យោងតាម CNN បានចុះផ្សាយនៅថ្ងៃទី៦ កក្កដា នេះឲ្យដឹងថា ​អតីត​អ្នក​មុជទឹក​របស់​កងទ័ពជើងទឹក​ថៃ ដែល​បាន​ស្ម័គ្រចិត្ត​ជួយសង្គ្រោះ​ក្មេងប្រុស ១២ នាក់ និង​គ្រូបង្វឹក​របស់​ពួកគេ ពី​រូងភ្នំ​លិច​ទឹក Tham Luang នៅ​ខេត្ត​ឈៀង​រ៉ៃ ភាគ​ខាងជើង​ប្រទេស​ថៃ បាន​ស្លាប់ ។ នេះ​យោងតាម​មន្ត្រី​រដ្ឋាភិបាល​ឲ្យ​ដឹង ។​

Loading...

​បុរសរងគ្រោះ​នេះ​មានឈ្មោះ Samarn Kunan បាន​ស្លាប់​នៅវេលា​ម៉ោង ២ និង​០០ នាទី ព្រឹក​ថ្ងៃ​សុក្រ (​ម៉ោង​ក្នុង​តំបន់​) ដោយសារ​ខ្វះ​ខ្យល់​អុកស៊ីហ្សែន ខណៈ​គាត់​ព្យាយាម​វិលត្រឡប់​ទៅកាន់​មណ្ឌល​បញ្ជា​ក្រោម​ដី​វិញ ។ នេះ​បើតាម​អភិបាលរង​លោក Passakorn Boonyalak ។​

​មណ្ឌល​បញ្ជារ​នេះ ស្ថិតនៅ​ចម្ងាយ ២ គីឡូម៉ែត្រ នៅក្នុង​រូងភ្នំ ទីកន្លែង​ដែល​ក្រុម​ក្មេង​បាល់​១២​នាក់ និង​គ្រូបង្វឹក​របស់​ពួកគេ កំពុង​ជាប់គាំង​នៅក្នុង​នោះ អស់​រយៈពេល​ជិត​២​សប្តាហ៍​ហើយ ។​

​លោក Kunan ដែលមាន​វ័យ ៣៨ ឆ្នាំ បាន​កំពុង​វិលត្រឡប់​ពី​បញ្ជូន​ធុង​អុកស៊ីហ្សែន ទៅកាន់​ទីកន្លែង​ដែល​ក្មេងៗ​រងគ្រោះ​ទាំងនោះ ប៉ុន្តែ ជា​អកុសល ខណៈពេល​កំពុង​មុជទឹក​តាមផ្លូវ ស្រាប់​ធុង​អុកស៊ីហ្សែន​របស់គាត់​អស់ខ្យល់ ដែល​បាន​បណ្តាល​ឲ្យ​គាត់​ត្រូវ​ថប់ដង្ហើម​ស្លាប់​គួរ​ឲ្យ​អាសូរ​បំផុត ។​

​លោក Aphakorn Yookongkaew នាយ​ឧត្ដមសេនីយ៍​កងទ័ពជើងទឹក​បាន​ថ្លែងថា​៖ «​ការ​មុជទឹក​តែងតែ​ប្រឈម​នឹង​ហានិភ័យ​»​។ លោក​បាន​បន្ថែមថា «​គាត់​ប្រហែល​បាត់បង់​ស្មារតី ដែល​ធ្វើ​ឲ្យ​លង់ទឹក​តែម្តង ខណៈ​ពេល​វិល​ត្រឡប់​ទៅ​យក​ធុង​អុកស៊ីហ្សែន​ ​នៅមណ្ឌល​បញ្ជា​ នាវេលាម៉ោង១ ។ ប៉ុន្តែ យើង​ត្រូវ​រង់ចាំ​ការធ្វើ​កោសល្យវិច័យ​សិន​» ។​

​យន្តហោះ​យោធា​១​គ្រឿង នឹង​ដឹកយក​សាកសព​របស់គាត់​ពី ឈៀង​រ៉ៃ ទៅ​មូលដ្ឋាន​ទ័ពជើងទឹក Satthahip នៅ​ល្ងាច​សុក្រ ហើយៗ ពិធី​បុណ្យសព​របស់គាត់ ក៏​នឹងត្រូវ​ធ្វើឡើង​នៅ​ទីនោះ​ផងដែរ ៕