ភ្នំពេញ —លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ប្រកាស​ថា​ គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ជា​អ្នក​កាន់​កាប់​ជោគ​វាសនា​របស់​ប្រទេស​កម្ពុជា​ ​និង​ថា​ ​មិន​មាន​គណ​បក្ស​ណា​មួយ​អាច​យក​ឈ្នះ​គណ​បក្ស​របស់​លោក​ ក្នុង​ការ​បោះ​ឆ្នោត​នៅថ្ងៃទី​២៩​ ​ខែកក្កដា​ ខាង​មុខ​នោះ​ទេ។​

ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជា​មួយ​កម្មករ-កម្មការិនី​រោងចក្រក្នុង​ស្រុក​អង្គ​ស្នួល​ ​ខេត្ត​កណ្តាល​ ​នា​ថ្ងៃ​ទី៤ ​ខែ​កក្កដា​នេះ​ ​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​ថ្លែង​ថា​ ​សន្តិភាព​ដែល​កម្ពុជា​កំពុង​មានគឺ​កើត​ឡើង​ដោយ​សារគណ​បក្ស​របស់​លោក​ ​ហើយ​ថា​ មិន​មាន​ក្រុម​ណា​មួយ​ដែល​កំណត់​វាសនា​កម្ពុជា​ ​ក្រៅ​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នោះ​ទេ។​

ថ្លែង​ទៅ​កាន់​កម្មករ-កម្មការិនី​ជាង​២​ម៉ឺន​នាក់​ ​លោក​នាយក​រដ្ឋ​មន្រ្តី ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ​ ​និង​បានប្រកាស​បន្ត​កាន់​អំណាច​១០ឆ្នាំ​ទៀត​នោះ​ បាន​បញ្ជាក់​ថា៖​

«រហូត​មក​ដល់​ថ្ងៃនេះ ​តើ​អ្នកណា​ដែល​កំពុង​កាប់កាប់​ជោគ​វាសនា​ប្រទេស​ជាតិ​នៅ​ពេល​នេះ? ​មិន​មែន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ​ហើយ​ក៏​មិនមែន​គណបក្ស​នយោបាយ​ណា​ផ្សេង​ក្រៅ​ពី​គណបក្ស​ប្រជា​ជន​នោះ​ទេ»។​

លោក​ ​ហ៊ុន សែន​ ​បន្ថែម​ដោយ​អរគុណ​កម្មករ-កម្មការិនី​ទុក​ជា​មុន ​សម្រាប់​ការ​បោះ​ឆ្នោត​ឲ្យ​លោក​បន្ត​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្រ្តីដឹក​នាំ​ប្រទេស​ ​ហើយថា​ ​ក្នុង​កាលៈទេសៈ​នេះគឺ​មាន​តែគណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ប៉ុណ្ណោះ​ដែល​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ខាង​មុខ។​

លោក​ ​ហ៊ុន សែន​ ​បញ្ជាក់​ថា៖​

«ពូ​មិន​ជឿថា​ ​មាន​គណ​បក្ស​ណា​ដែល​ប្រជែង​យក​ឈ្នះ​គណ​បក្ស​ប្រជាជន​ ​យក​ឈ្នះ​ពូ​នៅ​ក្នុង​កាលៈទេសៈ​នេះ​បាន​ទេ​ ​ព្រោះ​ប្រជាជន​ត្រូវ​ការ​សន្តិភាព​ ​ត្រូវ​ការ​អភិវឌ្ឍន៍​ ​ត្រូវ​ការ​ ​ហ៊ុន សែន​ ​រួម​ដំណើរ​ជា​មួយ​បន្ត​ទៀត»។​

នៅ​មុន​ការ​ចុះ​ឈ្មោះ​គណ​បក្ស​នយោបាយ​ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ ​លោក​នាយក​រដ្ឋ​មន្រ្តីតែង​អំពាវនាវ ​និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​បង្កើត​គណ​បក្ស ​និង​ចុះ​ឈ្មោះ​ដើម្បី​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៦ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី២៩​ ខែ​កក្កដា ​ឆ្នាំ​២០១៨​នេះ។​

ក្រោយ​មក​ ​គណ​បក្ស​នយោបាយ​ចំនួន​២០​ ​ដែល​រួម​មាន​ទាំង​គណ​បក្ស​កាន់​អំណាច​របស់​លោក ​ហ៊ុន សែន​ ​ផង​ ​បាន​ចុះ​ឈ្មោះ ​និង​ត្រូវ​បាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ​(គ.ជ.ប.)ទទួល​ស្គាល់ ​ដោយ​មិន​មាន​វត្ត​មាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ទេ។​

