នៅវ៉េណេស៊ុយអេឡា លោក​ប្រធានាធិបតី ​ម៉ាឌុយ​រ៉ូ ​បាន​ស្នើ​ឲ្យ​កងទ័ព​ត្រៀម​ខ្លួន​ប្រយុទ្ធ​ទល់​នឹង​លោក​ប្រធានាធិប​អាមេរិក ​ដូណាល់ ត្រាំ ​ដែល​ចង់​វាយប្រហារ​វ៉ែឡេស៊ុយអេឡា។ ប្រតិកម្ម​របស់​លោក​ម៉ាឌូរ៉ូ​ពេល​នេះ​បាន​ធ្វើ​ឡើងបន្ទាប់​ពី​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​នៅ​អាមេរិក​ថា លោក​​ត្រាំ​មាន​គម្រោង​វាយប្រហារ​វ៉េណេស៊ុយអេឡា ​តាំង​ពី​រដូវក្តៅ​កន្លង​ទៅ។

Loading...

ប្រធានាធិបតីវ៉េណេស៊ុយអេឡា បាន​ស្នើឲ្យ​កងទ័ព​ឲ្យ​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ ហើយ​មិន​ត្រូវ​ទម្លាក់​ដៃ​សូម្បីតែ​មួយវិនាទី​ក៏ដោយ។ «យើង​ធ្វើ​នេះ គឺ​ដើម្បី​ការពារសេរីភាព​ក្នុង​ការ​រស់​នៅ​ដោយ​​សន្តិភាព​របស់​ស្រុក​ទេស​យើង»។ នេះជា​ការ​បញ្ជាក់​របស់​លោក​ នីកូឡា ​ម៉ាឌុយ​រ៉ូ នៅ​ថ្ងៃ​ពុធ ទី​០៤កក្កដា​​នេះ​ គឺ​ក្រោយ​ពី​បានលេចឮដំណឹងថា លោកប្រធានាធិបតីអាមេរិក​ពិត​ជា​មាន​ចេតនា​​ចង់វាយប្រហារវ៉េណេស៊ុយអេឡា។

ព័ត៌មាន​ធ្លាយ​ចេញពី​កាសែត​ Association Press និង​ទូរទស្សន៍​ CNN បាន​ឲ្យដឹងថា កាលពី​ខែ​តុលា​ឆ្នាំ​២០១៧ លោក ដូណាល់ ត្រាំ បាន​សាកសួរ​ទីប្រឹក្សា​ការទូត​របស់​គាត់ ចំពោះ​ទណ្ឌកម្ម​ដែល​ត្រូវ​ដាក់​លើវ៉េណេស៊ុយអេឡា និង​ចំពោះ​លទ្ធភាព​នៃការ​ធ្វើ​ប្រតិបត្តិ​ការ​យោធា​ចំពោះ​ប្រទេស​មួយ​នេះ​​។

សូម​ជ្រាបថា ក្រៅពី​ប្រាប់​ឲ្យ​កងទ័ព​ប្រុង​ប្រៀប​ខ្លួន ​ប្រធានាធិបតីវ៉េណេស៊ុយអេឡា ក៏​បាន​ទម្លាក់​កំហុស​ផង​ដែរ​ចំពោះ​បក្ស​ប្រឆាំងនៅ​​វ៉េណេស៊ុយអេឡា ដែល​ចូល​ដៃ​ជើង​ជាមួយ​អាមេរិក។ លោក​ នីកូឡា ​ម៉ាឌុយ​រ៉ូ បាន​ចោទ​សួរដែរ​​ថា តើ​វា​ជាការ​ចៃ​ដន្យ​ឬ​ដែល​អាមេរិក​ចង់​វាយវ៉េណេស៊ុយអេឡា? លោក​បាន​​ឆ្លើយ​ដោយ​ខ្លួន​ឯង​ថាមិន​មែន​ជា​ចេះដន្យ​ឡើយ ព្រោះថាការ​វាយ​​ប្រហារ​​យោធា​នេះ គឺ​អាច​នឹង​ឆ្មក់​យក​ធនធាន​ប្រេង​របស់​វ៉េណេស៊ុយអេឡាផង​។ លោក ​ម៉ាឌុយ​រ៉ូ ពន្យល់ថា អន្តរាគមន៍​យោធា គឺ​ពុំ​មែន​ជា​ដំណោះស្រាយសម​ស្រប​ឡើយ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី កង​ទ័ព​ទាហាន​របស់​​វ៉េណេស៊ុយអេឡា គឺ​ត្រៀម​ខ្លួន​ដោយ​មាន​ទំនួល​ខុសត្រូវ​ដើម្បី​ការពារ​ទឹក​ដី​របស់​ខ្លួន។​

ពី​ភាគី​អាមេរិក​វិញ ​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​របស់​សេត​វិមាន​អាមេរិក​ បាន​បញ្ជាក់អ្នក​កាសែត​ថា គ្មា​នប្រតិបត្តិ​យោធា​ណាមួយ​ទេ ក្នុង​រយៈ​ដ៏​ខ្លី​ខាង​មុខនេះ​ ហើយ​និងថា ការ​លើកឡើង​របស់​​វ៉េណេស៊ុយអេឡា គឺគ្រាន់តែ​ជា​ការ​បំប៉ោង​ដើម្បី​នយោបាយ​ប្រជាភិថុត​របស់​​វ៉េណេស៊ុយអេឡាតែប៉ុណ្ណោះ៕ ប្រភព៖ RFI