ជំនួប​សំណេះ​សំណាល​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​នឹង កម្មករ និយោជិក នៃ​វិស័យ​កាត់ដេរ និង​ដេរ​ស្បែក​ជើង នៅ​ថ្ងៃ​ទី​០៥ កក្កដា​នេះ គឺ​ជា​ជំនួប​ចុង​ក្រោយ​ហើយ មុន​ពេល​ការ​បោះ​ឆ្នោត​ឈាន​ចូល​មក​ដល់។ ការ​សម្រាក​ថ្លែង​សុន្ទរកថា​ទៅ​កាន់​កម្មករ​កាត់ដេរ របស់​ប្រមុខ​រដ្ឋាភិបាល ក៏​ដោយ​សារ ​តែ​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត មិន​អនុញ្ញាត​ឲ្យ​មាន​ជំនួប សំណេះ​សំណាល ដែល​ភ្ជាប់​ទៅ​ជាមួយ​នូវ​ជំនួយ​ឧបត្ថម្ភ។

Loading...

ចាប់​ពី​ថ្ងៃ​ស្អែក​ទៅ សុន្ទរកថា​ថ្មីៗ ដែល​ថ្លែង​ចេញ​ពី​ជំនួប រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​កម្មករ និយោជិក នៃ​វិស័យ​វាយនភ័ណ្ឌ កាត់ដេរ និង​ដេរ​ស្បែក​ជើង នឹង​លែង​ឮ​ទៀត​ហើយ។ ក៏​ប៉ុន្តែ ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ថ្ងៃ​ទី​២៩​កក្កដា​ខាង​មុខ លោក​នឹង​បន្ត​ថ្លែងការណ៍​ជាមួយ​កម្មករ​ឡើង​វិញ។

គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ លោក ហ៊ុន សែន ក្នុង​នាម​ប្រមុខ​រដ្ឋាភិបាល បាន​ជួប​សំណេះ​សំណាល​ជាមួយ កម្មករ និយោជិក រដ្ឋបាល​រោងចក្រ ចំនួន​៤៩​លើក និង​ជួប​កម្មករ​សរុប ជាង​៦៨​ម៉ឺន​នាក់។ ទាក់​ទង​ទៅ​នឹង​ជំនួប​រវាង​កម្មករ​នៃ​វិស័យ​កាត់ដេរ និង​ប្រមុខ​រដ្ឋាភិបាល​នេះ ត្រូវ​បាន​អ្នក​តាម​ដាន​សង្គម និង​ការងារ​កត់​សម្គាល់​ថា ជា​ឱកាស ដែល​ប្រមុខ​រដ្ឋាភិបាល បង្ហាញ​នូវ​ការ​ផ្ញើ​សារ​ចំនួន​៣​មុខ​ព្រួញ គឺ​ជា​ការ​ទាក់​ទាញ​ការ​គាំទ្រ​ផ្នែក​នយោបាយ ពី​សំណាក់ កម្មករ កម្មការិនី ជា​ឱកាស​ឆ្លើយ​តប ទៅ​នឹង​ក្រុម​ប្រឆាំង​នឹង​លោក និង​ចុង​ក្រោយ គឺ​ជា​សារ​ផ្ញើ​ដល់​ប្រជាពលរដ្ឋ​ស្តី​ពី​ការងារ​របស់​រដ្ឋាភិបាល និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។

ទោះ​យ៉ាង​ណា ក្រុម​អ្នក​សហជីព ដែល​មាន​និន្នាការ​ចំរុះ​ទទួល​ស្គាល់​ថា ជំនួប​ដែល​មិន​ដែល​មាន​កាល​ពី​អាណត្តិ​កន្លង​មក​របស់​លោក ហ៊ុន សែន ជាមួយ​កម្មករ គឺ​បាន​ផ្តល់​ផល​ចំណេញ​ជា​ច្រើន​ដល់​កម្មករ។ អត្ថប្រយោជន៍​សំខាន់​ទាំង​នោះ​រួម​មាន ការ​ជម្រុញ​ឲ្យ​មាន​ប្រាក់​ឈ្នួល​អប្បបរមា​១៧០​ដុល្លារ ក្នុង​១​ខែ សម្រាប់​កម្មករ​កាត់ដេរ។ ទទួល​បាន សេវា​ពិនិត្យ​សុខភាព និង​ព្យាបាល​ជំងឺ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥត​គិត​ថ្លៃ។ ទទួល​បាន​ការ​ជិះរ​ថយន្ត​ក្រុង​ដោយ​មិន​បង់​ប្រាក់។

ទទួល​ប្រាក់​ជំនួយ​ក្នុង​អត្រា​១២០% រយៈ​ពេល​៣​ខែ ចំពោះ​កម្មការិនី​សម្រាល​កូន​ហើយ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ​កម្មការិនី​ក៏​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ចេញ​ពី​ធ្វើ​ការ​មុន​ម៉ោង​យ៉ាង​តិច​១៥​នាទី។ និយោជក​ជា​អ្នក​បង់​ថ្លៃ​ធានា​រ៉ាប់រង បេឡាជាតិ​របប​សន្តិសុខ​សង្គម ជំនួស​កម្មករ។ ទទួល​បាន​ការ​សម្រួល​ក្នុង​ការ​បញ្ចុះ​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ផ្ទះ​ជួល ទទួល​បាន​របប​សោធននិវត្តន៍ និង​អត្ថប្រយោជន៍​ផ្សេង​មួយ​ចំនួន​ទៀត៕ ប្រភព៖ RFI