លោក​ ​មាស នី​ ​អ្នក​សិក្សា​ស្រាវជ្រាវការ​អភិវឌ្ឍ​សង្គម​ និង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ បាន​ប្រាប់​ VOA ​ថា ​ក្រោយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ មហា​ជនជាទូទៅ​ ទាំង​ជាតិ និ​ង​អន្តរជាតិ សុទ្ធ​តែ​បាន​ដឹង​ច្បាស់​រួច​ទៅ​ហើយ​ថា​ គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន ​នឹង​ឈ្នះ​ភ្លូក​ទឹក​ភ្លូកដី។​

លោក​មាន​ប្រសាសន៍​ថា៖​

«ទោះ​បី​ក្នុង​លក្ខខណ្ឌ​ណា​ក៏​ដោយ​ ​គឺ​យើង​មើល​ឃើញ​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៨​ ក្រោយ​ខែ​កក្កដា​នេះ ​មិន​មាន​គណ​បក្ស​ណា​មួយ​ ​ដែល​នឹង​អាច​មក​ប្រជែង​គណ​បក្ស​ប្រជាជន​បាន​ទេ ​ក្រោយ​ពីការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ទៅ។​ ​ហើយ​វា​នឹង​អាច​គណ​បក្ស​ដែល​កើត​ឡើង​ ​ឬ​រដ្ឋាភិបាល​ដែល​កើត​ឡើង ​ក្រោយ​ថ្ងៃ​២៩​ហ្នឹង ​នឹង​អាច​ជា​គណ​បក្ស ​ដែល​មាន​តែ​មួយ​ផង​ក៏​មិន​ដឹង។​ ​យើង​ចាំ​មើល ​អាច​មាន​ការ​ដឹក​នាំ​ដោយ​គណ​បក្ស​ប្រជាជន​តែ​ម្នាក់​ឯង»។​

ការ​បោះ​ឆ្នោត​អាណត្តិ​នេះ​កំពុង​ត្រូវ​បាន​ស្ថាប័ន​ជាតិ​ ​និង​អន្តរជាតិធំៗ​មួយ​ចំនួន​យល់​ឃើញ​ថា​ ជា​ការ​បោះ​ឆ្នោត​ដែល​មិន​មាន​ភាព​សេរី ​និង​យុត្តិធម៌ ​បន្ទាប់​ពី​គណ​បក្ស​ប្រឆាំង​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូ​ទាំងប្រទេស​ ​កាលពី​ឆ្នាំ​២០១៧​ ​ត្រូវ​បានតុលា​ការ​កំពូល​រំលាយ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ​ដោយ​ចោទ​ថា​ ​គណ​បក្ស​នេះ​បាន​ឃុបឃិតជា​មួយ​បរទេស​ រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក ​ហ៊ុន សែន។

សហ​រដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប​ បាន​ប្រកាស​ដក​ខ្លួន​ឈប់​គាំទ្រ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ​ដោយ​ថា ​ការ​បោះ​ឆ្នោត​នេះ​នឹង​មិន​មាន​ភាពសេរី ​និង​យុត្តិធម៌​នោះ​ទេ។​

មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​អះអាង​ថា ​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​គឺ​ធ្វើ​ឡើង​ទៅ​តាម​ច្បាប់ ​រីឯ​គ.ជ.ប.​ដែល​លែង​មាន​សមាជិក​មកពី​គណ​បក្ស​ប្រឆាំង​ បាន​អះអាង​ថា ​ខ្លួន​រៀបចំ​ការ​បោះ​ឆ្នោត​ទៅ​តាម​ច្បាប់​កម្ពុជា ​ដែល​មាន​ចែង​ជាធរមាន។

យ៉ាង​ណា​ក៏​ដោយ ​ទាំង​គ.ជ.ប.​ និង​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ សុទ្ធ​តែ​បាន​លើក​ឡើង​ថា ​ការ​បោះ​ឆ្នោត​នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក​ បើ​ទោះ​ជា​មិន​មាន​វត្ត​មាន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ​មិន​មាន​ការ​ចូល​រួម​សង្កេត​ការណ៍​របស់​ក្រុម​សង្គម​ស៊ី​វិល និង​មិន​មាន​ការ​ទទួល​ស្គាល់​លទ្ធ​ផល​ការ​បោះ​ឆ្នោត​ដោយ​បណ្តា​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​មួយ​ចំនួន​ក៏​ដោយ៕ ប្រភព៖ VOA