ្លូវ​ដែក​​ពី​ភ្នំពេញ​ទៅខេត្ត​ពោធិ៍សាត់ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​ហើយ នាព្រឹក​ថ្ងៃ​ពុធ ទី​០៤ ខែ​កក្កដា​នេះ​។ ការ​ដាក់​ឲ្យ​ដំណើរការ​នេះ បាន​បញ្ចប់​ជា​ស្ថាពរការ​​ស្ដារ​​ត​ភ្ជាប់​ផ្លូវ​ដែក​ភាគ​ខាង​ជើង​ប្រទេស​កម្ពុជា ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត ដែល​មាន​ប្រវែង​៣៨៦​គីឡូម៉ែត្រ។ ​ ពោល គឺ​ធ្វើ​ឲ្យខ្សែ​ផ្លូវ​ដែក​ភ្នំពេញ-ប៉ោយប៉ែត អាច​​ដំណើរការ​​បាន​ឡើង​វិញ​ទាំង​ស្រុង ក្រោយ​អាក់​ខាន​អស់​រយៈ​ពេល​ជាង​៤៥​ឆ្នាំ​។

Loading...

ផ្លូវ​ដែក​ពោធិ៍សាត់-ភ្នំពេញ មាន​ប្រវែង ១៦៦​គីឡូម៉ែត្រ ឆ្លង​កាត់​ខេត្ត​ពោធិ៍សាត់-កំពង់​ឆ្នាំង-កំពង់ស្ពឺ-កណ្តាល និង​រាជធានី​ភ្នំពេញ។ កំណាត់​ផ្លូវ​ដែក​ពី​ពោធិ៍សាត់-ភ្នំពេញ​នេះ អាច​បើក​បរ​បាន​ក្នុង​ល្បឿន​៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​​មាន​​ស្ថានីយ៍​ចំនួន​២០ ជា​អាថិ៍៖ ពោធិ៍សាត់-ទទឹង​ថ្ងៃ-កំរ៉ែង-បំណក់-ក្តុល-ក្រាំងស្គារ-រមាស-បារាំង-ក្រាំងល្វា​-មានក​-ត្បែងខ្ពស់-ដំណាក់ស្មាច់-ត្រាចទង-បាត់ដឹង-ទួលលៀប-ត្រពាំងត្នោត-សំរោង​-ផ្លូវបំបែក-ពោធិ៍ចិនតុង-ភ្នំពេញ។

លោក ស៊ុន ចាន់ថុល រដ្ឋ​មន្ដ្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​គូស​បញ្ជាក់​ថា ផ្លូវ​ដែក​ភាគ​ខាង​ជើង​នេះ គឺ​ជា​ផ្លូវ​សេដ្ឋកិច្ច​មួយ​ដ៏​មាន​សក្ដានុពល​ក្នុង​ការ​ដឹក​ជញ្ជូន​ផលិត​ផល​នានា​របស់​ប្រជាពលរដ្ឋ​ទៅ​កាន់​ទី​ផ្សារ​ក្នុង​តំបន់ និងជា​ពិសេស​គឺ​ទៅ​កាន់​ប្រទេស​ថៃ។ បើ​តាម​លោក​រដ្ឋ​មន្ដ្រី ផ្លូវ​ដែក​នេះ នឹង​អនុញ្ញាត​ឲុ្យ​ប្រជាពលរដ្ឋ​ដឹក​ទំនិញ​ពី​កម្ពុជា​ទៅ​ថៃ និង​ដឹក​ទំនិញ​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ ប្រកប​ដោយ​ភាព​ងាយ​ស្រួល សុវត្ថិភាព​ខ្ពស់ ​និង​ចំណាយ​តិច ខណៈ​ផ្លូវ​ដែក​នេះ​នឹង​ត្រូវ​ត​ភ្ជាប់​ជាមួយ​ផ្លូវ​ដែក​នៃ​ប្រទេស​ថៃ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​។ មួយ​ផ្នែក​ទៀត ផ្លូវ​នេះ​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍ គ្រោះ​ថា្នក់​ចរាចរណ៍ និង​ផ្ដល់​ការ​ប្រកួត​ប្រជែង​ក្នុង​វិស័យ​ដឹក​ជញ្ជូន។

សូម​បញ្ជាក់​ថា កំណាត់​ផ្លូវ​ដែក​ពោធិ៍សាត់-ភ្នំពេញ ត្រូវ​បាន​ស្ដារ​ឡើង​វិញ​ដោយ​ប្រើ​ប្រាស់​ថវិកា​ជាតិ​ចំនួន​​២៣.៤​លាន​ដុល្លារ ដើម្បី​ត​ភ្ជាប់​ទាំង​ស្រុង​ផ្លូវ​ដែក​ភាគ​ខាង​ជើង ភ្នំពេញ-ប៉ោយប៉ែត ដែល​មាន​ប្រវែង​៣៨៦​គ.ម។ ផ្លូវ​ដែក​ដែល​សាង​សង់​ក្នុង​សម័យ​អាណានិគម​និយម​បារាំង​នេះ ត្រូវ​បាន​បំផ្លិច​បំផ្លាញ​និង​បោះ​បង់​ចោល​ក្នុង​អំឡុង​ពេល​កម្ពុជា​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម ទសវត្សរ៍​ឆ្នាំ​១៩៧០ មុន​នឹង​រៀបចំ​ស្ដារ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ឡើង​វិញ​​ជា​បន្ត​បន្ទាប់ ជា​អាថិ៍៖ កំណាត់​ផ្លូវ​ដែក​ពី​ប៉ោយប៉ែត​ដល់​ក្រុង​សិរីសោភណ្ឌ ត្រូវ​បាន​បើក​ឲ្យ​ដំណើរការ​នៅ​ដើម​ខែ​មេសា​ឆ្នាំ​២០១៨, ​កំណាត់​ផ្លូវ​ពី​សិរីសោភណ្ឌ​ដល់​ក្រុង​បាត់​ដំបង ​ដំណើរការ​នៅ​ចុង​ខែ​មេសា, ពី​បាត់ដំបង​ដល់​ពោធិ៍សាត់ បើក​ដំណើរការ​នៅ​ថ្ងៃ​ទី​២៩​ឧសភា​, និងចុង​ក្រោយ​​ពី​ពោធិ៍សាត់​ដល់​​ភ្នំពេញ ​ដាក់​ឲ្យ​ដំណើរការនៅថ្ងៃ​ទី​០៤​​ខែ​កក្កដា​នេះ​។

សូម​រំឭក​ដែរ​ថា ការ​ស្ដារ​ផ្លូវ​ដែក​ពី​ប៉ោយប៉ែត​មក​ភ្នំពេញ ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​៧៧​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។ ក្នុង​នោះ ទឹក​ប្រាក់​ជាង​១៣​លាន​ដុល្លារ គឺ​ជា​ជំនួយ​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី ADB, ជាង​៦៣​លាន​ដុល្លារ ជា​ទឹក​ប្រាក់​របស់​រដ្ឋាភិបាល​កម្ពុជា, និង​ជំនួយ​ជា​ដែក​ពី​ម៉ាឡេស៊ី​ខ្លះ​ផង​៕ ប្រភព៖ RFI